ជម្លោះ​ក្នុង​សង្គម​តារា​រ៉េប​ខ្មែរ ឈាន​ដល់​វាយ​តប់​គ្នា ឥឡូវ Vid Cooler ប្រកាស​ប្ដឹង​ម្ចាស់​បទ "នារី​សក់​ខ្លី" ប្រុស​ឡា!

  • 2021-01-26 03:59:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជម្លោះ​ក្នុង​សង្គម​តារា​ចម្រៀង​រ៉េប​ខ្មែរ ធ្លាយ​ពី​ការ​ច្រៀង​ឌឺដង​គ្នា​តាម​រយៈ​យូធូប ឥឡូវ​មក​ដល់​វេលា​ប្ដឹង​ផ្ដល់​គ្នា​បង ដោយ​តារាចម្រៀង​រ៉េប នេត្រ ចាន់​តារាវីត ហៅ Vid Cooler បាន​ដាក់​ពាក្យ​ប្ដឹង​តារា​ចម្រៀង​រ៉េប​ដូច​គ្នា គឺ​ប្រុសឡា ម្ចាស់​បទ "នារី​សក់​ខ្លី" ត្រៀម​តតាំង​គ្នា​តាម​រយៈ​ផ្លូវ​តុលាការ​វិញ​ម្ដង។

Vid Cooler បាន​បញ្ចេញ​សារ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល១ម៉ោង​មុន​នេះ បញ្ជាក់​ពី​ការ​សម្រេច​ចិត្ត​របស់​រូប​គេ ក្នុង​ការ​ប្ដឹង ផ្ដល់​ប្រុសឡា និង 4t5 ដែល​លោក​អះអាង​ថា​ជា​ប្អូន​របស់ ប្រុសឡា។ហេតុផល​នៃ​ការ​ប្ដឹងផ្ដល់ គឺ​មាន​ពាក់​ព័ន្ធ​នឹង​ករណី​ហិង្សា​មួយ ដែល Vid Cooler អះអាង​ថា ខ្លួន​បាន​ទទួល​រង​អំពើ​ហិង្សា​ពី​ភាគី​ខាង ប្រុស​ឡា ដែល​បង្ក​ដោយ​ប្អូន​ប្រុស​ឈ្មោះ 4t5។

តារា​ចម្រៀង បាន​សរសេរ​ថា "ស្វាគមន៍​​លោក​ តារា​ល្បីៗ​ ទាំង​ប៉ុន្មាន​ដួងនៅ​ខាង​ក្រោម​នេះ​..! សូម​លោក​អញ្ជើញ​មក​តុលាការ​ ដេីម្បី​ដោះ​ស្រាយ​រឿង​នេះ​ ខ្ញុំ​រង​ចាំ​នៅ​តុលាការ​ ..!!”។ Vid Cooler បញ្ជាក់​ថា លោក​មាន​ភស្តុតាង​ស្អុយជា​ច្រើន​ដែល ប្រុស​ឡា ត្រូវ​ចូល​ខ្លួន​មក​ជួប​ត​ទល់​គ្នា​តាម​ផ្លូវ​ច្បាប់។ "កុំ​គេចវេះ​ ព្រោះ​រឿង​នេះ​ បេី​មិនដោះ​ស្រាយ​ គឺ​វា​ជាប់​ជាមួយ​អស់​លោក​មួយ​ជីវិត"។

ជុំវិញ​ករណី​ជម្លោះ​របស់ Vid Cooler និង​ភាគី​ខាង​ប្រុស​ឡា ដែល​ឈាន​មក​ដល់​ការ​ប្ដឹងផ្ដល់​គ្នា​នេះ បើ​តាម​ឯកសារ​ពាក្យ​បណ្ដឹង​ដែល​ភ្ជាប់​មក​ជាមួយ​ដោយ​​ភាគី​ដើម​បណ្ដឹង បាន​ឲ្យ​ដឹង​សាច់​រឿង​ថា បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី ៦ ខែ​សីហា ២០២០ ម្ល៉េះ។ កាល​ណោះ បើ​តាម​សំដី​របស់ Vid Cooler មាន​នៅ​ក្នុង​ពាក្យ​បណ្ដឹង គឺ​នៅ​វេលា​ម៉ោង ៤ :០០ លោក​បាន​ទៅ​ទទួល​ទាន​អាហារ​នៅ​ហាង​ផ្តះ​លេខ ២៥ E0 ផ្លូវ​លេខ ១៨៤ សង្កាត់​ជ័យ​ជំនះខណ្ឌដូនពេញ ដោយ​ខាង​លោក​មាន​គ្នា ២នាក់​អង្គុយ​ញុំា​ស្រាបៀ។

ពេល​នោះ លោក​បាន​ដើរ​ទៅ​តុ​មួយ​ផ្សេង​ដែល​មាន​ប្រុសឡា​និង​គ្នីគ្នា៤នាក់កំពុង​ញុំាអាហារជុំគ្នា​ដែរ។ Vid Cooler បញ្ជាក់​ថា លោក​បាន​យក​កែវ​ទៅ​ក្នុង​បំណង​សុំ​ជល់កែវ​ជាមួយ​ភាគី​ប្រុសឡា ហើយ​ពេល​នោះ ប្រុសឡ ​បាន​និយាយ​ថា "ថ្ងៃ​នេះ​វាយ​បង់លុយ" ហើយ​លោក​បាន​ហៅ​ប្រុសឡា​ចេញ​មក​ក្រៅ​ដើម្បី​និយាយ​គ្នា ប៉ុន្តែ​ពេល​ចេញ​ដល់​ខាង​ក្រៅ មិន​ទាន់​បាន​និយាយ​គ្នា​ផង ស្រាប់​តែ​ឈ្មោះ 4t5 ដែល​លោក​អះអាង​ថា​ជា​ប្អូន​របស់​ប្រុសឡា បាន​យក​ដប​ស្រា​វាយ​លោក​បណ្ដាល​ឲ្យ​របួស​ដេរ ៣០​ថ្នេរ ឯ​អ្នក​បង្ក​ក៏​បាន​គេច​ខ្លួន​បាត់​ទៅ។

យោង​លើ​អង្គហេតុ​ដែល​មាន​ក្នុង​ពាក្យ​បណ្ដឹង Vid Cooler បាន​ប្ដឹង​ប្រុស​ឡា អាយុ ៣០​ឆ្នាំ និង​ប្អូន​ឈ្មោះ 4t5 អាយុ ២២​ឆ្នាំ ព្រម​ទាំង​គូកន​២នាក់​ទៀត ពី​បទ ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស។ ជុំ​វិញ​ករណី​នេះ ភាគី​ងាក​មក​ខាង​ប្រុស​ឡា វិញ​លោក​បាន​ស្នើ​ឲ្យ​ប្រិយមិត្ត រង់ចាំ​តាមដាន​សាច់​រឿង​ទាំង​សងខាង​សិន ចាំ​វាយ​តម្លៃ។ លោក​ សង្កត់​ធ្ងន់​ថា៖ "រឿងរ៉ាវ​វា​តែង​មាន​ដើម​ហេតុ...មេធាវីរបស់​ខ្ញុំ កំពុង​តែ​ធ្វើ​ការ!"

នេះ​ជា​ករណី​ថ្មី​នៅ​ក្នុង​សិល្បៈ​ចម្រៀង​រ៉េប​របស់​ខ្មែរ ដែល​កន្លង​មក រកាំរកូស​របស់​ពួក​គេ មាន​តែ​ក្នុង​បទ​ចម្រៀង Diss Track ប៉ុណ្ណោះ ដែល​គេ​ឃើញ​មាន G-Devith ខ្មែរ ១ជីវិត ក៏​ធ្លាប់​ច្រៀង​ឌីដង​គ្នា​ជា​ច្រើន​ផង​ដែរ។ ក្រោយ​មក​ក៏​មាន MC Bull និង Bros La ព្រម​ទាំង Vid Cooler ទៀត ហើយ​ទី​បំផុត ក៏​ឈាន​ដល់​ប្រព្រឹត្ត​ហិង្សា​លើ​គ្នា​ថែម​ទៀត ទាំង​នឹក​ស្មាន​មិន​ដល់៕

អត្ថបទ៖ ទារិកា

បិទ