ហ៊ុយ យ៉ាឡេង៖ រោងភាពយន្ដមានសុវត្ថិភាព១០០% ចូលទស្សនានៅថ្ងៃឈប់សម្រាកនេះទាំងអស់គ្នា

  • 2020-08-17 02:34:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតករ​ភាពយន្ត លោក ហ៊ុយ យ៉ាឡេង សំណូមពរ​ដល់​ប្រិយមិត្ត​ដែល​ស្រឡាញ់​ភាពយន្ត​ចូល​រួម​គាំទ្រ​ភាពយន្ត​វិស័យ​ឡើង​វិញ​នៅ​អំឡុង​ពេល​ឈប់​សម្រាក​ជាង​១​សប្ដាហ៍​នេះ។ ការ​សំណូមពរ ធ្វើ​ឡើង​ក្រោយ​ពី​លោក​ដើរ​ទស្សនា​សាក​គ្រប់​រោងភាពយន្ត​ល្បីៗ​នៅ​ភ្នំពេញ ឃើញ​ថា​មាន​សុវត្ថិភាព​១០០%​ហើយ។

ម្ចាស់​ខ្សែភាពយន្ត​រឿង"ដើម្បី​កូន" លោក ហ៊ុយ យ៉ាឡេង សង្កេត​ឃើញ​ថា គ្រប់​រោងភាពយន្ត​ដែល​លោក​បាន​ចុះ​ពិនិត្យ និង​អង្គុយ​ទស្សនា​ដោយ​ផ្ទាល់​នោះ បាន​អនុវត្ត​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​អាជ្ញាធរ​មាន​សមត្ថកិច្ច។ លោក​ក៏​សុំ​ឲ្យ​អ្នក​ចូល​រួម​ទស្សនា​ទាំង​អស់ ត្រូវ​ពាក់​ម៉ាស បាញ់​អាល់កុល និង​វាស់​កម្ដៅ​មុន​នឹង​ចូល​សាល​ទស្សនា។

រោងភាពយន្ត​នៅ​ទូទាំង​ប្រទេស បាន​បិទ​ជា​បណ្ដោះអាសន្ន​ចាប់​តាំង​ពី​ថ្ងៃទី១៧ ខែ​មីនា ឆ្នាំ​២០២០ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាលដាល នៃ​មេរោគ​កូវីដ-១៩ ហើយ​រាជរដ្ឋាភិបាល​ទើប​អនុញ្ញាត​ឲ្យ​រោងភាពយន្ត​បើក​ដំណើរការ​ឡើង​វិញ ប៉ុន្តែ​ក្រោយ​បើក​ដំណើរ​ការ​ប៉ុន្មាន​ថ្ងៃ​មក​នេះ​គេ​សង្កេត​ឃើញ​ថា​មិន​ទាន់​មាន​អ្នក​ចូល​ទស្សនា​ច្រើន​នៅ​ឡើយ​ទេ។

រយៈ​ពេល​ជិត​កន្លះ​ឆ្នាំ នៃ​ការ​បិទ​រោងភាពយន្ត​នេះ បាន​ធ្វើ​ឲ្យ​ផលិតករ​ភាពយន្ត និង​ម្ចាស់​រោងភាពយន្ត ត្អូញត្អែរ​ពី​ការ​បាត់​ចំណូល ដោយ​ម្នាក់​ៗ​នៅ​សល់​រឿង​មិន​ចេះ​តិច​នៅ​ក្នុង​ដៃ។ អ្នក​វិនិយោគ​លើ​វិស័យ​ភាពយន្ត មាន​រឿង​ល្អៗ​មើល និង​ថ្មី​ៗ​ដែល​មាន​នៅ​ក្នុង​ដៃ​ស្រាប់ សម្រាប់​ចាក់​ជូន​ប្រិយមិត្ត​ទស្សនា​ក្នុង​ថ្ងៃ​ឈប់​សម្រាក​រយៈ​ពេល​១០​ថ្ងៃ នេះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទថ្មី