មក​ដឹង​ពី​ហេតុផល​សំខាន់​ពីរ ដែល​ធ្វើ​ឲ្យ​លោក វី ជីវ័ន្ដ ទុក​សក់​វែង​កន្ទ្រើង

  • 2020-09-21 08:53:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តន្ត្រីករ និង​ជា​តារា​សម្ដែង លោក វី ជីវ័ន្ដ ប្ដេជ្ញា​ថា​លោក​នឹង​ទុក​សក់​វែង​កន្ទ្រើង​រហូត​ដល់​លោក​មាន​គូស្រករ ហើយ​បើ​ភរិយា​លោក​មិន​យល់​ទាស់​អ្វី​ទេ រូប​លោក​នឹង​បន្ដទុក​សក់​កន្ទ្រើង​ដដែល ព្រោះ​វា​ជា​អានុភាព​របស់​លោក​ក្នុង​អាជីព​សម្ដែង​រយៈ​ពេល​ជាង​១០​ឆ្នាំ​មក​នេះ។

តារា​និយម​សម្ដែង​បែប​ថ្លុក មាន​រាង​ខ្ពស់​ស្រឡះ​រូប​នេះ និយាយ​ថា កាល​លោក​នៅ​ជា​តន្ត្រីករ​វ័យ​ក្មេង លោកក៏​ធ្លាប់​កាត់​សក់​ខ្លី និង​ពេល​ខ្លះ​លោក​ទុក​វា​ឲ្យ​វែង​ដែរ ប៉ុន្តែ​ត្រូវ​ពន្លា​​វា​ឲ្យ​ត្រង់។ សក់​បាន​ប្ដូរ​ស្ទើរ​គ្រប់​ម៉ូត តែ​នៅ​តែ​មិន​ពេញ​ចិត្ត​លោក​សោះ ទើប​រយៈ​ពេល​ជាង​១០​ឆ្នាំ​ចុង​ក្រោយ​នេះ ម៉ូត​សក់​មួយ​បាន​ធ្វើ​ឲ្យ​លោក​ភ្ញាក់ផ្អើល។

ខុស​ពី​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត ចម្រៀង​ពោល​ពី​អានុភាព​ពុកមាត់ ដែលអាចការពារខ្មាំងសត្រូវមើលងាយ។ លោក វី ជីវ័ន្ដ បាន​បង្ហើប​ពី​ហេតុ​ផល​សំខាន់​ចំនួន​២​ដែល​ធ្វើ​ឲ្យ​លោក សម្រេច​ទុក​សក់​វែង​កន្ទ្រើង​ដូច្នេះ។ ទី១ មហាជន​ចាប់​ផ្ដើម​ស្គាល់ និង​គាំទ្រ​លោក​ច្រើន​តាម​រយៈ​សក់​នេះ និង​ទី២ ចាប់​តាំង​ពី​លោក​ទុក​សក់​វែង​កន្ទ្រើង​បែបនេះមក គឺ​លោក​រក​លុយ​បាន​ច្រើនទាំងការប្រគុំតន្ដ្រី និងអាជីពសម្ដែង។

លោក វី ជីវ័ន្ដ មាន​សក់រួញអង្គាដី​តាំង​ពី​កំណើត។ បច្ចុប្បន្ន​លោក ស្រឡាញ់ និង​ថែទាំ​សរសៃ​សក់​វែង​កន្ទ្រើង​របស់លោកស្ទើរ​ស្មើ​កែវភ្នែក។ ក្នុង១​សប្ដាហ៍ ​លោក​ត្រូវ​កក់​សក់​២​ដង។ សក់​វែង​កន្ទ្រើងដែលមើល​ទៅ​គួរ​ឲ្យ​ទើស និង​ធ្ងន់​ក្បាលនោះ ប៉ុន្តែ​សម្រាប់ ជីវ័ន្ដ វិញ​មិន​ទើស ឬ​ធ្ងន់​ក្បាល​ឡើយ ហើយលោកថែមទាំង​ពោល​ថា​វា​ស្រួល​សម្រាប់​លោក​ទៀតផង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ