ភ្ញាក់ព្រើត! ឆ្លងកាត់អាជីព​សិល្បៈ​ជិត​១៤​ឆ្នាំ​​​ អេដា មិនអាចច្រៀងបទប្រភេទនេះបាន​

  • 2020-09-11 08:46:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អេដា ដែល​ជា​តារា​ចម្រៀង​ស្រី​ល្បីឈ្មោះ​ម្នាក់​ក្នុង​ស្រទាប់​យុវវ័យ បាន​បង្ហាញ​អាថ៌កំបាំង​មួយ​ក្នុង​អាជីព​ចម្រៀង​របស់​ខ្លួន​រយៈ​ពេល​ជិត​១៤​ឆ្នាំ ខណៈ​ដែល​អ្នក​គាំទ្រជាច្រើន​ងឿងឆ្ងល់ ថា​​ហេតុ​អ្វី​បាន​ជា​Idol ពួកគេ​មិន​ដែល​ចេញ​បទ​ប្រពៃណី​ទាក់ទង​នឹង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ឬ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ប្រពៃណី​ជាតិ​ទាល់​តែ​សោះ​នោះ។

អេដា បាន​ស្រាយ​ចម្ងល់​នេះ​តាម​រយៈ Sabay នៅ​ថ្ងៃទី១១ ខែ​កញ្ញា ថា រូប​នាង​ផ្ទាល់ ស្រឡាញ់ និង​ចូល​ចិត្ត​ស្ដាប់​បទ​ប្រពៃណី​ដែរ ប៉ុន្តែ​ខ្លួន​ឯង​មិន​អាច​​ច្រៀង​ទៅ​រួច​ ព្រោះ​សំឡេង​មិន​ត្រូវ​នឹង​បទ​ប្រពៃណី។ នាង​បន្ថែម​ថា ទៅ​ថ្ងៃ​អនាគត​ក៏​នាង​ពុំ​មាន​បំណង​ច្រៀង​បទ​ប្រពៃណី​ដែរ ប៉ុន្តែ​នៅថ្ងៃណាមួយនាងអាច​និពន្ធ​ឲ្យ​គេ​ច្រៀង​បាន។

អេដា៖"មិន​ថា​អត់​ចូល​ចិត្ត​ទេបង តែ​ខ្ញុំ​អត់​មាន​ទំនោរ​ទៅ​ខាង​ប្រពៃណី ម្យ៉ាង​សំឡេង​យើង​អត់​អំណោយផល​ទៅ​បទ​ប្រពៃណី​ផង ខ្ញុំ​ច្រៀង​បាន​តែ​បទPOP(ប្រជាប្រិយ) ដល់​អីចឹង​ខ្លាច​ខូច​បទ​ខ្ញុំ​ក៏​អត់​ហ៊ាន​ច្រៀង​ហ្មង​ទៅ"។

អេដា បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាម​រយៈ​ការ​ផលិត​បទ​ចម្រៀង​ច្រៀង​ដោយ​ខ្លួន​ឯង រួចបង្ហោះ​តាម​បណ្ដាញ​សង្គម​យូធូប​តាំង​ពី​ឆ្នាំ​២០០៦។ គិត​មក​ដល់​ពេល​ឆ្នាំ​២០២០ នេះ អេដា មាន​បទចម្រៀង​ផ្ទាល់​ខ្លួន​ប្រមាណ​៥០​បទ ហើយ។ បច្ចុប្បន្នតារាចម្រៀងរូបនេះ នៅតែឆ្លៀតច្រៀងក្នុងស្ទូឌីយោផង និង​តាមកម្មវិធីផ្សេងៗ បន្ថែមលើមុខរបរលក់គ្រឿងសម្អាងផ្ទាល់ខ្លួន។

ប្លែក​ពី​តារា​ចម្រៀង​ដទៃ​ដែល​និយម​ចេញ​បទ​ប្រពៃណី​ខ្មែរ​ទាក់ទង​នឹង​ពិធី​ភ្ជុំបិណ្ឌ​ឆ្នាំ​២០២០ នេះ អេដា បាន​ចេញ​បទ​ចង្វាក់​រ៉េប និង​បទបែបមនោសញ្ចេតនា​ចំនួន​២​បទ។ ចម្រៀង​ទាំង​២​បទ​នោះ គឺ​មាន​បទ"បាន​តែ​និយាយ" និង​បទ"ពេល​អូន​បិទ​ភ្នែក"៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទថ្មី