លាងដៃញឹកញាប់រហូតស្ងួត ប្រេះ គួរសាកវិធីកែខៃនេះដើម្បីប្រែជាស្អាតនិងសុវត្ថិភាពពី Covid-19

  • 2020-04-24 08:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អំ​ឡុង​ Covid-19 ​មនុស្ស​ជា​ច្រើន​ក៏​មាន​បញ្ហា​ស្បែក​ដៃ​ផង​ដែរ ​ដោយសារ​តែ​ពួក​គេ​លាង​ដៃ​ញឹក​ញាប់​ជាមួយ​សាប៊ូ ​ឬ​​អាល់​កុល​ដែល​មាន​សាមាសធាតុ​ដល់​ទៅ ៧០​% ​ដើម្បី​​ឲ្យ​ប្រាកដ​ថា​មេរោគ​មិន​អាច​តោង​បាន​។ ​វិធី​ដ៏​ល្អ​នេះ​បាន​ជួយ​ចូល​រួម​ទប់​ស្កាត់​ការ​ឆ្លង​នៃ​ជំ​ងឺ Covid-19 ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ​សម្រាប់​អ្នក​ដែល​ជួប​ប្រទះ​ដៃ​ប្រែ​ជា​ស្ងួត ​ប្រេះ​ ​ក៏​ត្រូវ​រក​វិធី​ដើម្បី​​រក្សា​ដៃ​ឲ្យ​នៅ​ស្អាត​ដូ​ចដើម។ ​​ហេតុ​នេះ​ហើយ ​​ជំនួយ​ការ​សាស្រ្តចារ្យលោក​ស្រី​វេជ្ជបណ្ឌិត Suwirakorn Thamsak ​​ប្រធាន​នៃ​សមាគម​ជំនាញ​ផ្នែក​សើ​ស្បែក​​និង​សកម្មភាព​សង្គម​នៅ​ប្រទេស​ថៃ ​ផ្តល់​អនុសាសន៍​អំពី​ការ​ថែរក្សា​ដៃ​ឲ្យ​មាន​សុខភាព​ល្អ ​មិន​ស្ងួត​បាន​។

​ផ្អែក​តាម​លោក​ស្រី​វេជ្ជបណ្ឌិត​​ណែ​នាំ​ថា ​​បន្ទាប់​ពី​លាង​ដៃ​ដោយ​​ទឹក​អាល់​កុល​​រួច អ្នក​អាច​លាប​ផលិត​ផល​ផ្តល់​សំណើម​ដូច​ជា ​ជែល​ប្រទាល​កន្ទុយ​ក្រពើ ​គ្លី​សេរីនឬ ​វីតាមីន E ​​ជា​ដើម ដោយ​លាប​ថ្នម​ៗ​លើ​បាត​ដៃ​​ភ្លាម​ៗ។ ​ប៉ុន្តែ​បើ​ប្រើ​​ជែល​លាង​ដៃ​ ​ត្រូវ​រង់​ចាំ​រហូត​​ជែល​ស្ងួត​សិន ​មុន​ពេល​លាប​ផលិត​ផល​ផ្តល់​សំណើម​ទាំង​នោះ​។

រូបតំណាង

​តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ ប្រសិន​បើ​មាន​បញ្ហា​អាឡែហ្សី​ជាមួយ​អាល់​កុល?

តាម​ការ​សិក្សា ​កម្រ​មាន​អ្នក​អាឡែហ្សី​ជាមួយ​អាល់​កុល​ណាស់ លុះ​ត្រា​តែ​អ្នក​​ប្រើ​ចំ​អាល់​កុល​ក្លែង​ក្លាយ​​​ដែល​មាន​សារជាតិ​មេតាណុល​ច្រើន ទើប​ធ្វើ​ឲ្យ​មាន​បញ្ហា​នេះ​កើត​ឡើង។ យ៉ាង​ណា​ក៏​ដោយ ​​ប្រសិន​អ្នក​ជួ​បញ្ហា​នេះ អ្នក​គួរ​ប្រើ​ស្រោម​ដៃ​​ ដើម្បី​ចៀស​វាង​មេរោគ​តោង​ផ្ទាល់​មក​លើ​ស្បែក​ដៃ​​ផង​ដែរ។

រូបតំណាង

​​​​​​​តើ​ការ​​ប្រើ​​សាប៊ូ​​លាង​សម្អាត​ដៃ ​និង​លាង​ដៃ​​ដោយ​អាល់​កុល ឬ ជែល​លាង​ដៃ​​ មួយ​ណា​ល្អ​ប្រសើរ​ជាង? ​​​ ជា​ធម្មតា ​ទាំង​ផលិត​ផល​សម្អាត​ដៃ​ដូច​ជា​សាប៊ូ ​និង​ការ​ប្រើ​អាល់កុល ឬ​ជែល​​លាង​​ដៃ​ សុទ្ធ​តែ​អាច​​កម្ចាត់​មេរោគ​និង​ពពួក​​សុខុម​ប្រាណ​បាន។ ​យ៉ាង​ណា​មិញ ​​អាល់​កុល ​និង​ជែល​លាង​ដៃ​មាន​លក្ខណៈ​ងាយ​ស្រួល​ជាង ព្រោះ​​នៅ​ពេល​អ្នក​ចាំ​បាច់​ត្រូវ​ចេញ​ក្រៅ​ផ្ទះ ​ឬ​ក្នុង​ស្ថាន​ភាព​​ប្រញាប់ ​​អ្នក​អាច​ប្រើ​វា​បាន​ បើ​ទោះ​ផលិត​ផល​ទាំង​នោះ​​ថ្លៃ​បន្តិច​ក៏​ដោយ។

បន្ថែម​ពី​នេះ ​​​ជែល​សម្រាប់​លាង​ដៃ​ជាមួយ​អាល់​កុល​​អាច​សម្លាប់​មេរោគ Covid-19 ​​បាន​ប៉ុន្តែ​វា​មិន​អាច​សម្លាប់​បាក់​តេរី​និង​មេរោគ​ផ្សេង​ៗ​​ដូច​ជា ​Rotavirus និង Norovirus ​ឡើយ។ ​ការ​​លាង​ដៃ​ជាមួយ​ជែល ឬ​អាល់​កុល​ សម្អាត​ដៃ​ឲ្យ​បាន​ត្រឹម​ត្រូវ ​គឺ​ជា​ទម្លាប់​ដ៏​មាន​សារៈ​សំខាន់ ព្រោះ​វា​អាច​ការពារ​ពី​មេរោគ​​​រាត​ត្បាត​ផ្សេង​ៗ ​រួម​ទាំង​ជំ​ងឺ​ផ្លូវ​​ដង្ហើម​ ​ជំ​ងឺ​រាគ និង​​មេរោគ​រមាស់​​ស្បែក​ផង​ដែរ។

រូបតំណាង

ដូច្នេះ ​អ្នក​ទាំង​អស់​គ្នា​គប្បី​កុំ​ចេញ​ក្រៅ​ផ្ទះ​ក្នុង​ករណី​មិន​ចាំ​បាច់ ​ឧស្សាហ៍​លាង​ដៃ ​ញ៉ាំ​​អាហារ​ក្តៅ​ៗ ​ហូប​អាហារ​សុខភាព ​ពាក់​ម៉ាស ​រក្សា​គម្លាត ​ដើម្បី​ចូល​រួម​ទប់​ស្កាត់​ទាំង​អស់​គ្នា​នូវ​វិបត្តិ​នៃ Covid-19 ​៕

អានបន្ត៖ ​ អត្ថប្រយោជន៍​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៃការញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជា​រៀង​រាល់​ព្រឹក​

ប្រភព៖ goodlifeupdate   ប្រែ​សម្រួល៖ លឹម សុនា