នាយករដ្ឋមន្ត្រី​ថៃ​ ស្នើសុំ​ឲ្យ​ពួក​អ្នក​មាន​ជួយ​ ព្រោះកូវី​ដ​១៩​អាចវាយប្រហារ​សេដ្ឋកិច្ច​ថៃ​៩​ខែ​ទៀត

  • 2020-05-06 07:02:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សេដ្ឋកិច្ច​ថៃ​ទំនងជា​នឹង​បន្ត​រង​ផល​ប៉ះពាល់​ពី​ការវាយប្រហារ​ពី​ជំងឺ​កូវី​ដ​១៩ រយៈពេល​៩​ខែ​ទៀត នេះ​បើ​តាម​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ថ័ន្ទ​អូ​ចា​។​

​ក្នុង​អំឡុងពេល​ធ្វើ​សន្និសីទកាសែត​មួយ​ក្រោយ​ប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​អង្គារ​ទី​០៥​ឧសភា លោក​ប្រា​យុទ្ធ បាន​និយាយថា​ "​យើង​រំពឹងថា​ផលប៉ះពាល់​លើ​សេដ្ឋកិច្ច​អូសបន្លាយ​ពេល​មួយ​រយៈ​ទៀត មិនមែន​៣​ខែ តែ​អាច​៦​ទៅ​៩​ខែ​។​យើង​ត្រូវ​ត្រៀម​វិធានការ​ដោះស្រាយ​។"​ ​ឧត្តមសេនីយ៍ប្រា​យុទ្ធ បាន​និយាយទៀតថា​ លោក​ពិចារណា​ស្នើសុំ​អ្នកជំនួញ​មានៗ​សហការ​ដោះស្រាយ​ផលប៉ះពាល់​សេដ្ឋកិច្ច​បណ្តាលមកពី​ជំងឺឆ្លង​នេះ ដូចដែល​លោក​បាន​ធ្វើ​ម្តង​មក​ហើយ​គឺ​ផ្ញើ​លិខិត​ទៅ​​កាន់​កំពូល​អ្នកមាន​២០​រូប​របស់​ប្រទេស​ដើម្បី​សុំ​ឲ្យពួកគេ​ជួយ​។​ ​រដ្ឋាភិបាល​ថៃ​បាន​ដាក់​ចេញ​កញ្ចប់​ថវិកា​សង្គ្រោះ​សេដ្ឋកិច្ច​និង​សម្រាល​បន្ទុក​តម្លៃ​១,៩៧​លាន​លាន​បាត​ជា​កម្មវិធី​សង្គ្រោះ​ធំ​បំផុត​ដែល​ប្រទេស​ថៃ​មិន​ដែល​ធ្លាប់​ដាក់ចេញ​ដើម្បី​សម្រាល​ការខូចខាត​សេដ្ឋ​​កិច្ច​និង​ទុក្ខសោក​បង្ក​ឡើង​ពី​កូវី​ដ​១៩​។​ក្នុង​ចំនួន​ទឹកប្រាក់​នេះ ១​លាន​លាន​បាត​សម្រាប់​ចែក​ដល់​ប្រជាជន​ក្រីក្រ​ដែល​រង​ផល​ប៉ះពាល់​ពី​ជំងឺឆ្លង​នេះ ការចំណាយ​លើ​សុខាភិបាល ការស្តារ​សេដ្ឋកិច្ច​និង​សង្គម​។​

​ប្រាក់​៥០០​ពាន់​លាន​បាត​ទៀត​លៃ​ទុក​សម្រាប់​គម្រោង​ឥណទាន​ការប្រាក់​ទាប​ដល់​បណ្តា​ក្រុមហ៊ុន​សហ​គ្រាន​ធុន​តូច​និង​មធ្យម​ហើយ​ប្រាក់​៤០០​ពាន់​លាន​សម្រាប់​មូលនិធិ​ស្ថិរភាព​មូល​ប​ត្រ​សារ​ជីវ​កម្ម​។​ ​កាលពី​ខែ​មីនា ធនាគារកណ្តាល​ថៃ​បាន​ព្យាករថា សេដ្ឋកិច្ច​ថៃ​នឹង​មាន​កំណើន​អវិជ្ជមាន​(​ដក​)៥,៣​ភាគរយ​នៅ​ឆ្នាំនេះ ធៀប​នឹង​កំណើន​វិជ្ជមាន​២,៨​ភាគរយ​ដែល​ធនាគារ​បាន​ព្យាករ​ទុក​នៅ​មុន​​ផ្ទុះ​កូវី​ដ​១៩​។​ ​ឧត្តមសេនីយ៍ ប្រា​យុទ្ធ ក៏​បាន​ព្រមាន​ថា ហាង​ណា​ដែល​មិន​អនុវត្ត​វិធានការ​គ្រប់គ្រង​ជំងឺ នឹង​ត្រូវ​បិទទ្វារ នៅពេល​រដ្ឋាភិបាល​បាន​ចាប់ផ្តើម​បន្ធូរបន្ថយ​វិធានការ​ស្ថានភាព​គ្រាអាសន្ន ក្នុង​បំណង​ស្តារ​​សេដ្ឋកិច្ច​ឡើងវិញ​។​

​ការព្រមាន​របស់​លោក​កើតឡើង​ចំពេល​ប្រជាជន​នាំគ្នា​ទៅ​ផ្សារ​ពពាក់ពពូន ដើម្បី​ទិញ​សុរា ​បន្ទាប់​ពី​បម្រាម​លក់​ស្រា​និង​ស្រា​បៀរ​ត្រូវបាន​ដកចេញ​នៅ​ខេត្ត​ជាច្រើន​និង​ក្រុង​បាងកក​។ លោក​ប្រា​យុទ្ធ​បានបញ្ជាក់ថា រដ្ឋាភិបាល​ត្រៀម​បើក​ប្រទេស​ឡើងវិញ​ដំណាក់កាល​ទី​២ បើ​ដំណាក់កាល​ទី​១​ទទួលបាន​ជោគជ័យ​៕​

ប្រភព ៖ rasmeinews