ផុល រតនៈ មិននឹកស្មានថា​មានថ្ងៃនេះ ដ្បិតគេមានកម្រិតវប្បធម៌​ទាប

  • 2021-01-22 04:25:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មកទល់នឹងពេលនេះ ផុល រតនៈ បាន​សម្រេចក្ដីបំណង​ខ្លះៗហើយ ដោយក្នុងនោះគេមានបំណងចង់​លេងបាល់ទះនៅក្លឹបអាជីព ចង់ជាប់ឈុតធំ និងចង់ជាប់ជម្រើសជាតិបាល់ទះកម្ពុជា​ ចេញលេងនៅក្រៅប្រទេស។

ក្រោយសម្រេចបានហើយ គ្រាប់ពេជ្រដ៏សំខាន់របស់ក្លឹបបាល់ទះវិសាខា បានបង្ហាញអារម្មណ៍រីករាយ និង​មិននឹកស្មាន​គេមានថ្ងៃនេះ ដ្បិតគេមានកម្រិតវប្បធម៌ទាប និងរៀនមិនសូវពូកែ។ គេរៀនបានត្រឹមថ្នាក់ទី១២ នៃវិទ្យាល័យ វិទ្យាល័យ​ប្រមូល​ព្រហ្ម​។ បាល់ទះបានធ្វើឱ្យរតនៈ ប្ដូរពីអ្នកលេងបាល់តាមភូមិស្រុកធម្មតា មកជាកីឡាករអាជីព មានឈ្មោះបោះសំឡេង មានការងារ​ច្បាស់លាស់ និងមានការងារក្របខ័ណ្ឌរដ្ឋ។

កីឡាករជំនាញបាល់ដេញដ៏គ្រោះថ្នាក់នេះ បានបញ្ជាក់យ៉ាងដូច្នេះ ៖«បាល់ទះហ្នឹងវាជួយឱ្យខ្ញុំមានការងារច្បាស់មួយ ព្រោះអីខ្ញុំមានឈ្មោះជាប៉ូលិស ខ្ញុំមានក្របខ័ណ្ឌជាមន្ត្រីរាជការ ហើយប្អូនអត់ដែលគិតថា​នឹងទទួលបានវាទេ ព្រោះកម្រិតវប្បធម៌របស់ខ្ញុំ ​រៀនអត់សូវពូកែ​»។

បច្ចុប្បន្នកីឡាករកម្ពស់១,៨៨ម៉ែត្រ ត្រូវបានមហាជនចាត់ទុកជាអ្នកលេងបាល់ដេញដឺមីដ៏គ្រោះថ្នាក់បំផុតម្នាក់ របស់​ក្លឹប​បាល់​ទះ​សំបូរធន់ធានវិសាខា។ ទោះជាបែបនេះក្ដី ផុល រតនៈ នៅតែបន្តការខិតខំ​ ប្រឹងប្រែងហ្វឹកហាត់ សម្រួចជំនាញរបស់ខ្លួនឱ្យកាន់តែល្អ ដើម្បីសម្រេចមហិច្ឆិតាធំមួយទៀត។

អ្នកខេត្តព្រៃវែងវ័យ២១ឆ្នាំ បានបន្ថែមថា ៖«បាទបងសម្រេចហើយបង តែគ្រាន់ថានៅតែពង្រឹងសមត្ថភាព ហើយចង់ទៅលេងនៅក្រៅប្រទេស លេងឱ្យវាលេចធ្លោរដូចយើងលេងនៅក្នុងប្រទេសអ៊ីចឹងបង។ (ខ្ញុំ) ចង់ចេញទៅ​ក្រៅហ្នឹង លេងឱ្យវារៀងល្អហើយ អាចទទួលបានលទ្ធផលល្អជាងស៊ីហ្គេមរាល់ៗដងបង។ អាហ្នឹងមិនដឹង​ម៉េចទេ តែវាជាមហិច្ឆិតារបស់ខ្ញុំហ្មងបង»។

រតនៈ ត្រូវបានគ្រូបង្វឹកក្លឹបបាល់ទះវិសាខាមើលឃើញ ពេលគេចូលរួមប្រកួតបាល់ទះតំណាងខេត្តព្រៃវែង ទល់ក្រុមខេត្តកំពង់ធំ នៅក្នុងព្រឹត្តិការណ៍កីឡា​ជាតិលើកទី១ក្នុងឆ្នាំ២០១៦ ហើយរតនៈក៏បានជ្រើស និងចូលហាត់នៅក្លឹប ជាមួយមិត្តរួមក្រុម​ សឿន ហេង នៅឆ្នាំនោះតែម្ដង។

គួរបញ្ជាក់ថា ផុល រតនៈ បានជាប់ជម្រើសជាតិបាល់ទះលើក្ដារ និងចេញទៅលេងនៅព្រឹត្តការណ៍ស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីននៅឆ្នាំ២០១៩៕

អត្ថបទ៖ អ៊ុំ សុភក្តិ