Earth Hour មកដល់យប់នេះហើយ! សូមចូលរួមបិទភ្លើង ១ម៉ោង ជានិមិត្តរូប ដើម្បី​ភពផែនដី​យើង!

  • 2020-03-28 04:29:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិវា ១ម៉ោង សម្រាប់​ភព​ផែនដី​ឆ្នាំនេះ ប្រព្រឹត្ត​ឡើង​ស្របពេលពិភពលោក ប្រឈម​នឹង​ប្រធានបទ​សំខាន់បន្ទាន់មួយចំនួន។ ជាក់ស្ដែង យើង​អាច​តាមដាន​មើលឃើញពី​ឥទ្ធិពល​យាយី​ខ្លាំង​ឡើងៗ នៃការប្រែប្រួល​អាកាសធាតុ ការ​បាត់បង់​ធនធាន​ជីវ​ចម្រុះ ការ​បំពុល​បរិស្ថាន ការ​រិចរិល​ដី កង្វះ​ខាត​ទឹក និង​ហានិភ័យ​លើ​សុខភាព​មនុស្ស។

អ្វីដែលជា​ដំណឹងល្អ​នោះ​គឺ គេ​អាច​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ទាំង​នេះបាន ព្រោះថា​យើង​នៅ​មាន​លទ្ធភាព​អាច​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ និង​លទ្ធភាព​ក្នុង​ការ​ការពារ​ភព​ផែនដី ក៏ដូចជា​ថែរក្សា​អនាគត​របស់​យើង ប្រកប​ដោយ​និរន្តរភាព​បាន។

ទិវា​ ១ម៉ោងសម្រាប់​ភព​ផែនដី ផ្ដល់ឱកាស​ឲ្យ​សាមញ្ញជនគ្រប់រូប ដើម្បី​បង្ហាញ​នូវ​ក្ដី​ស្រលាញ់​របស់​ពួក​គេ​ចំពោះ​បរិស្ថាន និងធម្មជាតិ ព្រម​ទាំង​ប្ដេជ្ញា​ចិត្ត​ចាប់​យក​សកម្មភាព​នានា ដែលនាំ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​ក្នុងការ​រស់​នៅ​ប្រចាំថ្ងៃ សម្រាប់​ជា​ការ​រួមចំណែក​ដល់​សង្គម​មួយ​ប្រកប​ដោយ​និរន្តរភាព។

ទិវា​១ម៉ោង​សម្រាប់​ភព​ផែនដី បង្រួបបង្រួម​ប្រជាជន​ទាំងអស់​ ដើម្បីការពារ​ភព​ផែនដី​របស់​យើង។

ប្រជាជន​ទាំងអស់ កំណត់​យក​ទិវា​នេះ​សម្រាប់​ពិចារណា ហើយ​ស្វែង​រក​វិធីសាស្រ្ដ​ផ្សេងៗ ដើម្បី​ចូលរួម​ការពារ​ភព​ផែនដី ឲ្យ​មាន​លក្ខណៈ​ប្រសើរឡើង។ វិធីសាស្រ្ដ​ទាំងនោះ មានដូចជា៖ ការសន្សំ​សំចៃ​ និង​ការ​កែច្នៃ​សម្រាប់​ប្រើប្រាស់​ឡើងវិញ ការ​កាត់​បន្ថយ​សារធាតុ​ប្លាស្ទិក ការងារ​ទៅ​ចាប់​យក​ការ​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ ក៏ដូចជា​កំណត់​វិធានការ​ដើម្បី​កាត់​បន្ថយ​កម្រិត​កាបូន ដែល​ទាំងនេះ សុទ្ធ​តែ​ជា​វិធីសាស្រ្ដ​គន្លឹះ​សម្រាប់​ការពារ​ភព​ផែនដី​របស់​យើង។

សូមចូលរួម​បិទភ្លើង​ជា​និមត្តរូប នៅ​ក្នុង​យប់នេះ រយៈពេល ១ម៉ោង នៅ​តាម​គេហដ្ឋាន​រៀងៗខ្លួន សម្រាប់​ភព​ផែនដី​យើង ហើយ​ប្ដេជ្ញា​ចិត្ត​ជា​ថ្មី ក្នុង​ការ​រួម​គ្នា​ប្រយុទ្ធ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។

លោក សេង ទៀក នាយកអង្គការ WWF ប្រចាំ​កម្ពុជា មានប្រសាសន៍ថា៖ "បន្ទាប់​ពី​ការ​បង្ហាញ​ឆន្ទៈ​ដោយ​សារ​បិទភ្លើង១ម៉ោង​នេះ​រួច យើង​ខ្ញុំ​សូម​ស្នើ​យ៉ាង​ទទូច​ដល់​ប្រជាជន​ទាំងអស់ ឲ្យ​បន្ត​ធ្វើ​សកម្មភាព​វិជ្ជមាន​សម្រាប់​ភព​ផែនដី និង​បង្កើន​ការ​សន្ទនា និង​ពិភាក្សា​ឲ្យ​បាន​ទូលំទូលាយ​អំពី​វិធីសាស្រ្ដ​អនុវត្តល្អៗ ដែល​យើង​ទាំងអស់គ្នា អាច​ធ្វើ​បាន​ជា​ប្រចាំ ដើម្បី​រួម​ចំណែក​ធានា​និរន្តរភាព នៃ​ជីវចម្រុះ នៃ​ការ​ប្រើប្រាស់​ថាមពល នៃ​អាហារ​ និងទឹក​ដែល​យើង​បរិភោគ សម្រាប់​ប្រយោជន៍​យូរអង្វែង​ដល់​មនុស្ស​គ្រប់ៗគ្នា"។

លោក​មាន​ប្រសាសន៍បន្ថែម​ថា៖ "សកម្មភាព​វិជ្ជមាន​របស់​យើង​នៅ​ថ្ងៃ​នេះ និង​នៅ​អនាគត​សម្រាប់​ភព​ផែនដី បង្កើត​បាន​ជា​ទង្វើ​គំរូ​ល្អ និង​ជា​កេរ្តិ៍តំណែល​សម្រាប់​មនុស្ស​ជំនាន់ក្រោយៗទៀត"។

ចូរយើង​រួម​គ្នា​កសាង​អនាគត​មួយ​ដែល​មាន​បរិស្ថាន និង​ធម្មជាតិ​ល្អ​ប្រសើរ​ ស្រស់បំព្រង ប្រកប​ដោយ​សុវត្ថិភាព និង​សេចក្ដី​សុខ​ក្នុង​ភាព​បៃតង​ស្អាត សម្រាប់​ជា​ប្រយោជន៍​ដល់​មនុស្ស​ជំនាន់បច្ចុប្បន្ន និង​អនាគត៕