អ្នកស្នងតំណែង Poco F1 ចេញមុខជាផ្លូវការ ប្រើឈីប SD865 តម្លៃ ៥០០ដុល្លារ

  • 2020-05-13 01:49:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Poco F1 គឺ​ជា​ស្មាតហ្វូន​មហា​កម្លាំង​មួយ​ដែល​មាន​តម្លៃ​ធូរ​បំផុត ដោយ​គេ​បាន​ចាត់​ទុក​វា​ជា​អ្នក​ពិឃាដស្មាតហ្វូន​ Flagship តម្លៃ​ថ្លៃ។ ពេល​នេះ​អ្នក​ស្នង​តំណែង​វា​បាន​ចេញ​មុខ​ជា​ផ្លូវ​ការ ក្រោយ​ទន្ទឹង​រង់ចាំ​អស់​​ជិត ២ ឆ្នាំ។

អ្នក​ស្នង​តំណែង​ Poco F1 គឺ​ Poco F2 Pro ដែល​​វា​ដូច​គ្នា​នឹង​ Redmi K30 Pro អ៊ីចឹង​ដែរ គ្រាន់​តែ​ផ្លាស់​ប្ដូរ​ឈ្មោះ​ថ្មី​ប៉ុណ្ណោះ។ ស្មាតហ្វូន​នេះ​មាន​ប្រើ​ប្រាស់​ឈីប​ Snapdragon 865 ដែល​គាំទ្រ​នូវ​សេវា 5G ហើយ​វា​​មាន​បច្ចេកវិទ្យា​បញ្ចុះ​កម្ដៅ LiquidCool 2.0 ដែល​ Poco អះអាង​ថា​អាច​ជួយ​បញ្ចុះ​កម្ដៅ​ស្មាតហ្វូន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ខ្ពស់។ អង្គ​ផ្ទុក​ទិន្នន័យ​មាន​ទំហំ​ចាប់​ពី ១២៨GB គួប​ផ្សំ​នឹង RAM ទំហំ ៦GB និង​អង្គ​ផ្ទុក​ទំហំ ២៥៦GB គួប​ផ្សំ​នឹង RAM ទំហំ ៨GB ដែល​ជា​ប្រភេទ LPDDR5 និង UFS 3.1។

ក្រៅ​ពី​បន្ទះ​ឈីប​ថ្មី ប្រព័ន្ធ​កាមេរ៉ា​ថ្មី​លើ Poco F2 Pro អាច​ជា​ចំណុច​ទាក់ទាញ​មួយ​សម្រាប់​អ្នក​គាំទ្រ។ កាមេរ៉ា​មេ​មាន​ទំហំ ៦៤MP ដែល​ប្រើ​វិធីសាស្ត្រ​ Pixel-Binning អាច​ផលិត​រូបភាព​បាន​ទំហំ ១៦MP, កាមេរ៉ា​ Telephoto ទំហំ ៥MP អាច​ Zoom បាន​ពីរ​ដង, កាមេរ៉ា Ultrawide ទំហំ ១៣MP និង​មាន​ Sensor វាស់​ជម្រៅ​ទំហំ ២MP ផង​ដែរ។ បន្ទះ​ឈីប​កម្លាំង​ខ្លាំង អាច​ឲ្យ​ Poco F2 Pro ថត​វីដេអូ​បាន​កម្រិត​ 8K/30fps និង​អាច​ថត​វីដេអូ 4K/60fps។

កាមេរ៉ា​ខាង​មុខ​មាន​ទំហំ ២០MP ដែល​ប្រើ​ប្រាស់​បច្ចេកទេស​បង្កប់​ខ្លួន​ក្នុង​តួ​ម៉ាស៊ីន។ បច្ចេកទេស​អាច​ឲ្យ​គេ​បង្កើត​បាន​ Poco F2 Pro ដែល​មាន​អេក្រង់​ទំហំ ៦,៦៧អ៊ីញ លាត​សន្ធឹង​គ្មាន​ចំណុច​រំខាន​ភ្នែក។ បន្ទះ​អេក្រង់ Super AMOLED នៃ​ស្មាតហ្វូន​នេះ​គាំទ្រ​នូវ HDR+ និង​មាន​កម្រិត​បង្ហាញ​ 1080p+ ដែល​មាន​បង្កប់​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ផង​ដែរ។ អេក្រង់​នេះ​មាន​កម្រិត​បង្ហាញ​ត្រឹម 60Hz ប៉ុណ្ណោះ។

ថាមពល​ថ្ម​មាន​ទំហំ ៤៧០០ mAh ដែល​ធំ​ជាង​មុន ហើយ​អាច​សាក​លឿន​ជាង​មុន​ជា​មួយ​ល្បឿន ៣០វ៉ាត់ ​ឯណោះ។

Poco F2 Pro នឹង​មាន​លក់​លើ​អនឡាញ​នៅ​លើ​ទីផ្សារ​បរទេស​ ដែល​វា​មាន​តម្លៃ​ចាប់​ពី​ ៥០០ដុល្លារ​ ដល់ ៦០០ដុល្លារ សម្រាប់​ទីផ្សារ​សហរដ្ឋអាមេរិក៕​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង