ទីបំផុត! រឿង"៣ខែ" ទទួលបានជយលាភី១ ត្រៀមផលិតភាពយន្តខ្នាតធំហើយ
- 2018-05-31 03:10:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត! រឿង"៣ខែ" ទទួលបានជយលាភី១ ត្រៀមផលិតភាពយន្តខ្នាតធំហើយ
ចន្លោះមិនឃើញ
ទីបំផុតរឿង "៣ខែ" ទទួលបានជយលាភីលេខ១ ក្នុងកម្មវិធី "ប្រកួតប្រជែងអ្នកនិពន្ធឆ្នើម" ប្រចាំឆ្នាំ ២០១៧ របស់ផលិតកម្ម Rock ត្រៀមផលិតជាភាពយន្តខ្នាតធំក្នុងពេលឆាប់នេះហើយ។
បើតាមលោក យឹម សុសត្យា ហៅ លី ម៉េង ប្រធានគ្រប់គ្រងកម្មវិធី និងជំនួយការអគ្គនាយក នៅផលិត Rock បានឲ្យដឹងថា មួលហេតុដែលផលិតកម្មលោក យករឿងខ្លី"៣ខែ" ជយលាភីលេខ១ មកផលិតជាភាពយន្តខ្នាតធំដាក់បញ្ចាំងនៅរោងកុន ដោយសារតែរឿងមួយនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុក និង Youtube ក្រោយពីបង្ហោះ។
លោកជឿជាក់ថា នៅពេលរឿង"៣ខែ" ដាក់បញ្ចាំងនៅរោងកុន នឹងទទួលបានការគាំទ្រពីទស្សនិកជន ព្រោះប្រជាជនខ្មែរនាពេលបច្ចុប្បន្នចូលចិត្តមើលរឿងភ័យរន្ធត់ អប្បិយជំនឿកូនក្រក និងមន្តអាគម ដែលល្បីតៗគ្នាតាំងពីសម័យបុរាណមក។
"យើងជឿជាក់ថានឹងទទួលបានជោគជ័យ នៅពេលរឿងហ្នឹងដាក់បញ្ចាំងនៅរោងកុន ព្រោះក្នុងឃ្លិបវីដេអូរឿងខ្លី យើងចោះយកតែប៉ុន្មានស៊ីនមកដាក់ទទួលបានការគាំទ្រទស្សនិកជន។ ប៉ុន្តែនៅពេលយកមកផលិតជារឿងខ្នាតធំ យើងនឹងសម្រិតសម្រាំងវាឲ្យបានល្អជាងមុន ដើម្បីឲ្យអ្នកទស្សនាជក់ចិត្ត"។ លោក លី ម៉េង ថ្លែងបញ្ជាក់។
ចំណែកឯម្ចាស់ជយលាភី១រឿង "៣ខែ" ភេទ ចា ជានិស្សិតឆ្នាំទី២ នៅវិទ្យាស្ថានស៊ីតិក ផ្នែកឌីហ្សាញបានបង្ហាញអារម្មណ៍សប្បាយរីករាយឥតឧបមា ព្រោះមិននឹកស្មានថា ក្ដីស្រមៃរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមកនេះបានក្លាយជាការពិត។ ក្រោយពីដាក់ពាក្យប្រឡងក្នុងកម្មវិធី "ប្រកួតប្រជែងអ្នកនិពន្ធឆ្នើម" របស់ផលិតកម្ម Rock។
អ្នកនិពន្ធវ័យក្មេងរូបនេះថា៖" ខ្ញុំមិននឹកស្មានថា រឿងដែលខ្ញុំនិពន្ធតាំងពីឆ្នាំ ២០០៩ ត្រូវបានផលិតកម្ម Rock ជ្រើសរើសយកទៅថតភាពយន្តខ្នាតធំដាក់បញ្ចាំងនៅរោងកុននោះទេ។ ពេលនេះក្ដីស្រមៃប្អូនបានក្លាយជាការពិតហើយ។ រឿង"៣ខែ" គឺជារឿងមួយដែលខ្ញុំស្រឡាញ់ជាងគេ ក្នុងចំណោមរឿង ៥០របស់ខ្ញុំ"។
រឿង"៣ខែ" ត្រៀមនឹងចេញថតបន្ទាប់ពីភាពយន្តខ្នាតធំ"ឈាម" ដោយចំណាយដើមទុនប្រហែល ៤ម៉ឺនដុល្លារអាមេរិក។ ចំណែកឯទីតាំងថតអាចនៅទីក្រុងភ្នំពេញ និងខេត្តកំពត មិនទាន់ប្រាកដច្បាស់។ ចំពោះតួអង្គក្នុងរឿងកំពុងតែជ្រើសរើសនៅឡើយ៕
រឿង"៣ខែ" ខ្នាតខ្លី មុនយកទៅផលិតជាភាពយន្តខ្នាតធំ