អេមណាស់! Aston Martin ចេញលក់ម៉ាស៊ីន Racing Simulator តែតម្លៃញាក់សាច់!

  • 2020-09-15 04:08:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របពេលដែលបច្ចេកវិទ្យាកាន់តែទំនើប បានធ្វើឲ្យ Graphics នៅក្នុងវីដេអូហ្គេមកាន់តែប្រសើរ ជាពិសេសលើហ្គេមប្រណាំងឡាន ដូចជា Forza Motorsport, Gran Turismo និង Project Cars ដែលអនុញ្ញាតឲ្យអ្នកអាចបើកឡាន Supercar ទំនើបៗ ដោយមិនបាច់ចេញពីបន្ទប់របស់អ្នកឡើយ។ ប៉ុន្តែប្រសិនបើអ្នកចង់ឲ្យបទពិសោធន៍នៃការបើកបរកាន់តែដូចពិតទៀតនោះ អ្នកត្រូវការដៃចង្កូត និងកៅអីឡានប្រណាំង។

ក្នុងនោះក្រុមហ៊ុនឡានអង់គ្លេស Aston Martin បានចេញលក់ម៉ាស៊ីនប្រណាំងឡានសិប្បនិម្មិត Racing Simulator ជាលើកដំបូងបង្អស់ ដែលឌីហ្សាញសម្រាប់អ្នកចូលចិត្តការប្រណាំងឡានតែម្តង។

ម៉ាស៊ីនប្រណាំងឡានសិប្បនិម្មិត AMR-C01 ដែលជាការសហការណ៍ផលិតរវាង ក្រុមហ៊ុន Aston Martin និង ក្រុមហ៊ុន Curv Racing Simulators ត្រូវបានផលិតពីគ្រោងឆ្អឹង Carbon Fiber ទម្ងន់ស្រាល ព្រមទាំងគ្រឿងគ្រូវគុណភាពខ្ពស់ ដែលដំឡើងដោយដៃផ្ទាល់ គួបផ្សំនឹង Software ប្រណាំងឡាន Assetto Corsa Racing Simulation ជំនាន់ចុងក្រោយបង្អស់ទៀតផង ដែលជួយឲ្យការលេងហ្គេមប្រណាំងឡាននៅលើ AMR-C01 កាន់តែជក់ចិត្ត។

អ្វីដែលរឹតតែពិសេសទៅទៀតនោះគឺ កៅអីនៃម៉ាស៊ីនខាងលើត្រូវបានយកគំរូតាមកៅអីលើរថយន្ត Aston Martin Valkyrie ទៀតផង។ គួរឲ្យដឹងថា ម៉ាស៊ីនប្រណាំងឡានសិប្បនិម្មិត Aston Martin AMR-C01 នឹងត្រូវផលិតមានចំនួនកំណត់ ត្រឹមតែ ១៥០គ្រឿងប៉ុណ្ណោះ ជាមួយនឹងតម្លៃចាប់ពី ៧៣ ៨៥០ដុល្លារក្នុងមួយគ្រឿង។ វានឹងចេញលក់នៅត្រីមាសទី៤ នៃឆ្នាំ២០២០ នេះតែម្តង៕

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ សេង ឡុង