រឿងរ៉ាវខ្មៅងងឹតពីក្រោយពិភព K-Pop គ្រប់គ្នាអាចស្មានមិនដល់

  • 2019-10-16 06:50:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

K-Pop ជា​​​ប្រភេទ​ចម្រៀង​មួយ​បែប​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​នា​ពេល​បច្ចុប្បន្ន។ គេ​មើល​ឃើញ​ថា K-Pop គឺ​មាន​ពោរពេញ​ដោយ​ភាព​សប្បាយ ជា​មួយ​បទ​ចម្រៀង​ទាក់​ចិត្ត និង​វីដេអូ​ចម្រៀង​ច្រុះ​ពណ៌​ស្អាត។ យ៉ាងណាក្ដី​ពេល​ខ្លះ​រូបរាង​ខាង​ក្រៅ​អាច​បំភ័ន្ត​ភ្នែក​បាន។ បើ​ចូល​ទៅ​ឲ្យ​ជ្រៅ​​ពិភព K-Pop មាន​រឿង​រ៉ាវ​ខ្មៅ​ងងឹត​ជា​ច្រើន ដែល​តារា K-Pop ត្រូវ​ឆ្លង​កាត់ ដើម្បី​សម្រេច​ក្ដី​ស្រមៃ​របស់​ខ្លួន។

១. កុងត្រា​​ទាសករ​

ប្រសិន​បើ​អ្នក​ជា​អ្នក​គាំទ្រ K-Pop យូរ​ឆ្នាំ ប្រហែល​ជា​ធ្លាប់​ឮ​ពាក្យ​ "Slave Contract” ដែល​មាន​ន័យ​ថា​ "កុងត្រា​​ទាសករ"។ អតីត​សមាជិក​ក្រុម JJCC ឈ្មោះ Prince Mak បាន​អះអាង​ថា "កុងត្រា​​ទាសករ" មិន​ត្រឹម​តែ​ជា​រឿង​ពិត​នោះ​ទេ ហើយ​ថែម​ទាំង​មាន​ការ​ប្រើ​ប្រាស់​យ៉ាង​ទូលំទូលាយ​ទៀត​ផង។

Prince Mak

Prince Mak បាន​ប្រាប់​រឿង​នេះ​ក្នុង​កម្មវិធី​វិទ្យុ​របស់​ខ្លួន "The Prince Mak Hour” ថា "ជា​ធម្មតា​កុងត្រា​មាន​រយៈពេល ៧ ទៅ ១៥ ឆ្នាំ។ ៧ ឆ្នាំ​ជា​រយៈពេល​ដែល​ខ្ញុំ​ធ្លាប់​ឮ​តិច​ដង​ជាង​គេ...សម្រាប់​ខ្ញុំ​គឺ​មាន​កុង​ត្រា ៧ ឆ្នាំ ហើយ​ខ្ញុំ​គិត​ថា​ខ្លួន​ឯង​មាន​សំណាង។”

B.A.P

កាន់​តែ​អាក្រក់​នោះ​គឺ កុងត្រា​ទាំង​នេះ​​គិត​ចាប់​ផ្ដើម​ពី​ពេល​ដែល​តារា​រូប​នោះ​ចូល​ប្រឡូក​ (Debut) មិន​​រាប់​ពី​ពេល​ដែល​ចូល​ក្នុង​​ផលិតកម្ម​នោះ​ទេ។ មាន​តារា​ខ្លះ​ហ៊ាន​ខ្លាំង​ដល់​ថ្នាក់​ឡើង​តុលាការ​ជា​មួយ​ផលិតកម្ម​ទៀត​ផង ដូច​ជា​​ក្រុម B.A.P នៅ​ឆ្នាំ ២០១៤ ពួក​គេ​បាន​ចោទ​ប្រកាន់​ជា​បើក​ចំហ​​លើ​ផលិតកម្ម TS Entertainment ចំពោះ​ការ​ដាក់​​​កុងត្រា​ទាសករ​នេះ។

២. ធ្វើជាតារាបានប្រាក់កម្រៃតិចបំផុត

តាម​ការ​លើក​ឡើង​របស់ Prince Mak ដដែល ភាគរយ​ខ្ពស់​បំផុត​នៃ​ប្រាក់​ចំណេញ​ដែល​តារា​ទទួល​បាន​ពី ២០% ដែល​សេសសល់ ៨០% គឺ​បាន​ទៅ​លើ​​ផលិតកម្ម។ តារា​ខ្លះ​បាន​តិច​តួច​​ដល់ ១០% ហើយ​វា​ត្រូវ​បែង​ចែក​ទៅ​តាម​ចំនួន​សមាជិក​នៃ​ក្រុម​ទៀត​ផង។ ប្រសិន​បើ​ក្រុម​មាន​សមាជិក ៥ នាក់ នោះ​ម្នាក់ៗ​នឹង​ទទួល​បាន​ចំណែក​លុយ ២% ប៉ុណ្ណោះ។ លុយ ២% នេះ​ទៀត​សោត តារា​ត្រូវ​សង​ទៅ​ផលិតកម្ម ​ចំពោះ​ការ​​​ចំណាយ​ដែល​ផលិតកម្ម​បាន​ចំណាយ​លើ​ពួក​គេ ពេល​ស្ថិត​ក្នុង​ដំណាក់​កាល​ហ្វឹកហាត់។

នៅ​ឆ្នាំ ២០១៦ ក៏​មាន​ការ​បង្ហាញ​ថា​ក្រុម AOA បាន​ទទួល​ប្រាក់​ចំណូល​លើក​ដំបូង ក្រោយ​ពី​ប្រឡូក​សិល្បៈ​បាន​ ៣ ឆ្នាំ។ ដោយ​សារ​តែ​ការ​ចំណាយ​ដូច​ជា​ការ​ហ្វឹកហាត់ ថ្លៃ​ស្នាក់​នៅ និង​អាហារ​ជា​ដើម អ្នក​​ហាត់​ការ​ (Trainee) ត្រូវ​សង​បំណុល​​នេះ​ឲ្យ​ក្រុមហ៊ុន​វិញ នៅ​ពេល​បាន​ចេញ​ប្រឡូក។​

​​​​​​​៣. តារាៗ​ធ្វើ​ការ​រហូត​ខ្សោះ​ខ្លួន​

ក្នុង​នាម​ជា​តារា K-Pop វា​គឺ​ជា​ការងារ​ពេញ​ម៉ោង​មួយ ហើយ​​តារាៗ​ខ្លះ អាច​ត្រូវ​ធ្វើ​ការ​លើស​ម៉ោង​ទៀត​ផង​។ Prince Mak និយាយ​ថា ៖ "អ្នក​អាច​នឹង​ធ្វើ​ការ ២០ ម៉ោង ឬ​ពេញ​មួយ​ថ្ងៃ​ក៏​មាន។ ខ្ញុំ​ធ្លាប់​ធ្វើ​ការ​ដល់ ២០ ម៉ោង។ ខ្ញុំ​ថត​កម្មវិធី​ទូរទស្សន៍ ដែល​វា​មាន​រយៈពេល​ដល់ ២០ ម៉ោង មិន​លេង​សើច​ទេ។ ជា​រៀង​រាល់​ថ្ងៃ​យើង​មាន​ពេល​សម្រាក​ប្រមាណ ៣ ទៅ ៤ ម៉ោង ក្រៅ​ពី​នេះ​ត្រូវ​ធ្វើ​ការ​ហ្វឹកហាត់ ឬ​ធ្វើ​ការ។”

ការ​ធ្វើ​ការ​លើស​ម៉ោង ក៏​បាន​ធ្វើ​ឲ្យ​តារា​កូរ៉េ​ជា​ច្រើន​រូប​ដួល​សន្លប់​នៅ​លើ​ឆាក​ផង​ដែរ។ ជាក់​ស្ដែង​ខាង​ក្រោម​នេះ​ជា​វីដេអូ​បង្ហាញ​អំពី​ការ​ដួល​សន្លប់​របស់ Krystal សមាជិក​ f(x) ៖

៤. របប​អាហារ​មាន​ការ​គ្រប់គ្រង​យ៉ាង​តឹង​តែង

​អ្នក​​ហាត់​ការ​ (Trainee) ជា​ច្រើន​ធ្លាប់​បាន​លើក​ឡើង​អំពី​វិធីសាស្ត្រ​ក្នុង​ការ​គ្រប់គ្រង​ទម្ងន់​របស់​ពួក​គេ។ Chaeyeon សមាជិក​ក្រុម DIA ធ្លាប់​បាន​បង្ហាញ​ថា​នាង​ត្រួត​ពិនិត្យ​ទម្ងន់​របស់​ខ្លួន​ជា​ប្រចាំ ដោយ​ប្រើ​វិធីសាស្ត្រ​ដូច​ជា​វាស់​កំភ្លៅ​ដោយ​ប្រើ​ខ្សែ​ម៉ែត្រ។ នាង​ថា​មាន​ការ​​កំណត់​មួយ​សម្រាប់​ទម្ងន់​របស់​នាង ប្រសិន​លើស​ពី​ការ​កំណត់ អាច​ទទួល​រង​ការ​ពិន័យ។

Momo ក្រុម TWICE ក៏​ធ្លាប់​បាន​បង្ហាញ​ថា​បាន​ស្រក​អស់ ៧ គីឡូក្រាម​ក្នុង​ពេល​មួយ​សប្ដាហ៍។ នាង​ត្រូវ​ក្រុមហ៊ុន​ប្រាប់​ថា​ត្រូវ​តែ​សម្រក​ ៧ គីឡូក្រាម ដើម្បី​អាច​ឡើង​លើ​ឆាក​សម្ដែង។ នាង​ទទួល​ស្គាល់​ថា​មិន​បាន​ញ៉ាំ​អ្វី​ច្រើន​នោះ​ឡើយ ក្រៅ​តែ​ពី​ទឹកកក​មួយ​ដុំ និង​​ហាត់​ប្រាណ​ពេញ​មួយ​សប្ដាហ៍។ Momo បក​ស្រាយ​ថា​ ពេល​ផ្ដេក​ខ្លួន​សម្រាក នាង​ភ័យ​ខ្លាច​ថា​មិន​អាច​ងើប​ឡើង​វិញ​នៅ​​ពេល​ព្រឹក​ឡើង ហើយ​គិត​ដល់​រឿង​នេះ​ធ្វើ​ឲ្យ​នាង​ចង់​យំ​តែ​ម្ដង៕

ចុចអាន ៖ មុន​ Sulli ធ្វើ​អត្តឃាត នាង​ក៏​ធ្លាប់​ស្នើ​ឲ្យ​ SM ចាត់​វិធានការ​លើ​ជន​និយាយ​ព្យាបាទ​នាងដែរ

​​​​

ប្រភព៖ Nicki Swift   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម