ដំណឹង​ល្អ! កម្ពុជា​ត្រៀម​នឹង​ចុះ​ឈ្មោះ​អ្នក​ចាក់​វ៉ាក់សាំង​​កូវីដ-១៩នា​ពេល​ខាង​មុខ​ហើយ

  • 2021-01-27 12:36:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​កម្ពុជា​ត្រៀម​នឹង​ចុះ​ឈ្មោះ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ក្នុង​ពេល​ខាង​មុខ​ តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ E-Register នេះ​បើ​តាម​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ​ប្រចាំ​ការ​ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឯកឧត្ដម វង្សី វិស្សុត នៅ​វេទិកា​សាធារណៈ​ស្ដីពី ការ​គ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច និង​ច្បាប់​ថវិកា​ឆ្នាំ២០២១ កាល​ពី​ព្រឹក​ថ្ងៃ​ទី២៧ ខែ​មករា ២០២១។

ឯកឧត្ដម​រដ្ឋមន្ត្រី​ប្រតិភូ​មាន​ប្រសាសន៍​ថា៖ " ...ឥលូវ​យើង​កំពុង​តែ​រៀប​ Platform Registration [ប្រព័ន្ធ​ចុះ​ឈ្មោះ] មាន​ ២ដំណាក់​ មុន​ដំបូង​លោក​ជំទាវ យក់ សម្បត្តិ​ថា ភ្នំពេញ​ត្រូវ​ប្រើ​ App [កម្មវិធី] ក្រសួង​សុខាភិបាល​វា​ស្រួល ហើយ​ដល់​ពេល Roll Out [ចែក​ចាយ​ចាក់​វ៉ាក់សាំង] យើង​ត្រូវ​ការ Platform [ប្រព័ន្ធ] មួយ​ធំ ដែល​យើង​កំពុង​រៀប​ចំ​នេះ។ Readiness [ភាព​ត្រៀម​ខ្លួន​ទុក​មុន] មាន​ហើយ " ។

ឯកឧត្ដម​ក្នុង​ពិធី​នោះ​ក៏​បាន​ថ្លែង​ថា មន្ត្រី​រាជរដ្ឋាភិបាល​កំពុង​តែ​ពិភាក្សា​អំពី​ លទ្ធកម្ម​ទទួល​យក​​វ៉ាក់សាំង (Pocourment - កិច្ច​ព្រមព្រៀង​ក្នុង​ការ​ទទួល​យក) ឃ្លាំង​ស្តុក​ទុក និង​ការ​រៀប​ចំ​កាកសំណល់ ក៏​ដូច​ជា ផែនការ​នៃ​ការ​ចាក់​វ៉ាក់សាំង​នេះ​ទៅ​តាម​ខែ​នីមួយៗ ព្រម​ទាំង​គ្រោង​នឹង​ចេញ​វិញ្ញាប័ណ្ណប័ត្រ​បញ្ជាក់​ពី​ការ​ចាក់​វ៉ាក់សាំង​ផង​ដែរ​។

សូម​ជម្រាប​ផង​ដែរ​ថា​ ស្រុក​ខ្មែរ​យើង​ត្រូវ​ការ​ចាក់​វ៉ាក់សាំង​ ២០លាន​ដូស​សម្រាប់​ប្រជាជន​ ១០​លាន​នាក់ ហើយ ១០ម៉ឺន​ដូស​ដំបូង​នឹង​មក​ដល់​កម្ពុជា​នៅ​ខែ​កុម្ភៈ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​ជំទាវ ឱ វណ្ណឌីន៕

ឯកឧត្ដម វិស្សុត (រូបភាព​៖ អគ្គនាយកដ្ឋាន​ថវិកា)

អត្ថបទ៖ ហ៊ីម រស្មី

បិទ