​ម៉ាត់ ណូរុន តស៊ូទាំង​អស់​សង្ឃឹម​២ឆ្នាំ ​ទម្រាំ​ងើប​ផុត​ពី​ភព​ខ្មៅ​ងងឹត​

  • 2020-10-06 04:41:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ​កំពុង​លេច​ធ្លោ​បឹង​កេត ម៉ាត់ ណូរុន ​បាន​រៀបរាប់​ពី​ដំណើរ​ជីវិត​របស់​គេ​កាល​ ដែល​កំពុង​មាន​បញ្ហា​បេះដូង​អំឡុង​ឆ្នាំ​២០១៥ ដល់ ២០១៧ គិត​ទៅ​មាន​រយៈ​ពេល​ប្រមាណ​២​ឆ្នាំ​ ដើម្បី​តស៊ូ​ប្រឆាំង​និង​វាសនា​​ ទើប​អាច​វិល​ចូល​ទីលាន​វិញ​បាន។

​គ្រប់​គ្នា​ប្រហែល​ជា​បាន​ដឹង​​​ហើយ​ថា កាល​ឆ្នាំ​២០១៥ ម៉ាត់ ណូរុន ​កំពុង​ហ្វឹកហាត់​​ជា​មួយ U18 ក្រោន​ ​ហើយ​បាន​បង្ហាញ​សមត្ថភាព​លេចធ្លោ​មិន​ធម្មតា​ ​សឹង​តែ​មិន​គួរឲ្យ​ជឿ។ ប៉ុន្តែ​ទោះ​ជា​បង្ហាញ​សមត្ថភាព​ល្អ​បែប​ណា​ ក៏​គេ​មិន​អាច​​ចូល​លេង​ឲ្យ​ក្រុម​ធំ​បាន ដោយសារ​បញ្ហា​បេះដូង​។

​ក្រោយ​ពេល​ដឹង​ថា ខ្លួន​មាន​បញ្ហា​នេះ ​ហើយ​​ត្រូវ​គ្រូពេទ្យ​ហាម​មិន​ឲ្យ​លេង​បាល់​​គេ​បាន​អស់​សង្ឃឹម​ជា​មួយ​វាសនា​ដែល​ធ្វើ​បាប​។ ​គេ​តែង​អង្គុយ​គិត​តែ​ម្នាក់​ឯង​អស់​សង្ឃឹម​​ នឹង​ជីវិត​មួយ​នេះ ហើយ​ថែម​ទាំង​តូច​ចិត្ត​ជា​មួយ​ខ្លួន​ឯង ​នៅ​ពេល​ឃើញ​មិត្តភ័ក្ដិ​របស់​គេ​ ដែល​ហាត់​ស្របាល​គ្នា​បាន​បង្ហាញ​ខ្លួន​ក្នុង​ក្រុម​ជម្រើស​ជាតិ។ ​ដោយ​សារ​ភាព​ងប់ងុល​ នឹង​បាល់ទាត់ និង​ក្រោកឈរ​ចង់​ប្រឆាំង​ និង​វាសនា ផង​នោះ ណូរុន បាន​​កែប្រែ​ជីវិត ដោយ​ដើរ​លេង​បាល់​សឹង​រាល់​ថ្ងៃ​តាម​តារាង​នានា​ (Futsal ) ដើម្បី​ជំនះ​ជា​មួយ​ព្រហ្មលិខិត​​​ ​ដែល​ធ្វើ​បាប​​ខ្លួន។

ក្នុង​ការ​ដើរ​លេង​បាត់​ទាំង​ខ្លួន​មាន​បញ្ហា​បេះដូង​នេះ​​​ ឪពុក​ម្ដាយ​របស់​គេ​តែង​ដាស់តឿន​ គ្រប់​ពេល​ឲ្យ​ចេះ​ស្រលាញ់​​សុខភាព​ និង​ត្រូវ​តែ​​តាម​ដាន​សុខភាព​របស់​ខ្លួន​ឯងគ្រប់​ពេល។ ប៉ុន្តែ​ឪពុក​ម្ដាយ​របស់​គេ​ មិន​បាន​បិទ​សិទ្ធិ​​​ក្នុង​ការ​​ចូល​រួម​ប្រកួត​បាល់ទាត់​ Futsal នានា​ឡើយ​ ពោល​គឺ​មាន​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ជំនះ​​ឧបសគ្គ​​នេះ​ទៅ​វិញ​ ។

​ដោយសារ​ការ​លេង​បាល់​​រាល់​ថ្ងៃ ហើយ​​​សុខភាព​របស់​គេ​​​ធម្មតា​ពី​មួយថ្ងៃ​ទៅ​មួយ​ថ្ងៃ​​ គេ​ក៏​​បាន​សាក​ល្បង​ចូល​ធ្វើតេស្ត​នៅ​ក្លឹប​​​អគ្គិសនី​កាល​ឆ្នាំ​២០១៧។ ពេល​នោះ​ ណូរុន ​បាន​និយាយ​ថា « បង​! បើ​ធ្វើ​តេស្ត​ទៅ​ មាន​ក៏​​មាន​ទៅ ហើយ​អត់​​វិញ​ខ្ញុំ​សប្បាយ​ចិត្ត​ងាប់​ហើយ​ »។ ​ក្រោយ​ពេល​ត្រួត​ពិនិត្យ​សុខភាព​​ទៅ​ឃើញ​ថា ​ធម្មតា​ ណូរុន ក៏​ទទួល​បាន​ឱកាស​​ក្លាយ​ជា​កីឡាករ​អគ្គិសនី​​ជា​ផ្លូវ​ការ​កាល​ឆ្នាំ​២០១៧ តែ​ម្ដង។

​ម៉ាត់ ណូរុន កើត​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ១៩៩៨ ​គេ​ជា​ខ្មែរ​ឥស្លាម ឪពុក​ឈ្មោះ ណុះ ហាម៉ាត់ (អ្នក​ចំការ) ម្ដាយ​ឈ្មោះ លី សារ៉ស់ (អាជីវករ​ លក់​សាច់គោ) ទីកន្លែង​កំណើត​ច្រាំង​ចំរេះ​ ភ្នំពេញ ។ គេ​មាន​បង​ប្អូន ៤ នាក់​ជា​កូន​ទី​៤ បង​ប្រុស​ទី​១ ឈ្មោះ ប៉ាត​ ទ្រី បង​ប្រុស​ទី​២ ឈ្មោះ រ៉ អាត បង​ស្រី​ទី​៣ ឈ្មោះ សាប ព្រីយ៉ាស់ ។

​គេ​បាន​ចូល​ហាត់​នៅ​ការពារ​ជាតិ​​កាល​អាយុ ១២ ឆ្នាំ​ ដោយ​លេង​ឲ្យ​ U 14 ​ការពារ​ជាតិ ​ហើយ​ក៏​បាន​ជាប់​ជម្រើស​ជាតិ U14 ផង​ដែរ​ក្នុង​ឆ្នាំ​២០១១​ ដោយ​ហាត់​នៅ​ទ័ព​តែ ២ ទៅ​៣ ខែ​ប៉ុណ្ណោះ​។ ​ក្រុម​ជម្រើស​ជាតិ U14 កាល​នោះ​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក ប៊ួយ ដារី អតីត​គ្រូ​បង្វឹក​យុវជន​របស់​ភ្នំពេញ​ក្រោន។

​យុវជន​រូប​នេះ​ជា​អតីត​សិស្ស​ ​អនុវិទ្យាល័យ​ចម្រើន​ជាតិ​ ចន្លោះ​ថ្នាក់​ទី​១ ដល់​ទី ៩ ​​ក្រោយ​ចូល​ហាត់​នៅ​ក្រោន​ឆ្នាំ២០១១ គេ​ក៏​ត្រូវ​បាន​ក្លឹប​មួយ​នេះ​រៀប​ចំ​ឲ្យ​ចូល​រៀន​នៅ​ ប៊ែលធី ហើយ​​ក៏​ទើប​តែ​បាន​​ប្រលង​ជាប់​បាក់ឌុប​កាល​ឆ្នាំ​២០១៨ ។

​ដោយសារ​បង្ហាញ​ទម្រង់​លេង​យ៉ាង​​ល្អ​ជា​មួយ​អគ្គិសនី គេ​ក៏​ត្រូវ​បាន​ក្លឹប​បឹង​កេត​ នាំ​មក​ចូល​ក្រុម​ដោយ​ប្រកាស​ផ្លូវ​ការ​កាល​ចុង​​​ឆ្នាំ​២០១៨។ រដូវ​កាល​មុន ២០១៩ ​កីឡាករ​ខ្មែរ​ឥស្លាម​រូប​នេះ ​មិន​សូវ​បាន​ជួយ​ក្រុម​ឡើយ ដោយសារ​បញ្ហា​របួស​​ញាំញី​។ ដោយ​ឡែក​ឆ្នាំ​២០២០ នេះ​​​គេ​បាន​ជួយ​ក្រុម​ពេញលេញ និង​​រក​បាន​គ្រាប់​បាល់​ចំនួន ១៥ គ្រាប់​គិត​ត្រឹម​សប្ដាហ៍​ទី​១៦ នៃ​លីគ​កំពូល​កម្ពុជា ៕ ​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​