អ្នកវិទ្យាសាស្រ្តជប៉ុនបង្កើតស្បែក​មនុស្ស​លើ​ម្រាមដៃមនុស្ស​យន្ត និងអាចជាសះពីរបួស​បានទៀត​

  • 2026-10-13 02:15:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យតូក្យូ ប្រទេសជប៉ុន បានបង្កើតស្បែកមនុស្សរស់នៅលើម្រាមដៃមនុស្សយន្ត ដែលអាចបត់បែនតាមចលនា បង្កើតស្នាមជ្រួញដូចម្រាមដៃមនុស្សពិត និងអាចជួសជុលរបួសដោយខ្លួនឯងបាន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Science Times កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។

ការស្រាវជ្រាវនេះដឹកនាំដោយលោក Shoji Takeuchi វិស្វករបង្កាត់ជីវសាស្ត្រ (biohybrid) ដែលសិក្សាអំពីការរួមបញ្ចូលជាលិកាមានជីវិតជាមួយម៉ាស៊ីន។ ក្រុមស្រាវជ្រាវបានប្រើកោសិកាស្បែកមនុស្ស និងសារធាតុកូឡាជែន ដើម្បីបង្កើតស្រទាប់ស្បែកខាងក្នុង ហៅថា dermis បន្ទាប់មកបន្ថែមកោសិកាដែលបង្កើតស្រទាប់ស្បែកខាងក្រៅ ហៅថា epidermis។

ស្បែកដែលបង្កើតឡើងអាចលាតសន្ធឹង និងបត់តាមចលនារបស់ម្រាមដៃមនុស្សយន្ត ដោយមិនងាយរហែក។ នៅពេលម្រាមដៃធ្វើចលនា ស្បែកក៏បង្កើតស្នាមជ្រួញតាមសន្លាក់ ដែលធ្វើឱ្យវាមើលទៅដូចម្រាមដៃមនុស្សពិតជាងមុន។

ចំណុចគួរឱ្យចាប់អារម្មណ៍មួយទៀត គឺសមត្ថភាពជួសជុលរបួស។ អ្នកស្រាវជ្រាវបានបង្កើតស្នាមកាត់តូចមួយលើស្បែក ហើយបិទដោយបន្ទះកូឡាជែន។ កោសិកាស្បែកបានភ្ជាប់ជាមួយបន្ទះនេះ និងជួសជុលរបួសក្នុងរយៈពេលប្រហែលមួយសប្តាហ៍។

ទោះជាយ៉ាងណា បច្ចេកវិទ្យានេះនៅមានកម្រិត ដោយសារស្បែកមានជីវិតត្រូវការរក្សាសំណើម និងការថែទាំសមស្រប ដើម្បីឱ្យកោសិកាអាចរស់រានបាន។ អ្នកវិទ្យាសាស្ត្ររំពឹងថា ការរីកចម្រើននេះអាចជួយដល់ការស្រាវជ្រាវវេជ្ជសាស្ត្រ ការអភិវឌ្ឍអវយវៈសិប្បនិម្មិត និងមនុស្សយន្តដែលមានរូបរាងដូចមនុស្ស។ នៅពេលអនាគត បច្ចេកវិទ្យាស្បែកមានជីវិតអាចធ្វើឱ្យមនុស្សយន្តមានរូបរាងប្រាកដនិយម និងអាចធ្វើអន្តរកម្មជាមួយមនុស្សបានកាន់តែធម្មជាតិ៕

ប្រភព៖ The Science Times

ដោយ៖ តារា