ច្រឡំ​មាត់​ជាមួយ​ពាក់​មី​ហើយ! ថ្ងៃ​នេះ​លោក បញ្ជាក់​ពី​ភក្ដី​ស្នេហ៍​ចំពោះ​ភរិយា​តាម​រយៈ​សំណេរ​ខ្លីមួយ

  • 2021-01-27 03:55:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កំប្លែង ចែម ចាន់រា ហៅ​នាយ​​ពាក់​មី បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​ភរិយា​ច្រើន​ណាស់​ទៅ​កាន់​មហាជន​ចាប់​តាំង​ពី​លោក​មាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​វិស័យ​សិល្បៈ​តាម​រយៈ​អាជីព​កំប្លែង​របស់​លោក។ ភាព​ផ្អែមល្ហែម និង​រស់នៅ​ចុះសម្រុង​គ្នា​ក្នុង​ភាព​ជា​ប្ដី-ប្រពន្ធនេះ ត្រូវ​បាន​គេ​មើល​ថា​បើ​ទោះ​បី​ជា​លោក​មាន​កេរ្តិ៍​ឈ្មោះ​ល្បី និង​មាន​លុយ​ក្រាស់ក្រែល​ទៅ​ហើយ​ក្ដី​ក៏​នៅ​មាន​ភក្ដី​ភាព​ចំពោះ​ភរិយា​ដែល​ជា​អតីត​កម្មការិនី​ដែរ។

នៅ​ព្រឹក​ថ្ងៃទី២៧ ខែ​មករា នេះ លោក​រំលឹក​នូវ​ពាក្យ​សម្ដី​អ្នក​ធ្លាប់​ស្គាល់​លោកមួយចំនួនដែលទាយថាលោក និងភរិយា អាចនឹងបែកបាក់គ្នានៅពេលលោកមានកេរ្ដិ៍ឈ្មោះល្បីល្បាញ​។ ពាក់មី៖"កាល​ប្រឡង​កំប្លែង​ជាប់​ដំបូង​មាន​គេ​ទាយ​ថា យ៉ាង​យូរ​១​ឆ្នាំ ពេល​ពាក់​មី​ល្បីល្បាញ នឹង​លែង​ប្រពន្ធ​ដែល​ជា​អតីត​កម្មការិនី​ដែល​មាន​ប្រាក់​ខែ​ត្រឹម​តែ​៤៥​ដុល្លារ ចោល​ហើយ"។

បើ​ទោះ​បីជា​លោក​មិន​បាន​បញ្ចេញ​ចម្លើយ នៃ​ការ​ទាយ​នោះថា​ខុស ឬ​ត្រូវ​យ៉ាង​ណា? ប៉ុន្ដែ​លោក​ បានសើច"ខិខិ"​ ហើយចង់​បង្ហាញ​ទៅ​កាន់​មហាជន​វិញ​ថា សព្វថ្ងៃ​រូប​លោក និង​ភរិយា​នៅ​ស្រឡាញ់​គ្នា​ដូច​ដើម​មិន​ប្រែប្រួល​សូម្បី​តែ​បន្តិច ដោយ​បង្កើត​បាន​កូន​ប្រុស-ស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ជា​ចំណង​ដៃ​ទៀត​ផង។

មុន​ពេល​ដែល​លោក ចែម ចាន់រា ហៅ​នាយ​ពាក់​មី ប្រឡង​ជាប់​ចូល​ក្រុម​កំប្លែង​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ CTN និង​បាន​ល្បី​ឈ្មោះ​ខ្លាំង​នៅ​អំឡុង​ឆ្នាំ​២០១០ លោកធ្លាប់បង្ហើបថា រូប​លោក​គឺ​ជា​កម្មករ​សំណង់​កម្សត់​ម្នាក់ រីឯ​ភរិយា​របស់​លោក គឺ​ជា​កម្មការិនី​នៅ​រោងចក្រ​សាន​សាន ស្ថិតនៅ​ម្ដុំ​លូ៥ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ