ឡើងឡូយ! ទៅលេងសមុទ្រ១នៅថៃ មិនបាច់មាន Passport ហើយមិនចំណាយច្រើន
- 2018-08-06 10:02:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡើងឡូយ! ទៅលេងសមុទ្រ១នៅថៃ មិនបាច់មាន Passport ហើយមិនចំណាយច្រើន
ចន្លោះមិនឃើញ
ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ ៥ ខ្វាត់ខ្វែងតាមជើងភ្នំ ពីទីរួមខេត្តពោធិ៍សាត់ ទៅកាន់ច្រកព្រំដែនថ្មដា ជាប់ខេត្តត្រាតប្រទេសថៃ លោកអ្នកអាចឈាងចូលលេងសមុទ្រប្រទេសថៃនៅទីនោះ ដោយមិនបាច់ត្រូវការលិខិតឆ្លងដែន ឬ Passport ឡើយ។
លោក ពៅ ភីរុណ អ្នកទេសចរម្នាក់បានប្រាប់ Sabay ថា លោកធ្វើដំណើរពីព្រំដែនកម្ពុជា-ថៃ ចូលតាមថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទៅដល់សមុទ្រថៃ ដែលមានឈ្មោះថា «ឆ្នេរសុវណ្ណគ្លៀវថង លែមក្លាត់» ស្ថិតនៅខេត្តត្រាត ដែលមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រ។
អ្នកទេសចររូបនេះ ឲ្យដឹងថា ធ្វើដំណើរតាមច្រកព្រំដែនរវាងខេត្តពោធិ៍សាត់-ខេត្តត្រាតនេះ គឺមិនត្រូវការPassport នោះទេ។ លោកថា បើចង់ទៅលេង ក៏មិនសូវចំណាយអស់ច្រើនប៉ុន្មានទេ ព្រោះយើងអាចទៅលេងឆ្នេរហើយត្រឡប់មកវិញ។
តាមបទពិសោធន៍លោកផ្ទាល់ រៀបរាប់ថា៖ "ជាក់ស្ដែងខ្ញុំចេញពីទីរួមខេត្តពោធិ៍សាត់នៅថ្ងៃសុក្រ ប្រហែលល្ងាចបន្តិចទៅដល់ស្រុកថ្មបាំង យើងអាចសម្រាកនៅផ្ទះសំណាក់លើទឹកដីខ្មែរ ១យប់ចំណាយ ១០ដុល្លារ ហើយព្រឹកឡើងថ្ងៃសៅរ៍ យើងអាចចេញទៅព្រំដែនកម្ពុជា-ថៃជិតនោះ យើងអាចចូលទិញអីញាំនៅផ្សារថៃឈ្មោះ «ផ្សារណាត់» ឲ្យហើយ ទំនិញមិនថ្លៃទេ ហើយយើងអាចវេចទៅញាំ និងទៅលេងឆ្នេរនោះតែម្ដង"។
ដោយឡែកបើនិយាយឆ្នេរនោះមានអ្វីស្អាតខ្លះ? លោកបន្តថា ៖ "នៅឆ្នេរថៃ គេមាន រៀបចំសួនច្បារស្អាតៗ រៀបកន្លែង លក់ម្ហូបអាហារ...និយាយទៅ មានសណ្តាប់ធ្នាប់ជាង នៅអូរឈើទាល ឆ្ងាយ តែបើនិយាយពីខ្សាច់វិញ ចាញ់នៅ ឆ្នេរ ខ្មែរយើងទេ" ។ លោករំឭកថា នៅខេត្តត្រាតមានឆ្នេរមួយចំនួន គេគិតថ្លៃសំបុត្រចូលលេង តែទីតាំងនៅទីរួមខេត្ត។
សូមបន្ថែមថា ផ្លូវជាតិលេខ ៥៥ មានសារៈសំខាន់បំផុតសម្រាប់តំបន់ភាគខាងលិចនៃប្រទេសកម្ពុជា ព្រោះជួយឲ្យប្រជាជនក្នុងតំបន់មានជីវភាពខ្ពស់ បង្កើនល្បឿននៃការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងការកែលម្អកម្រិតនៃការដឹកជញ្ជូនក្នុងខេត្តពោធិ៍សាត់ឲ្យកាន់តែប្រសើរឡើង។ ហេតុដូចនេះ ប្រសិនបើលោកអ្នកឆ្លងកាត់ផ្លូវនេះ ត្រូវបើកបរក្នុងល្បឿន ៣០ គីឡូម៉ែត្រ/ ម៉ោងតែប៉ុណ្ណោះ៕