សមាគមមិត្តនគរបាលជាតិកម្ពុជា ប្រតិកម្មនិងក្រុមកំប្លែង ដែលសម្តែងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់នគរបាលជាតិ

  • 2020-06-17 04:27:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមលិខិតមួយច្បាប់របស់សមាគមមិត្តនគរបាលជាតិកម្ពុជា ចុះហត្ថលេខាដោយនាយឧត្តមសេនីយ៍ ប៉ែន វិបុល ផ្ញើទៅកាន់ឯកឧត្តម ខៀវ កញ្ញា​រីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្តីពីការសំណូមពរពិនិត្យកែលម្អដល់ស្ថានីយ៍ទូរទស្សន៍ ក៏ដូចជាក្រុមសិល្បករ ដែលបានសម្តែងវិដេអូកំប្លែង ប្រើប្រាស់ឯកសណ្ឋាននគរបាលចរាចរណ៍ ផ្អែកតាមបទដ្ឋាន និងស្លាកសញ្ញាមន្ត្រីមិនត្រឹមត្រូវ ដែលប៉ះពាល់ដល់ សេចក្តីថ្លៃថ្នូររបស់នគរបាលជាតិ។

នៅក្នុងលិខិតនេះបានសរសេរសង្កត់ធ្ងន់ថា “មួយរយៈកន្លងមកនេះជាពិសេសស្ថិតក្នុងស្ថានភាពដែលក្រសួងមហាផ្ទៃ បាននឹងកំពុងធ្វើយុទ្ធនាការពង្រឹង ការអនុវត្តច្បាប់ចរាចរណ៍ សមាគមមិត្ត នគរបាលជាតិកម្ពុជា បានពិនិត្យ និងសង្កេតឃើញថា មានស្ថានីយទូរទស្សន៍ ក៏ដូចជាសិល្បករមួយចំនួនបានផលិត ជាខ្សែវីដេអូកំប្លែងខ្លី ដោយឈុតសាច់រឿងខ្លះ បានសម្ដែងជាតួអង្គមន្ត្រីនគរបាលជាតិ ដែលមានការស្លៀកពាក់ ឯកសណ្ឋានមិនបានត្រឹមត្រូវ និងមិនគ្រប់គ្រាន់សញ្ញាសម្គាល់ ផ្អែកតាមបទដ្ឋាន ស្ដីពីឯកសណ្ឋាន និងស្លាកសញ្ញាមន្ត្រី នគរបាលជាតិដែលបានកំណត់ ហើយតួអង្គនគរបាលមានសក់វែង និងបានប្រើពាក្យសំដីខ្លះមិនសមរម្យទៅនឹងក្រមសីលធម៌វិជ្ជាជីវៈរបស់ មន្ត្រីនគរបាលជាតិទៀតផង”។

ហេតុដូចនេះទើបសមាគមមិត្តនគរបាលជាតិកម្ពុជាយល់ឃើញថា ពិតជាមានផលប៉ះពាល់ជះឥទ្ធិពលមិនល្អដល់កិត្យានុភាព និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ ដែលបាននិងកំពុងខិតខំប្រឹងប្រែងបំពេញភារកិច្ចថែរក្សាការពារសន្តិសុខ​ សណ្តាប់ធ្នាប់ សុវត្ថភាព និងស្ថេរភាពសង្គម ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ។

សូមមើលសេចក្តីដូចខាងក្រោម៖

ប្រភព៖ សមាគមមិត្តនគរបាលជាតិកម្ពុជា