សម្ដេចតេជោ ហ៊ុន សែន អំពាវនាវ​កុំឲ្យ​ពលរដ្ឋ​ភ័យស្លន់ស្លោ គ្មាន​ការ​ដាក់ប្រទេស​ក្នុងគ្រាអាសន្ន​នោះទេ!

  • 2020-12-07 02:21:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​បញ្ជាក់កាលពីយប់មិញថា មិនមាន​ការ​ស្នើ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ននោះឡើយ ហើយ​ក៏​មិន​មាន​ការ​ចេញ​បទបញ្ជា​ឲ្យ​បិទ​រាជធានី​ភ្នំពេញ ដូច​ការ​ឃោសនា​ភូតកុហក​ណាមួយនោះទេ។

សម្ដេច​តេជោ ក៏បានអំពាវនាវ​ឲ្យ​ពលរដ្ឋ​ស្ងប់ស្ងាត់ កុំភ័យស្លន់ស្លោ និងចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​កូវីដ១៩ តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល។

សូមអានប្រសាសន៍ទាំងស្រុង​របស់​សម្ដេច​នាយករដ្ឋមន្រ្ដី ខាងក្រោមនេះ៖

"ព្រឹកមិញ (ព្រឹកថ្ងៃទី៦ ធ្នូ) ខ្ញុំបាននិយាយដល់ការត្រៀមបំរុងទុកនូវលិខិតនានា ដើម្បីនឹងសុំព្រះរាជក្រឹត្យដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ ក្នុងពេលជាមួយគ្នា ខ្ញុំក៏បានបញ្ជាក់ថា ខ្ញុំមិនចង់ទៅដល់ចំណុចនេះទេ ព្រោះវាប៉ះពាល់ធំពេកដល់សេដ្ឋកិច្ចនិងជីវភាពប្រជាជនដែលខ្ញុំស្នើសុំឱ្យមានការចូលរួមពីប្រជាជន ដើម្បីប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ជំនួសវិញ។

ពេញមួយថ្ងៃនេះ ការបំភ្លើសនានាបានកើតឡើងថានឹងមានការបិទប្រទេសឬបិទរាជធានីភ្នំពេញក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយបំផុសឱ្យមនុស្សទិញទំនិញត្រៀមទុក។ ចំពោះមុខពាក្យភូតកុហកបែបនេះ ក្នុងឋានៈខ្ញុំជាប្រមុខនៃរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ជូនថានឹងមិនមានការស្នើសុំដាក់ ប្រទេសក្នុងគ្រាមានអាសន្នទាំងមូលឬមួយផ្នែកណានោះឡើយ ហើយក៏នឹងមិនមានការចេញបទបញ្ជារឱ្យបិទរាជធានីភ្នំពេញដូចការឃោសនាភូតកុហក់របស់ជនអាក្រក់នោះដែរ។

ខ្ញុំសូមអំពាវនាវប្រជាពលរដ្ឋស្ងប់ស្ងាត់កុំភ័យស្លន់ស្លោ និងសូមចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕"

បិទ