គួរឲ្យសរសើរ! ព្យុះខ្លាំងដាច់ភ្លើង តែប្រជាជន​ជប៉ុន​ច្នៃ​ដប​ទឹក​សុទ្ធ​និង​ស្មាតហ្វូន​បង្កើត​ចង្កៀង​ភ្លើង​ពិសេស

  • 2019-10-16 01:12:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​ជប៉ុន​មួយ​រូប​បាន​ផ្តួចផ្តើម​គំនិត​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត តាម​រយៈ​ការ​ប្រើប្រាស់​ដប​ទឹក​សុទ្ធ ទឹក​ដោះ​គោ ជាមួយ​នឹង​ស្មាតហ្វូន​ក្នុង​ការ​បង្កើត​នូវ​ចង្កៀង​ភ្លើង​បណ្តោះ​អាសន្ន​នៅ​ស្ថានភាព​រងគ្រោះ​នៃ​ព្យុះ​ដ៏​កាច​សាហាវ Hagibis។

ជប៉ុន​ដែល​រង​គ្រោះ​ដោយ​ព្យុះ​កំណាច​ខកខាន​កើត​មាន​នៅ​រយៈ​ពេល ៦០ ឆ្នាំ ក៏​រុញ​ច្រាន​ឲ្យ​តំបន់​ខ្លះ​ត្រូវ​កាត់​ផ្តាច់​ចរន្ត​អគ្គិសនី។ ក្នុង​កាលៈទេសៈ​នេះ​ដែរ បុរស​ម្នាក់​បាន​បង្កើត​នូវ​ចង្កៀង​ប្រើ​បណ្តោះ​អាសន្ន ដែល​ឆ្លង​កាត់​ពន្លឺ​នៃ​ពិល Flash របស់​ស្មាតហ្វូន ហើយ​យក​ដប​ទឹក​សុទ្ធ​មក​ដាក់​ចំ​ពី​លើ​ទីតាំង​នោះ និង​ចាក់​ទឹកដោះ​គោ​ដែល​មាន​សារធាតុ​រាវ​ពណ៌​ស​ចូល​ទៅ​ក្នុង​ដប​នោះ​មួយ​ផ្នែក ដើម្បី​ឲ្យ​មាន​ពន្លឺ​ចែងចាំង​ខ្លាំង។

បាតុភូត​នៃ​ការ​អនុវត្ត​មួយ​នេះ​ឲ្យ​ឈ្មោះ​ថា 'Tyndall' ពោល​គឺ​នៅ​ពេល​ពន្លឺ​ឆ្លងកាត់​អង្គធាតុ​រាវ​ដែល​បង្កើត​ឡើង​ដោយ​ភាគល្អិត​ផ្សេងៗ​គ្នា វា​នឹង​បញ្ចេញ​នូវ​កាំរស្មីពន្លឺ​ចាំង​ទៅ​ក្នុង​មុំ​ជា​ច្រើន បែប​នេះ​ការ​ប្រើប្រាស់​ទឹកដោះ​គោ​និង​ទឹក​ធម្មតា អាច​ជួយ​ឲ្យ​មាន​ពន្លឺ​ជះ​ខ្លាំង​ជាង​ធម្មតា។

ការ​អនុវត្ត​នេះ​ដែរ​លោក​ក៏​បាន​ចែកចាយ​លើ​បណ្តាញ​សង្គម ហើយ​ទទួល​បាន​ការ​គាំទ្រ​ច្រើន និង​បច្ចុប្បន្ន​កំពុង​មាន​ការ​ប្រើប្រាស់​នៅ​តាម​ទិស​តំបន់​ដែល​ជួប​គ្រោះ​អាសន្ន​មួយ​នេះ៕

អានអត្ថបទ:

ប្រភព៖ Zing   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី