រថយន្ត SUV កំពូលប្រណីត Volvo XC90 2020 បង្ហាញវត្តមាននៅកម្ពុជាជាផ្លូវការ!

  • 2019-10-28 04:57:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Volvo គឺជាម៉ាករថយន្តប្រណីតមួយរបស់ស៊ុយអែត ដែលកិត្យានុភាពរបស់ក្រុមហ៊ុននេះត្រូវបានគេទទួលស្គាល់ជាអន្តរជាតិ។ នៅពេលនេះ Volvo Cambodia បាននាំយករថយន្ត SUV ប្រណីតស៊េរីចុងក្រោយមួយម៉ូដែលមកកាន់ទីផ្សារកម្ពុជា ដែលជាម៉ូដែល XC90 ស៊េរីឆ្នាំ ២០២០។

រថយន្ត SUV ប្រណីត XC90 ឆ្នាំ ២០២០ បានបង្ហាញវត្តមានជាផ្លូវការនៅកម្ពុជា តាមរយៈកម្មវិធីប្រកាសមួយដែលធ្វើឡើងនៅអគារតាំងបង្ហាញរថយន្ត Volvo Cambodia ក្រោមការចូលរួមពីភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។

និយាយអំពីប្រណីតភាពរបស់ XC90 នេះ គឺមានដូចជាមានបំពាក់ដោយអំពូលភ្លើងប្រភេទ LED ជាមួយនឹងការបញ្ចេញពន្លឺដូចញញួររបស់អាទិទេព Thor, ភ្លើងបំភ្លឺនាពេលថ្ងៃដ៏លេចធ្លោ, កញ្ចក់ចំហៀងអាចក្ដោបស្វ័យប្រវត្តិ, ទ្វារគូថក្រោយដំណើរការដោយអេឡិចត្រូនិក, ដំបូលកញ្ចក់ថ្លា, អាចចូលរថយន្តនិងបញ្ឆេះរថយន្តដោយមិនប្រើសោ, ប្រព័ន្ធម៉ាស៊ីនត្រជាក់ ៤ តំបន់, មានវាំងននការពារពន្លឺថ្ងៃ, តាបឡូប្រភេទឌីជីថលទំហំ ១២,៣ អ៊ីញ, កៅអីស្រោបដោយស្បែកទន់ Nappa ហើយចង្កូតក៏ស្រោបដោយស្បែកផងដែរ។

ខាងក្នុងរថយន្តនេះក៏មានបំពាក់ដោយប្រព័ន្ធសំឡេងមានគុណភាពខ្ពស់ម៉ាក Bowers & Wilkins មានរន្ធ USB ចំនួនពីរ, មានឌុយភ្លើង ១២ វ៉ុល, មានប្រព័ន្ធ Bluetooth, មានមុខងារ Volvo On Call, អាចភ្ជាប់ជាមួយស្មាតហ្វូនតាមរន្ធ USB និង អាចបញ្ជាមុខងារមួយចំនួនដោយប្រើសំឡេងជាដើម។

ក្រៅពីផ្ដល់ជូននូវប្រណីតភាពខ្ពស់ រថយន្តដែល Volvo ផលិតឡើង ក៏មានផ្ដល់ជូននូវសុវត្ថិភាពខ្ពស់ដល់អ្នកបើកបរ និងអ្នករួមដំណើរផងដែរ។ ជាក់ស្ដែងលើរថយន្ត XC90 ឆ្នាំ ២០២០ មានបំពាក់នូវបច្ចេកវិទ្យាសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរជាច្រើនដូចជា ប្រព័ន្ធការពារការប៉ះទង្គិចពីចំហៀង, ពោងសុវត្ថិភាពការពារអ្នកដំណើរនិងអ្នកបើកបរ, ពោងសុវត្ថិភាពការពារជង្គង់អ្នកបើកបរ, ប្រព័ន្ធជាន់ហ្វ្រាំងស្វ័យប្រវត្តិពេលមានការប៉ះទង្គិច និងប្រព័ន្ធដាស់តឿនអ្នកបើកបរជាដើម។ បន្ថែមពីនេះក៏មានប្រព័ន្ធជំនួយការឡើង/ចុះចំណោត, ប្រព័ន្ធ Adaptive Cruise Control, ប្រព័ន្ធរក្សាគន្លងផ្លូវឲ្យត្រង់, ប្រព័ន្ធព្រមានអំពីការប៉ះទង្គិចពីក្រោយ, កាមេរ៉ាសម្រាប់មើលជុំវិញ ៣៦០ ដឺក្រេ, មាន Head-Up Display, ប្រព័ន្ធជំនួយការចូលចត និងបច្ចេកវិទ្យាពន្លត់ម៉ាស៊ីនស្វ័យប្រវត្តិពេលឈប់ស្ដុប (Start/Stop) សម្រាប់សន្សំសំចៃប្រេងជាដើម។

រថយន្ត SUV ប្រណីតនេះប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ អាចបង្កើតកម្លាំង ៣២០ សេះ ភ្ជាប់នឹងប្រអប់លេខស្វ័យប្រវត្តិ ៨ វគ្គ ប្រើប្រាស់ប្រព័ន្ធបើកបរវិលកង់ទាំង ៤ (AWD) និងមានល្បឿនអតិបរមា ២៣០ គ.ម/ម៉។ ចំពោះកម្រិតស៊ីសាំងគឺបើកបរ ១០០ គ.ម ស៊ីប្រេងប្រមាណ ៨,១ លីត្រប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែមអំពីរថយន្ត SUV ប្រណីត XC90 ឆ្នាំ ២០២០ នេះ អាចទំនាក់ទំនងទៅកាន់ Volvo Cambodia តាមទូរសព្ទលេខ 024 900 000 ឬ Facebook៖ Volvo Cars Cambodia និង គេហទំព័រ៖ Volvo Cars Cambodia៕

អត្ថបទ៖ សុខហេង

អត្ថបទពេញនិយម