ឡូយ​ហ្មង! មាន សូនីតា ត្រៀម​ដំណើរ​ការ​គម្រោង "ស្រឡាញ់" ២​ទៀត ដឹង​ថា​មាន​អី​ខ្លះ​ទេ?

  • 2020-04-17 02:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាន​ដំណើរ​ការ​គម្រោង "ស្រឡាញ់" យ៉ាង​ជោគជ័យ​ដោយ​បំផុស​ឲ្យ​មាន​ការ​ពេញ​និយម​សម្រាប់​ការ​ប្រើ​ប្រាស់​ក្រមា​របស់​ខ្មែរ​ប្រមាណ​៣​ឆ្នាំ​មក​ហើយ​នោះ ឥឡូវ រាជនី​ក្រមា បង្ហើប​ថា នាង​គ្រោង​នឹង​ដំណើរ​ការ​គម្រោង "ស្រឡាញ់" ចំនួន​២​បន្ថែម​ទៀត។

តាម​ការ​បញ្ជាក់​របស់ មាន សូនីតា គម្រោង​ទាំង​ពីរ​ដែល​ជ្រក​ក្រោម​ឈ្មោះ "ស្រឡាញ់" ដែរ​នោះ ទី១ គឺ​ជា​ផែន​ការ​ធ្វើ​ឲ្យ​ក្រមា​ខ្មែរ ត្រូវ​បាន​ពេញ​និយម​នៅ​ផ្នែក​ផ្សេង​ៗ​ទៀត ពោល​គឺ មិន​ត្រឹម​តែ​អាច​ប្រើ​សម្រាប់​ការ​បង់​ក និង​យក​មក​ច្នៃ​ធ្វើ​ជា​វត្ថុ​អនុស្សាវរីយ៍ និង​ច្នៃ​ជា​សំលៀកបំពាក់ នាង​នឹង​ជំរុញ​ក្រមា​ខ្មែរ​ទៅ​ខាង​ផ្នែក​តុប​តែង​លម្អ​គេហដ្ឋាន ឬ​នៅ​តាម​សណ្ឋាគារ​ថែម​ទៀត។

សូនីតា បន្ថែម​ឈ្មោះ​ឲ្យ​គម្រោង​នេះ​ថា "ស្រឡាញ់​ដេគ័រ" ដែល​មាន​ទិសដៅ​ឲ្យ​ការ​ប្រើ​ប្រាស់​ក្រមា​ខ្មែរ​កាន់​តែ​ទូលំទូលាយ​លើ​អ្វី​ដែល​ធ្លាប់​បាន​ប្រើ​ប្រាស់​រួច​ហើយ។ ផែន​ការ​នេះ នីតា បញ្ជាក់​ថា នាង​ចាប់​ផ្ដើម​គិត ក្រោយ​ពី​មើល​ឃើញ​ថា ការ​ប្រើ​ប្រាស់​ក្រមា​របស់​ខ្មែរ​នេះ នៅ​មិន​ទាន់​អស់​សក្ដានុពល។ ដោយ​ឡែក​គម្រោង​ទី២ តារា​ស្រី​បង្ហើប​ថា មិន​មាន​ពាក់​ព័ន្ធ​នឹង​ក្រមា​ខ្មែរ​ទៀត តែ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ម្ហូប​អាហារ​ទៅវិញ ដែល​ជា​ការងារ​ថ្មី​មួយ​របស់​នាង។

“គឺ​ខ្ញុំ​នឹង​ធ្វើ​ "ស្រឡាញ់​ញុំា" មួយ​ទៀត គឺ​ធ្វើ​ម្ហូប​អាហារ​បែប​ខ្មែរ​ៗ​លក់​ជូន​បង​ប្អូន​យើង...ម៉ាក់​ខ្ញុំ​គាត់​ចង់​ធ្វើ​អីចឹង គឺ​ធ្វើ​ម្ហូប​ខ្មែរ​ៗ​ណា​បង!”។ ការងារ​ទាំង​ពីរ​នេះ មាន សូនីតា ឲ្យ​ដឹង​ថា នាង​បាន​គិត​យូរ​មក​ហើយ ប៉ុន្តែ​ដោយ​សារ​កាលៈទេសៈ និង​ការ​ខ្វះ​ខាត​កម្លាំង​ផង ទើប​អូស​បន្លាយ​មក​ដល់​ពេល​នេះ។ បើ​មិន​មាន​អ្វី​មក​រាំង​ស្ទះ​ទេ គម្រោង​ទាំង​ពីរ​របស់ មាន សូនីតា គឺ​នឹង​ដំណើរ​ការ​ឆាប់​ៗ​នេះ​តែ​ម្ដង ព្រោះ​អ្វី​ៗ​រៀប​ចំ​ស្ទើរ​ស្រេច​បាច់​អស់​ហើយ។

មាន សូនីតា គឺ​ជា​តារា​ស្រី​ទី​១ ដែល​បាន​ចុះ​ដៃ​ធ្វើ​ការងារ​ផ្សព្វផ្សាយ​អំពី​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ប្រាស់​ក្រមា​ខ្មែរ រហូត​ដល់​របស់​ប្រើ​ប្រាស់​ជាប់​ខ្លួន​របស់​ខ្មែរ​មួយ​នេះ ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ច្រើន។ ដូច្នោះ​ហើយ ទើប​នាង​ត្រូវ​បាន​អ្នក​គាំទ្រ​ប្រសិទ្ធិនាម​ថា​ជា "រាជិនី​ក្រមា​ខ្មែរ"។ មក​ទល់​បច្ចុប្បន្ន ក្រមា​ខ្មែរ​ត្រូវ​បាន​ប្រើ​ប្រាស់​កាន់​តែ​ទូលំ​ទូលាយ ក្នុង​នោះ​មិន​ត្រឹម​តែ​ស្រុក​ទេ ប៉ុន្តែ​ក្រមា​ខ្មែរ ក៏​ត្រូវ​បាន​ឈ្មួញ​ខ្មែរ​ខ្លះ នាំ​យក​ទៅ​លក់​នៅ​បរទេស​ថែម​ទៀត ដែល​ធ្វើ​ឲ្យ​បរទេស​កាន់​តែ​ច្រើន​ស្គាល់​ពី​ផលិតផល​ខ្មែរ​មួយ​នេះ។

ក្រៅ​ពី​នេះ ក្រមា​ខ្មែរ ក៏​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ជា​វត្ថុ​អនុស្សាវរីយ៍​នៅ​ក្នុង​ពិធី​មង្គល​ការ ឬ​ក៏​សប្បុរសជន​ខ្លះ​ទិញ​ចែក​ជូន​ភ្ញៀវ​បរទេស​ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា​ទៀត​ផង។ ផ្សព្វផ្សាយ​ពី​ការ​ប្រើ​ប្រាស់​ក្រមា​ខ្មែរ មាន សូនីតា បាន​ដំណើរ​ការ​គម្រោង "ស្រឡាញ់" ជា​ច្រើន​ឆ្នាំ​មក​ហើយ ក្នុង​នោះ​នាង​មាន ហាង​លក់​វត្ថុ និង​របស់​ប្រើ​ប្រាស់​ច្នៃ​ពី​ក្រមា​ខ្មែរ​មួយ​នៅ​ក្នុង​ភូមិ​សាស្ត្រ​ទឹក​ដី​បឹង​កេងកង។

រូបភាព៖ ហ្វេសប៊ុក សូនីតា

សូនីតា បង្ហើប​ថា នាង​មាន​តែ​ហាង​លក់​ផលិតផល "ស្រឡាញ់" មួយ​នេះ​ទេ ប៉ុន្តែ​តាម​គម្រោង​នាង​នឹង​បើក​សាខា​បន្ថែម​ទៀត ក្រោយ​ពី​ដំណើរ​ការ​គម្រោង​២​ខាង​លើ "ស្រឡាញ់​ដេគ័រ" និង "ស្រឡាញ់​ញុំា" បាន​រឹង​ដៃ​រឹង​ជើង​ហើយ៕

ទស្សនា​ម៉ូដ​សំលៀកបំពាក់​ជា​ច្រើន​ម៉ូដ ស្អាត​ៗ សូនីតា យក​ក្រមា​មក​ច្នៃ!

អត្ថបទ៖ ទារិកា