មក​ស្គាល់​ទីលាន​ហ្វូត​សាល​ស្តង់ដារ​ដំបូង​បំផុត​នៅ​កម្ពុជា

  • 2017-07-28 04:51:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់​ជាតិ​បាល់ទាត់​ក្នុង​សាល​ក្លៀ ឆ្នាំ​២០១៧ (CLEAR NATIONAL FUTSAL CUP 2017) ចាប់​ផ្ដើម​ចុង​សប្ដាហ៍​នេះ​នៅ CLEAR Arena at The Blue Sports Center ជា​ទីលាន​ហ្វូត​សាល​ស្តង់ដារ​ដំបូង​គេ​នៅ​កម្ពុជា។

តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​គ្រប់គ្រង​ទីលាន​មួយ​នេះ​ថា នេះ​ជា​ទីលាន​ហ្វូត​សាល​ដែល​មាន​លក្ខណៈ​ស្តង់ដារ​ដំបូង​នៅ​កម្ពុជា។ វា​មាន​ខ្យល់​បរិយាកាស​ល្អ​សម្រាប់​លេង​បាល់ទាត់ និង​អាច​កក់​តារាង​សម្រាប់​ប្រកួត​មិត្តភាព​ពេល​ថ្ងៃ ឬ​ពេល​យប់ ឬ​ក៏​ចុង​សប្ដាហ៍​ក៏​បាន។ ទីលាន​ដ៏​អស្ចារ្យ​នេះ​អាច​ផ្ទុក​ចូល​រួម​បាន​ប្រមាណ ៣០០ នាក់ ទៅ ៥០០ នាក់​ផង​ដែរ។

កាន់​តែ​អេម​នោះ គឺ​ទីលាន​នេះ មាន​បំពាក់​ផ្ទាំង​ស្គ្រីន​ដ៏​ធំ​សម្រាប់​បញ្ចាំង​ការ​ផ្សាយ​ផ្ទាល់​រាល់​ការ​ប្រកួត​របស់​ក្រុម​ជម្រើស​ជាតិ​បាល់​ទាត់​កម្ពុជា ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ជាមួយ​ប្រព័ន្ធ​ភ្លើង​ស្តង់ដារ និង​ប្រព័ន្ធ​បំពង​សំឡេង​ដ៏​ទំនើប ខណៈ​អ្នក​គាំទ្រ​ទាំង​អស់​អាច​មក​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​ទាំង​នោះ​លើ​ផ្ទាំង​អេក្រង់​ដ៏​ធំ ជាមួយ CLEAR នៅ The Blue Sports Center និង​មាន​ផាក​សុខភាព​មែន​ទែន។

ដើម្បី​ទៅ​ដល់​ទី​នោះ អ្នក​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ត្រឡោក​បែក​ពី​ក្រោម​ស្ពាន​អាកាស ៧ មករា ឆ្លង​កាត់​ផ្លូវ​រថភ្លើង និង​បន្ត​ធ្វើ​ដំណើរ​ឆ្លង​កាត់​ភ្លើង​ស្តុប​ពីរ (ភ្លើង​ស្តុប​ត្រឡោក​បែក និង​ភ្លើង​ស្តុប​បត់​ទៅ​ផ្សារ​ដី​ហុយ) រហូត​ដល់​ផ្លូវ​បែក​ឆ្វេង​ធំ​មួយ (មាន​ហាង​សួន​ធម្មជាតិ)។ បត់​តាម​ផ្លូវ​ឆ្វេង​ដៃ​នេះ បន្ត​ដំណើរ​ហួស​ទីលាន​បាល់​ទាត់​វេស្ទើន និង​បត់​ស្ដាំ​ដៃ​ដល់​ផ្លូវ​ទី​ពីរ រួច​បត់​ឆ្វេង​ប្រហែល​ជា ១០០ ម៉ែត្រ នឹង​ឃើញ CLEAR Arena at The Blue Sports Center។

ព្រឹត្តិការណ៍​ប្រកួត​ពាន​រង្វាន់​ជាតិ​បាល់ទាត់​ក្នុង​សាល​ក្លៀ ឆ្នាំ​២០១៧ នេះ នឹង​ដំណើរ​ការ​ប្រកួត​២​ដំណាក់​កាល។

ប្រកួត​ដំណាក់​កាល​ទី​១

ពាន​រង្វាន់​បាល់​ទាត់​ជាតិ​ក្នុង​សាល​ក្លៀ ឆ្នាំ​២០១៧ លើក​ដំបូង​នេះ មាន​ក្រុម​ចូល​រួម​ទាំង​អស់ ២០ ក្រុម​ដែល​ត្រូវ​បាន​បែង​ចែក​ជា ៤ ពូល​គឺ ក្នុង ១ ពូ​ល​មាន ៥ ក្រុម​។ ដំណាក់កាល​ទី​១ ជា​ការ​ប្រកួត​វគ្គ​សន្សំ​ក្នុង​ពូល ដើម្បី​ស្វែង​រក​ក្រុម​ខ្លាំង​២ ដែល​មាន​ពិន្ទុ​ឈរ​លើ​គេ​ក្នុង​ពូល​នីមួយៗ សរុប​ពូល​ទាំង​៤ ស្មើ​នឹង ៨ ក្រុម​ឡើង​វគ្គ ១០ ក្រុម​ចុង​ក្រោយ។ ២​ក្រុម​ទៀត ត្រូវ​ប្រៀប​ធៀប​លទ្ធផល​ក្រុម​លេខ​៣ ក្នុង​ពូល A ជាមួយ​ក្រុម​លេខ​៣ ក្នុង​ពូល B និង​ក្រុម​លេខ​៣ ក្នុង​ពូល C ជាមួយ​ក្រុម​លេខ​៣ ក្នុង​ពូល D។ បន្ទាប់​ពី​ធ្វើការ​ប្រៀប ២​ក្រុម​ដែល​មាន​ល​ទ្ធ​ផល​ល្អ​ជាងគេ នឹង​ឡើង​ទៅ​វគ្គ ១០ ក្រុម​ចុង​ក្រោយ។

ប្រកួត​ដំណាក់​កាល​ទី​២

ដំណាក់​កាល​នេះ ក្រុម​ខ្លាំង​ទាំង​១០ ត្រូវ​បែង​ចែក​ជា ២ ពូល គឺ​ពូល A និង​ពូល B ដែល​ពូល​នីមួយៗ​មាន ៥ ក្រុម។ ក្រុម​តាម​ពូល​ទាំង​ពីរ​នេះ ត្រូវ​ប្រកួត​សន្សំ​ពិន្ទុ ដើម្បី​ស្វែង​រក​ក្រុម​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ពីរ​ក្រុម​ឡើងទៅ​វគ្គ​ខ្វែង ឬ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ។ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ក្រុម​លេខ​១​ក្នុង​ពូល A ត្រូវ​ជួប​ក្រុម​លេខ​២ ក្នុង​ពូល B ខណៈ​ក្រុម​លេខ​១ ក្នុង​ពូល B ត្រូវ​ជួប​ក្រុម​លេខ​២ ក្នុង​ពូល A។ ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ ក្រុម​ចាញ់​ប៉ះ​ក្រុម​ចាញ់ ដើម្បី​ស្វែង​រក​ក្រុម​ចំណាត់​ថ្នាក់​លេខ​៣ និង​ក្រុម​ឈ្នះ​ត្រូវ​ប៉ះ​ក្រុម​ឈ្នះ ដើម្បី​ស្វែង​រក​ក្រុម​ជើង​ឯក។

១០ ក្រុម​ចុងក្រោយ​ត្រូវ​លេង​ពាន​រង្វាន់​បាល់ទាត់​ជាតិ​ក្នុង​សាល​ក្លៀ​ឆ្នាំ​ខាង​មុខ

អ្វី​ដែល​ពិសេស​មួយ​ទៀត ក្រុម​ដែល​ឆ្លង​ផុត​ដំណាក់​កាល​ទី​១ ទាំង​១០​ក្រុម មាន​ឈ្មោះ​រួច​ជា​ស្រេច​ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ពាន​រង្វាន់​លីគ​បាល់​ទាត់​ក្នុង​សាល​ជាតិ ដែល​សហព័ន្ធ​បាល់​ទាត់​កម្ពុជា​គ្រោង​នឹង​រៀប​ចំ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​ក្រោយ។

សប្ដាហ៍​បើក​ឆាក​នេះ​មាន​ការ​ប្រកួត​៨​គូ៖

ថ្ងៃ​សៅរ៍ ២៩ កក្កដា ២០១៧

  • ពូល A៖ ក្រុម B.A United vs Panda FC ក្រុម វេលា​ម៉ោង ២ រសៀល (ទូរទស្សន៍ MyTV ផ្សាយ​ផ្ទាល់)
  • ពូល A៖ ក្រុម Neath Asia FC vs 3G FC ក្រុម វេលា​ម៉ោង ៣:៣០ រសៀល (ទូរទស្សន៍ MyTV ផ្សាយ​ផ្ទាល់)
  • ពូល B៖ ក្រុម Chanteak Keyla FT vs VK ក្រុម United វេលា​ម៉ោង ៥ ល្ងាច​
  • ពូល B៖ ក្រុម UYFC Komchaymear vs ក្រុម FAN Sport FC វេលា​ម៉ោង ៦:៣០ ល្ងាច​

ថ្ងៃអាទិត្យ ៣០ កក្កដា ២០១៧

  • ពូល C៖ ក្រុម Battambang Taveller vs ក្រុម Snoul FT វេលា​ម៉ោង ២ រសៀល
  • ពូល C៖ ក្រុម Down Town Sport vs ក្រុម Daniel FC វេលា​ម៉ោង ៣:៣០ រសៀល
  • ពូល D៖ ក្រុម Emerald FT vs ក្រុម Anachak Baitong វេលា​ម៉ោង ៥ ល្ងាច
  • ពូល D៖ ក្រុម IP FC vs ក្រុម Ov Mal FC វេលា​ម៉ោង ៦:៣០ ល្ងាច ៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី