Henaa Gaming ចាប់ផ្ដើមប្ដូរទម្លាប់ក្រោយចាប់អាជីពអ្នក Live Game លើ Facebook

  • 2021-01-22 07:22:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Henaa Gaming គឺ​ជា Streamer មួយ​រូប​ដែល​អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន​នៅ​ប្រទេស​កម្ពុជា​ស្គាល់​តាម​រយៈការ​លេង​ហ្គេម​ឡាយ​​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសបុក។

ឆ្លើយ​តប​ជា​មួយ Sabay កញ្ញា​បាន​ប្រាប់​ថា​ខ្លួន​​​មាន​ចំណង់ចំណូល​ចិត្ត​លេង​ហ្គេម​តាំង​ពីក្មេងៗ​ហើយ​ចាប់​ផ្ដើម​​ចំណាយពេល​ច្រើន​នៅឆ្នាំ២០១២ តែ​គ្រាន់​តែ​ជា​ការ​លេង​កម្សាន្ត​អារម្មណ៍​ពេល​ទំនេរ​ពី​ការ​សិក្សា​ប៉ុណ្ណោះ។ កញ្ញា​បាន​បន្ត​ថា​ ដំបូងឡើយ​គ្រួសារ​ពុំ​សូវ​ពេញ​ចិត្ត​ជា​មួយ​ការ​លេង​ហ្គេម​នេះ​ដែរ តែ​រហូត​ដល់​មាន​លទ្ធផល​ល្អ​ដោយ​ទទួល​បាន​ការ​ងារ​ជា​ច្រើន​នៅ​ក្រុមហ៊ុន​ធំៗ​ទាក់​ទង​ជា​មួយ​វិស័យ​ហ្គេម ទើប​ពួក​គាត់​ចាប់​ផ្ដើម​ទទួល​យក។

Henaa Gaming បាន​រៀបរាប់​បន្ត​ថា​កញ្ញា​ចាប់​ផ្ដើម​ផ្ដោត​សំខាន់​លើ​ការ​លេង​ហ្គេម​នៅ​ឆ្នាំ២០១៩ និង​បាន​ចាប់​ផ្ដើម​ឡាយ​នៅ​លើ​ហ្វេស​បុក​ប្រហែល​ជា​ជាង ១ឆ្នាំ​ប៉ុណ្ណោះ។ ដំបូង​ៗ​ឡើយកញ្ញា​បាន​ប្រាប់​ថា​ការ​ឡាយ​របស់​ខ្លួន​បែប​ធម្ម​តា​ប៉ុណ្ណោះ តែ​ក្រោយមក​ក៏​ចាប់​ផ្ដើម​ស្វែង​យល់ និង​សិក្សា​បន្ថែម​ហើយ​ចាប់​យក​ការ​លេង​ហ្គេម​នេះ​ជា​ការងារ​មួយ​សម្រាប់​រក​ចំណូល ដែលការ​លេង​ហ្គេម​នេះ​បាន​ធ្វើ​ឲ្យ​កញ្ញា​ប្ដូរ​ទម្លាប់​ច្រើន។

កញ្ញា​បាន​បន្ថែម​ថា សម្រាប់​ខ្លួន​ ការ​លេង​ហ្គេម​នេះ​អាច​ចាត់​ទុក​ថា​គឺ​ជា​​ការ​ងារ​មួយ​ ព្រោះ​ថា​កញ្ញា​បាន​ចំណាយ​ពេល​ច្រើន​លើ​ការ​លេង​ហ្គេម​នេះ។ កញ្ញា​បាន​លើក​ឡើង​ថា បើ​ទោះ​បី​ជា​ការ​លេង​ហ្គេម​នេះ​នៅ​តែ​ក្នុង​បន្ទប់​​ម្នាក់​ឯង​ក៏​ដោយ​តែ​ក៏​អាច​ជា​​ការ​កម្សាន្ត​មួយ​ដែល​បំបាត់​ភាព​អផ្សុក និង​ត្រូវ​ចេះ​ឆ្នៃ​ការ​លេង​នេះ​ទៅ​ជា​ការ​កម្សាន្ត លេង​ដើម្បី​អភិវឌ្ឍន៍​ចំណេះ​ដឹង លើស​ពី​នេះ​ក៏​អាច​រក​ចំណូល​បាន។

Henaa ក៏បាន​បន្ថែម​ថា​ការ​ឡាយ​ហ្គេម​នេះ​ក៏​មិន​មែន​ជា​រឿង​ងាយ​ដែរ​ព្រោះ​ថា​រាល់​ពេល​ឡាយ​ម្ដងៗ​ត្រូវ​រក្សា​ស្នាម​ញញឹម​ទៅ​កាន់​ហ្វេន​រយៈ​ពេល ៤ទៅ ៥ម៉ោង។ ចំពោះ​ផល​វិបាក​វិញ​កញ្ញា​បាន​ប្រាប់​ថា​មាន​ការ​លំបាក​ច្រើន​ដំបូងៗ ព្រោះ​ត្រូវ​ផ្លាស់​ប្ដូរ​ទម្លាប់ ការ​គេង និង​មាន​ការ​ងារ​រវល់​ច្រើន។

នារី​ដ៏​ស្រស់​ស្អាត​​ពូ​កែ​តែង​ខ្លួន​មិន​ចាញ់​តារា​នេះ មាន​ជំនាញ​លេង​ហ្គេម​ជា​ច្រើន​ និង​អាច​ច្រៀង Cover បទចម្រៀង​បាន​យ៉ាង​ពីរោះ បាន​ធ្វើ​ឆក់​យក​ចិត្ត​ប្រុសស្រី​​ជា​ច្រើន​ធ្វើ​ការ​​តាម​ដានចុច Follow ផេក​របស់​ខ្លួន​មាន​ជាង 400K នាពេល​បច្ចុប្បន្ន។

បើ​ទោះ​រាល់​ពេល​ឡាយ​ម្ដងៗ​កញ្ញា​ទទួល​បាន​ពាក្យ​សសើរ និង​ពាក្យ​រិះគន់​ក៏​ដោយ​តែ​នេះ​គឺ​ជា​គោល​ដៅ​របស់​ខ្លួន នឹង​អាច​នៅ​បន្ត​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត​ប្រសិន​បើ​នៅ​តែ​មាន​អ្នក​គាំទ្រ។ កញ្ញា​ក៏​បាន​ប្រាប់​ថា​​អាជីព​ជា​អ្នក Streamer នេះ​ក៏​មិនល្អ​នៅ​ពេល​បច្ចុប្បន្ន តែ​នៅ​ថ្ងៃ​អនាគត​កញ្ញា​សង្ឃឹម​ថា​នឹង​បាន​ល្អ​ប្រសើរ ស្រប​ពេល​ប្រទេស​យើង​កំពុង​មាន​ការ​ប្រកួត​កីឡា E-sport នេះ​ជា​ច្រើន។

ជា​ចុង​​ក្រោយ​កញ្ញា​ក៏​បានប្រាប់​ថា​ការ​លេង​ហ្គេម​នាពេល​បច្ចុប្បន្ន​នេះ​មិន​ដូច​សម័យ​មុន​ដែល​ត្រូវ​យក​លុយ​ទៅ​ភ្នាល់​គ្នា តែ​ជា​ការ​លេង​ហ្គេម​ដែល​ប្រើ​ប្រាស់​ចំណេះ​ដឹង​ការ​គិត​ច្រើន​ជាង។ លើស​ពី​នេះ​កញ្ញា​ក៏​បាន​ប្រាប់​ទៅ​កាន់​អ្នក​ដែល​ចាប់​ផ្ដើម​ចាប់​អាជីព​នេះ​ក៏​ត្រូវ​ចេះ​បែង​ចែក​ពេល​វេលា​ឲ្យ​បាន​ត្រឹមត្រូវ កុំ​យក​ពេល​រៀន​ ធ្វើ​ការ​ងារ មក​លេង​ហ្គេម​ សំខាន់​​ពេលវេលានៅជា​មួយ​គ្រួសារ៕

ប្រភពរូប ៖ ផេក Henaa Gaming

អត្ថបទ៖ ម៉េងងី