ការ​សិក្សា​៖ កុមារ​ដែល​ទទួល​ទាន​ជាតិ​ស្ករ​ច្រើន​ពេក​​ធ្វើ​ឲ្យ​មាន​ទំនោរ​​​ងាយ​នឹង​ក្លាយ​ជា​ក្មេង​ហិង្សា

  • 2018-10-13 02:11:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា​កុមារ​ដែល​ទទួល​ទាន​ជាតិ​ស្ករ​ច្រើន​ពេក​​ធ្វើ​ឲ្យ​មាន​ទំនោរ​​​ងាយ​នឹង​ក្លាយ​ជា​ក្មេង​ហិង្សា។ នេះ​បើ​តាម​សារព័ត៌មាន​អង់គ្លេស The Daily Mail ទើប​បាន​ចុះ​ផ្សាយ។

ការ​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Bar Ilan នៅ​អ៊ីស្រាអែល​បាន​​សិក្សា​លើ​កុមារ​ចំនួន ១៣៧ ២៨៤ នាក់ អាយុ​ចន្លោះ​ពី ១១ ទៅ ១៥ ឆ្នាំ​ ដែល​រស់​នៅ​បណ្ដា​ប្រទេស​អឺរ៉ុប​ចំនួន​២៥​ប្រទេស។

ជា​លទ្ធផល​ ការ​ស្រាវជ្រាវ​បង្ហាញ​ថា នៅ​អង់គ្លេស​ កុមារ​ដែល​ញ៉ាំ​ស្ករ​សូកូឡា ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ច្រើន ពិសេស​ភេសជ្ជៈ​ប៉ូវ​កម្លាំង ៨៩% នៃ​ពួកគេមាន​ទំនោរ​ក្នុង​ការ​ជក់បារី និង ៧២% មាន​ទំនោរ​ផឹក​ស្រា​នៅ​ពេល​ពួកគេ​ឈាន​ដល់​វ័យ​ជំទង់។

ប្រភព​ខាង​លើ​បន្ត​ថា ភេសជ្ជៈ​ប៉ូវ​កម្លាំង អាច​បង្ក​​ឲ្យ​មាន​ហានិភ័យ​ទៅ​លើ​​អាកប្បកិរិយា​កុមារ​ធ្ងន់ធ្ងរ​ ជាង​ស្ករ​សូកូឡា ឬ អាហារ និង ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ ព្រោះ​វា​ថែម​ទាំង​មាន​ផ្ទុក​សារធាតុ​កាហ្វេ​អ៊ីន។

ការ​សិក្សា​ខាង​លើ​មិន​បាន​បញ្ជាក់​ថា​តើ​ភេសជ្ជៈ ឬ អាហារ​ដែល​មាន​ជាតិ​​ស្ករ​កម្រិត​ណា​ដែល​សាក​សម​នឹង​កុមារ​ទេ ប៉ុន្តែ​នាយកដ្ឋាន​របស់​​សេវា​សុខាភិបាល​ថ្នាក់​ជាតិ​របស់​ចក្រភព​អង់គ្លេស (NHS) មាន​គោលការណ៍​ណែនាំ​ច្បាស់លាស់ ពោល​គឺ កុមារ​ដែល​មាន​អាយុ​លើស​ពី ១១ ឆ្នាំ​​មិន​គួរ​បរិភោគ​​ភេសជ្ជៈ ឬ អាហារ​ដែល​មាន​ជាតិ​​ស្ករ​ លើស​ពី​៣០​ក្រាម​ក្នុង​១​ថ្ងៃ​ឡើយ ហើយ ក្មេងៗ​ដែល​មាន​អាយុ​តិច​ជាង ៦ ឆ្នាំ​មិន​គួរ​ញ៉ាំ​អាហារ ឬ ភេសជ្ជៈ​ដែល​មាន​ជាតិ​​ស្ករ​ លើស​ពី ១៩ ក្រាម​ក្នុង​១​ថ្ងៃ​ឡើយ។

ជាក់​ស្តែង ភេសជ្ជៈ​ខ្លះ​មាន​កម្រិត​ជាតិ​ស្ករ​ដល់​ទៅ​លើស​​៣៥​ក្រាម​ក្នុង​១​កំប៉ុង ដែល​មិន​សាក​សម​ឡើយ​សម្រាប់​កុមារ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សុខ លាងហ៊ត