រលូត​កូន​ញឹកញាប់​ មិនមែន​បាន​ន័យ​ថា ស្រ្តី​មិន​អាច​មាន​កូន​នោះ​ទេ តែអាចមកពីហេតុផល ៤នេះ

  • 2018-09-03 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​គ្រប់​រូប​ ដែល​ជួប​នឹង​ការ​រលូត​កូន​ញឹកញាប់​ មិនមែន​បាន​ន័យ​ថា ស្ត្រី​មិន​អាច​មាន​កូន​នោះ​ទេ គឺ​ស្ត្រី​អាច​នៅ​មាន​ឱកាស ក្នុង​ការ​សម្រាល​បុត្រ​ធម្មតា​ ដូច​គេ​ដូច​ឯង​ គ្រាន់​តែ​ស្ត្រី​នឹង​អាច​មាន​ភាគរយ​នៃ​ការ​រលូត​កូន​ឡើង​វិញ គឺ​អាស្រ័យ​ទៅ​នឹង​មូលហេតុ​មួយចំនួន។

ការ​រលូត​កូន​ញឹកញាប់​ គឺ​ជា​បញ្ហា​គភ៌​មិន​មាន​ការ​លូតលាស់​ក្រោម​អាយុ​២០​សប្ដាហ៍ លើស​ពី​ ៣​ដង​ឡើង។ គេ​ប្រទះ​ឃើញ​ស្ថានភាព​នេះ កើត​មាន​លើ​ស្ត្រី​ ៣​ទៅ​៥នាក់​ ក្នុង​ចំណោម​ស្ត្រី​ ១០០​នាក់។

វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​សម្ភព រោគ​ស្ត្រី នៃ​មន្ទីរសម្រាកព្យាបាល និង​សម្ភព មាតា បាន​បញ្ជាក់​ថា ស្ត្រី​ដែល​មាន​អាយុ​ក្រោម ៣០ឆ្នាំ នឹង​អាច​ជួប​ការ​រលូត​កូន​ម្ដង​ទៀត ២៥ ភាគរយ។ ចំពោះ​ស្ត្រី​ដែល​មាន​អាយុ​លើស​ ពី​៤០ឆ្នាំ​នឹង​អាច​ជួប​ការ​រលូត​កូន​ម្ដង​ទៀត​ចន្លោះ ៥០ទៅ៦០​ភាគរយ។

ថ្វី​បើ​មិន​ទាន់​មាន​មូលហេតុ​ច្បាស់​លាស់ នៃ​ការ​រលូត​កូន​ប៉ុន្តែ តាម​កត្តា​ ៤ដូចខាង​ក្រោម ដែល​ស្ត្រី​ច្រើន​ជួប និង​អាច​ឈាន​ដល់​ការ​រលូត​កូន។

១. កត្តា​ហ្សែន

គេ​សង្កេត​ឃើញ ៥០ភាគរយនៃការរលូតកូនគឺបណ្តាលមកពីកត្តាហ្សែន ពិសេស​ស្ត្រី​អាយុ​កាន់​តែ​ច្រើន អត្រា​ជួប​នឹង​ភាព​ខុស​ប្រក្រតី​លើ​កូន​កាន់​តែ​កើន អត្រា​នៃ​ការ​រលូត​ក៏​កាន់​តែ​ខ្ពស់​ដែរ។

២. កត្តា​ប្រព័ន្ធ​ភាព​សុំា

ដូចជា​ជំងឺ Thrombophilia ដែល​ជា​ជំងឺ​តំណពូជ ហើយ​រ៉ាប់រង​ចន្លោះ ១២ទៅ១៥ ភាគរយ​នៃ​ការ​រលូត​កូន​ញឹកញាប់។ ជំងឺ​អង់​ទី​ករ​ប្រឆាំង​នឹង​គ្រាប់​ឈាម ពិសេស​លើ​ស្ត្រី​មាន​ក្រុម​ឈាម​ប្រភេទ​ដក ក៏​ជា​មូលហេតុ​ នៃ​ការ​រលូត​កូន​ញឹកញាប់​ដែរ។

៣. កត្តា​ស្បូន​ខុស​ប្រក្រតី

ដូចជា​ករណី​មាន​ដុំ ស្បូន​ទី​តាំង​ក្នុង​ស្រទាប់​រដូវ ឬ​ស្បូន​មាន​សន្ទះ​ខណ្ឌ​ជា​ពីរ ភាព​ស្អិត​ក្នុង​ស្បូន ឬ​ការ​អន់​ខ្សោយ​ នៃ​មាត់​ស្បូន។

៤. កត្តា​អ័រម៉ូន កង្វះ​ខាត​អ័រម៉ូន Progesteone

ការ​លើស​នូវ​ជាតិ​ស្ករ​ក្នុង​ឈាម ការ​លើស​ឬ​ខ្វះ​នូវ​អ័រម៉ូន​ក្រពេញ​ទីរ៉ូ​អ៊ីត ជា​មូលហេតុ​ ដែល​ឲ្យ​មាន​ការ​រលូត​កូន​ញឹកញាប់។

រឿង​គួរ​ធ្វើ​ក្រោយ​ករណី​ រលូត​កូន

ការ​ឆែក​សុខភាព​ក្នុង​ករណី​រលូត​កូន​ញឹកញាប់ ជា​ធម្មតា ​ស្ត្រី​តែងតែ​មាន​អារម្មណ៍​ភ័យ​នៅ​ពេល​ដែល​ចាប់​ផ្ដើម​មាន​ផ្ទៃពោះ​ថ្មី បន្ទាប់​ពី​មាន​ប្រវត្តិ​រលូត។ ជា​ទូទៅ​ការ​សិក្សា​បញ្ជាក់​ថា ការ​មាន​ប្រវត្តិ​រលូត១ ឬ២ដង ស្ត្រី​នៅ​តែ​អាច​មាន​អត្រា​មាន​បុត្រ​ដូច​ស្ត្រី​មិន​ធ្លាប់​មាន​ប្រវត្តិ​រលូត​កូន។ តែ​ចំពោះ​ស្ត្រី ដែល​មាន​ប្រវត្តិ​រលូត​លើស​ពី​ បី​ដង​ឡើង​អាច​ត្រូវ​ឆែក​រកមើល​មូលហេតុ​មួយ​ចំនួន ដើម្បី​ត្រៀម​ខ្លួន​ទទួល​គភ៌​សា​ជា​ថ្មី​ទៀត។

ការ​ឆែក​សុខភាព​រួមមាន

ការ​ពិនិត្យ​រោគ​ស្ត្រី និង​អេ​កូ​ស្បូន ដើម្បី​មើល​នូវ​ភាព​ខុស​ប្រក្រតី​នៃ​ស្បូន ឬ​មាត់​ស្បូន ការ​ឆ្លុះ​ក្នុង​ស្បូន ដើម្បី​មើល​ឲ្យ​កាន់​តែ​ច្បាស់​ នូវ​ភាព​ខុស​ប្រក្រតី​ក្នុង​ស្រទាប់​រដូវ ដូចជា ដុំ​ស្បូន ដែល​ពិបាក​មើល​តាម​អេ​កូ ឬ​ស្អិត​ស្រទាប់​រដូវ​ជាដើម។

ស្រ្តីមានផ្ទៃពោះ និងវេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ (រូបតំណាង)

ការ​ច្រឹប​ស្រទាប់​រដូវ​យក​ទៅ​វិភាគ ដើម្បី​រក​មើល​នូវ​ភាព​ខុស​ប្រក្រតី​នៃ​ស្រទាប់​រដូវ​តេស្ត​ឈាម​មួយ​ចំនួន ដូចជា​តេស្ត​ឈាម រក​កម្រិត​អ័រម៉ូន Progesterone ដែល​ទាក់ទង​ជាមួយ​គុណភាព​នៃ​មេ​ជីវិត​ស្ត្រី និង​ជួយ​ស្រទាប់​រដូវ​ឲ្យ​ចិញ្ចឹម​កូន​បាន​ល្អ​ក្នុង​ពេល​ពពោះ។

ការ​លើស ឬ​ខ្វះ​នូវ​អ័រម៉ូន​ក្រពេញ​ទីរ៉ូ​អ៊ីត ក៏​ជះ​ឥទ្ធិពល​លើ​ការ​លូតលាស់​កូន​ដែរ។ ការ​លើស​ជាតិ​ស្ករ ក៏​ជា​កត្តា​ឲ្យ​មាន​ការ​រលូត​កូន​ញឹក​ញាប់​ដែរ។ ការ​ឆែក​មើល​តេស្ត​ឈាម​រក​មើល​ជំងឺ​តំណពូជ ទាំង​ស្ត្រី និង​បុរស អាច​ឲ្យ​យើង​ដឹង​ពី​មូល​ហេតុ និង​ការ​រៀបចំ​ខ្លួន​ត្រៀម​យក​កូន​សា​ជា​ថ្មី។ ជាតិ​វីតាមីន​ដេ និង​ការ​មើល​ទាក់ទង​នឹង​ប្រព័ន្ធ​ភាព​សុំា បើ​ក្នុង​ករណី​មាន​បញ្ហា​យើង​អាច​ធ្វើ​ការ​ការពារ​បាន​មុន។

ប្រភព៖ healthtime   ប្រែ​សម្រួល៖ ពៅ រក្សា