ប្រុស​ឡា ចេញ​មុខ​វិញ​ព្រលប់​នេះ អះអាង​ថា គ្មាន​រឿង​វាយ​​តប់​ជាមួយ​នរណា

  • 2021-01-26 13:18:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​បទ "នារី​សក់​ខ្លី" ប្រុស ឡា នៅ​ព្រលប់​ថ្ងៃ​ទី ២៦ មករា ២០២១ នេះ បាន​ចេញ​មក​អះអាង​ជុំវិញ​រឿង​រង​បណ្ដឹង​ពី​តារា​រ៉េប នេត្រ ចាន់តារាវីត ហៅ Vid Cooler ថាលោក មិន​មាន​រឿង​ដូច្នោះ​ឡើយ។

នៅ​ព្រឹក​មិញ​នេះ មាន​រឿង​ក្ដៅ​គគុក​មួយ​ក្នុង​សង្គម​សិល្បៈ​ខ្មែរ ពិសេស​ក្នុង​សង្គម​សិល្បៈ​ចម្រៀង​រ៉េប ក្រោយ​តារា​ចម្រៀង​រ៉េប Vid Cooler បាន​បញ្ចេញ​សារ​គួរ​ឲ្យ​ភ្ញាក់​ផ្អើលទាំង​ព្រឹក បញ្ជាក់​ពី​ការ​សម្រេច​ចិត្ត​របស់​រូប​គេ ក្នុង​ការ​ប្ដឹង ផ្ដល់​ប្រុសឡា និង 4t5 ដែល​លោក​អះអាង​ថា​ជា​ប្អូន​របស់ ប្រុសឡា។ ហេតុផល​នៃ​ការ​ប្ដឹងផ្ដល់ គឺ​មាន​ពាក់​ព័ន្ធ​នឹង​ករណី​ហិង្សា​មួយ ដែល Vid Cooler អះអាង​ថា ខ្លួន​បាន​ទទួល​រង​អំពើ​ហិង្សា​ពី​ភាគី​ខាង ប្រុស​ឡា ​បង្ក​ដោយ​ប្អូន​ប្រុស​ឈ្មោះ 4t5។

បើ​តាម​ឯកសារ​ពាក្យ​បណ្ដឹង បង្ហោះ​ជា​សាធារណៈ​នៅ​លើ​ហ្វេសប៊ុក​ដោយ​លោក នេត្រ ចាន់តារាវីដ ហៅ Vid Cooler បាន​ឲ្យ​ដឹង​សាច់​រឿង​ថា បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី ៦ ខែ​សីហា ២០២០ ម្ល៉េះ។ កាល​ណោះ បើ​តាម​សំដី​របស់ Vid Cooler ​នៅ​ក្នុង​ពាក្យ​បណ្ដឹង គឺ​នៅ​វេលា​ម៉ោង ៤ :០០ លោក​បាន​ទៅ​ទទួល​ទាន​អាហារ​នៅ​ហាង​ផ្តះ​លេខ ២៥ E0 ផ្លូវ​លេខ ១៨៤ សង្កាត់​ជ័យ​ជំនះខណ្ឌដូនពេញ ដោយ​ខាង​លោក​មាន​គ្នា ២នាក់​អង្គុយ​ញុំា​ស្រាបៀ។

ពេល​នោះ លោក​បាន​ដើរ​ទៅ​តុ​មួយ​ផ្សេង​ដែល​មាន​ប្រុសឡា​និង​គ្នីគ្នា៤នាក់កំពុង​ញុំាអាហារជុំគ្នា​ដែរ។ Vid Cooler បញ្ជាក់​ថា លោក​បាន​យក​កែវ​ទៅ​ក្នុង​បំណង​សុំ​ជល់កែវ​ជាមួយ​ភាគី​ប្រុសឡា ហើយ​ពេល​នោះ ប្រុស​ឡា បាន​និយាយ​ថា "ថ្ងៃ​នេះ​វាយ​បង់លុយ" ហើយ​លោក​បាន​ហៅ​ប្រុសឡា​ចេញ​មក​ក្រៅ​ដើម្បី​និយាយ​គ្នា ប៉ុន្តែ​ពេល​ចេញ​ដល់​ខាង​ក្រៅ មិន​ទាន់​បាន​និយាយ​គ្នា​ផង ស្រាប់​តែ​ឈ្មោះ 4t5 ដែល​លោក​អះអាង​ថា​ជា​ប្អូន​របស់​ប្រុសឡា បាន​យក​ដប​ស្រា​វាយ​លោក​បណ្ដាល​ឲ្យ​របួស​ដេរ ៣០​ថ្នេរ ឯ​អ្នក​បង្ក​ក៏​បាន​គេច​ខ្លួន​បាត់។

ករណី​នេះ Vid Cooler បាន​ប្ដឹង​ប្រុស​ឡា អាយុ ៣៥​ឆ្នាំ និង​ប្អូន​ឈ្មោះ 4t5 អាយុ ២២​ឆ្នាំ ព្រម​ទាំង​គូកន​២នាក់​ទៀត ពី​បទ ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស។ ងាក​មក​ភាគី​ខាង ប្រុសឡា ប្រមាណ ១ម៉ោង​ក្រោយ​មក ក៏​បាន​ចេញ​សារ​តាម​ក្រោយ ដោយ​ស្នើ​ឲ្យ​ប្រិយមិត្ត​រង់ចាំ​ទទួល​បាន​ព័ត៌មាន​ទាំង​សងខាង​សិន ចាំ​ថ្លឹងថ្លែង ហើយ​ថា ករណី​បណ្ដឹង​របស់ Vid Cooler មេធាវី​លោក កំពុង​ពិនិត្យ​លើ​រឿង​នេះ​ហើយ។

យ៉ាង​ណា​ក៏​ដោយ នៅ​ប្រមាណ​១ម៉ោង​មុន​នេះ ប្រុសឡា បាន​ចេញ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថ្មី​ទៀត​ថា លោក​មិន​មាន​រឿង​ដូច​ព័ត៌មាន​ខាង​លើ​នោះ​ទេ។ លោក​សរសេរ​ថា៖ ខ្ញុំ​សូម​ជម្រាប​ជូន​សាធារណជន​ ក៏​ដូច​ជា​អង្គភាព​សារពត៌មាន​ជ្រាប​ថា​ ខ្ញុំ​បាទ​ប្រុសឡា​មិន​បាន​បង្ក​ហិង្សា​ទៅ​លើ​បុគ្គល​ណា​ម្នាក់​នោះ​ទេ​"។

បន្ថែម​ពី​លើ​នេះ លោក​បាន​បន្ត​ថា បុគ្គល​មួយ​ចំនួន​បាន​ផ្សព្វផ្សាយពត៌មាន​ដូច​ខាង​លើ ក្នុង​គោល​បំណង​បរិហារ​ដែល​ធ្វើអោយ​ប៉ះពាល់​ដល់​កិត្តិយស​របស់​លោក។ ដូច្នេះ​ហើយ លោក​បាន​បញ្ជាក់​ថា បុគ្គល​ណា​ដែល​មាន​បញ្ហា​ ជាមួយ​លោក សូម​ធ្វើការ​ទាក់ទង​លោក​ដោយ​ផ្ទាល់ ដើម្បី​ដោះ​ស្រាយ​ គ្នា​តាម​និតិ​វិធី​ច្បាប់។

ជុំវិញ​បញ្ហា​នេះ សាមី​ខ្លួន ប្រុស​ឡា នៅ​តែ​មិន​ទាន់​អាច​សុំ​ទំនាក់ទំនង​ដោយ​ផ្ទាល់​មាត់​បាន ដោយ​ការ​ព្យាយាម​ខល​ទាក់​ទង​លោក​តាម​រយៈ​ប្រអប់សារ(Messenger Calling) ចូល​២​ដង តែ​លោក​មិន​ទទួល៕

ខាង​ក្រោម​នេះ គឺ​ជា​ឯកសារ​ពាក្យបណ្ដឹង ដែល​បញ្ចេញ​ដោយ​ Vid Cooler

អត្ថបទ៖ ទារិកា