មហោពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំលើកទី១៥ ជាពិព័រណ៍ស្ទែមដើម្បីបរិស្ថានបៃតងដំបូងបង្អស់នៅកម្ពុជា
- 2019-11-18 02:39:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មហោពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំលើកទី១៥ ជាពិព័រណ៍ស្ទែមដើម្បីបរិស្ថានបៃតងដំបូងបង្អស់នៅកម្ពុជា
ចន្លោះមិនឃើញ
នៅឆ្នាំនេះ មហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំលើកទី១៥ នឹងរៀបចំឡើងជាលក្ខណៈបៃតង និងមានការល្បងសមត្ថភាពអ្នកចូលរួម និងភ្ញៀវដែលមកចូលរួមទស្សនា ឱ្យក្លាយខ្លួនជាវីរជនបរិស្ថាន ព្រមទាំងពិចារណាអំពីការរួមចំណែកជាលក្ខណៈបុគ្គលដើម្បីសម្រេចបានបរិស្ថានស្អាត និងមានចីរភាព។ បន្ថែមពីនេះក៏មានកន្លែងសម្រាប់បណ្ដុះបណ្ដាលវីរជនបរិស្ថានផងដែរ ដែលអ្នកអាចរៀនអំពីទម្លាប់ប្រចាំថ្ងៃមួយចំនួនដែលអ្នកអាចផ្លាស់ប្ដូរបានដើម្បីចូលរួមធ្វើឱ្យបរិស្ថានស្អាតទាំងអស់គ្នា។
កញ្ញា ឡូរ៉ា ម៉ម ដែលជាអ្នកចម្រៀង សរសេរចម្រៀង និងជាអ្នកបរិស្ថាន រួមទាំងសិល្បៈករផ្សេងៗទៀត មកពីផលិតកម្មបារមី នឹងចូលរួមជាមួយយុវជនវ័យក្មេងរបស់កម្ពុជាដ៏ឆ្នើមបំផុត នាឱកាសមហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំលើកទី១៥។
ការប្រព្រឹត្តទៅនៃព្រឹត្តិការណ៍ស្ទែមនេះនឹងកៀរគរបណ្ដាសហគមន៍ស្ទែមដ៏មោះមុតជុំវិញការសិក្សាមុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ ជាមួយកញ្ញា ឡូរ៉ា ម៉ម និងសិល្បករបារមីដែលនឹងផ្ដល់ការកម្សាន្តដល់អ្នក ក្នុងនោះដែរនឹងមានគម្រោងស្ទែមរបស់សិស្សដ៏អស្ចារ្យជាង ២០០ គម្រោងដាក់តាំងបង្ហាញ ការប្រកួតប្រជែងរ៉ូបូត សកម្មភាពកុមាររីករាយ និងបាឋកថាស្ទែម ដើម្បីបំផុសគំនិតអ្នក ហើយអ្នកពិតជាមិនចង់បាត់បង់ឱកាសនេះឡើយ។
ព្រឹត្តិការណ៍មហោស្រពឆ្នាំនេះគឺកាន់តែធំ និងប្រសើរជាងឆ្នាំមុនៗ ក្រោមការរៀបចំរបស់អង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា និងការគាំទ្រដ៏ខ្ពង់ខ្ពស់របស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងបរិស្ថាន។
នាយិកាអង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា លោកស្រីបណ្ឌិត Una McCarthy-Fakhry បានថ្លែងថា ៖ «ការកសាងកម្លាំងការងារសម្បូរបែបជាមួយនឹងជំនាញដោះស្រាយបញ្ហាប្រកបដោយនវានុវត្តន៍ និងការគិតបែបត្រិះរិះ គឺមានសារៈសំខាន់ណាស់ មិនមែនត្រឹមតែសម្រាប់ការបន្តអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ តែថែមទាំងផ្ដល់ឱ្យយើងនូវបរិស្ថានល្អស្អាត ដែលយើងគ្រប់គ្នាអាចហៅបានថា “ផ្ទះ”។ យើងអាចសម្រេចគោលបំណងទាំងនេះបានតាមរយៈការអប់រំស្ទែម។»
មហោពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំលើកទី១៥ នឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី២៨ និងសុក្រ ទី២៩ ខែវិច្ឆិកា នៅ ដឹព្រេមៀ សេនធ័រសែនសុខ ចាប់ពីម៉ោង ៨ ព្រឹកទៅ។ សូមចូលរួមទាំងអស់គ្នា។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ http://stemcambodia.org/៕