ស្វែងយល់ពី សម្បត្តិបេតិកភណ្ឌរូបីចំនួន ៤ ត្រូវបានចុះបញ្ជីនៅអង្គការយូណេស្កូ
- 2025-07-03 10:19:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វែងយល់ពី សម្បត្តិបេតិកភណ្ឌរូបីចំនួន ៤ ត្រូវបានចុះបញ្ជីនៅអង្គការយូណេស្កូ
ចន្លោះមិនឃើញ
ចាប់ពីឆ្នាំ ១៩៥១ រហូតដល់ឆ្នាំ ២០២៥ កម្ពុជា បានចូលជាសមាជិកអង្គការយូណេស្កូ ៧៤ ឆ្នាំមកហើយ ក្នុងពេលជាមួយគ្នានេះ កម្ពុជា បានចុះបញ្ជីនូវសម្បត្តិបេតិកភណ្ឌរូបី ចំនួន ៤, សម្បត្តិបេតិកភណ្ឌអរូបី ចំនួន ៧ និងបញ្ជីស្មារតីចងចាំនៃពិភពលោក ចំនួន ៣ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ ក៏ដូចជាមរតក ឥតកាត់ថ្លៃបាន ដែលបន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិសាស្ត្ររបស់កម្ពុជា។ សម្បត្តិបេតិកភណ្ឌរូបី ចំនួន ៤ ដែលកម្ពុជា បានចុះនៅអង្គការយូណេស្កូរួមមាន៖
១. តំបន់រមណីយដ្ឋានអង្គរ
តំបន់រមណីយដ្ឋានអង្គរ គ្របដណ្ដប់លើផ្ទៃដីជាង ៤០០ គីឡូម៉ែត្រក្រឡា ស្ថិតនៅក្នុងខេត្តសៀមរាប ដែលរួមមានប្រាសាទជិត ១០០ ត្រូវបានចុះបញ្ជីក្នុងតំបន់រមណីយដ្ឋានអង្គរនោះ ដែលភាគច្រើនត្រូវបានសាងសង់ឡើងនៅចន្លោះសតវត្សទី៩ រហូតដល់សតវត្សទី១៣ ហើយប្រាសាទអង្គរវត្ត ជាប្រាសាទធំជាងគេនៅក្នុងរមណីយដ្ឋានអង្គរ ជាវិមានសាសនាធំបំផុតលើលោក និងមានកិត្តិនាមល្បីល្បាញទូទាំងសកលលោក។ តំបន់រមណីយដ្ឋានអង្គរ ត្រូវបានចុះបញ្ជីដោយអង្គការយូណេស្កូ នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក។
២. ប្រាសាទព្រះវិហារ
ប្រាសាទព្រះវិហារ ស្ថិតនៅលើភ្នំដងរែក មានកម្ពស់ ៦២៥ ម៉ែត្រលើនេវ៉ូទឹកសមុទ្រ ប្រាសាទនេះត្រូវបានកសាងឡើងនៅអំឡុងសតវត្សទី៩ ក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១ និងបញ្ចប់នៅសតវត្សទី១២ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ ប្រាសាទនេះមានវិមាត្រ ៨០០ ម៉ែត្រ x ៤០០ ម៉ែត្រសណ្ដូកនៅលើភ្នំដករែក សម្រាប់ឧទ្ទិសថ្វាយ ស្រីសិខគិរីស្វរៈ និងមានរចនាបថឃ្លាំង។ ប្រាសាទព្រះវិហារ ត្រូវបានចុះបញ្ជីដោយអង្គការយូណេស្កូ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិក ប្រទេសកាណាដា។
៣. តំបន់ប្រាសាទសំបូរព្រៃគុក
តំបន់ប្រាសាទសំបូរព្រៃគុក គឺជាអតីតរាជធានី ឦសានបុរៈ នៅចុងសម័យចេនឡា រាជធានីនេះត្រូវបានយកឈ្មោះតាមព្រះនាម ព្រះបាទឦសានវរ្ម័នទី១ ដែលគ្រងរាជ្យក្នុងចន្លោះ គ.ស ៦១៦-៦៣៥។ តំបន់ប្រាសាទសំបូរព្រៃគុក មានប្រាសាទចំនួន ១៤០ មកហើយដែលបានរកឃើញ និងត្រូវបានបែងចែកជា ក្រុមប្រាសាទចំនួន ៣ ក្រុម រួមមាន៖ ក្រុមប្រាសាទសំបូរ ក្រុមប្រាសាទយាយព័ន្ធ និងក្រុមប្រាសាទតោ។ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះបញ្ជីដោយអង្គការយូណេស្កូ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ
៤. រមណីយដ្ឋានប្រាសាទកោះកេរ
តំបន់រមណីយដ្ឋានប្រាសាទកោះកេរ មានទំហំផ្ទៃដី ១៦ គីឡូម៉ែត្រការ៉េ ត្រូវបានអភិរក្ស ហើយមានសំណង់ប្រាសាទ និងទីទួលបុរាណសរុប ៩៨ ត្រូវបានកសាងឡើងអំឡុងសតវត្សទី១០ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ ក្នុងអតីតរាជធានីឆោកគគ៌្យរ ឬលិង្គបុរៈ។ ប្រាសាទដែលលេចធ្លោបំផុត នៅរមណីយដ្ឋានកោះកេរ គឺប្រាសាទធំ ឬប្រាសាទកោះកេរ ដែលមានទម្រង់ជាសាជី ឬពីរ៉ាមីត ៤ ជ្រុងមានប្រវែង ៥៥ ម៉ែត្រ និងកសាងឡើង ៧ ថ្នាក់មានកម្ពស់ ៣០ ម៉ែត្រ និងកម្កល់ត្រីភូវនេស្វរ ទើបគេហៅថារាជធានីលិង្គបុរៈ។ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះបញ្ជីដោយអង្គការយូណេស្កូ នៅថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។