មហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំលើកទី១៦ មានអ្នកទស្សនា ៦១,៨០០ ដងលើប្រព័ន្ធអនឡាញ
- 2021-02-05 10:18:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំលើកទី១៦ មានអ្នកទស្សនា ៦១,៨០០ ដងលើប្រព័ន្ធអនឡាញ
ចន្លោះមិនឃើញ
មហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំលើកទី១៦ ជាពិព័រណ៍ស្ទែមអនឡាញ គឺជាជោគជ័យមួយដ៏ធំធេងរបស់យើង។សិស្សានុសិស្សពីគ្រឹះស្ថានរដ្ឋនិងឯកជនរាប់ពាន់នាក់នៅទូទាំងប្រទេសបានចូលរួមព្រឹត្តិការណ៍នេះ ចាប់ពីថ្ងៃទី២៥ ដល់២៩ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះតាមរយៈការផ្សាយផ្ទាល់រួមគ្នានៅលើទំព័រហ្វេសប៊ុករបស់អង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា។
បើតាមទិន្នន័យបឋមយើងឃើញថាព្រឹត្តិការណ៍រយៈពេល ៥ថ្ងៃនេះទទួលបានការចូលរួមទស្សនាចំនួនជាង ៦១,៨០០ ដងនៅលើប្រព័ន្ធអនឡាញ។ ជាក់ស្ដែង តាមរយៈការរៀបចំនេះយើងបានបង្កើនវិសាលភាពពីរាជធានីភ្នំពេញទៅដល់បណ្ដាខេត្តនានាដូចជាបាត់ដំបង,សៀមរាប,និងរតនគិរីជាដើម។
ក្រសួងអប់រំ យុវជន និងកីឡា ពិតជាបានផ្ដល់ការគាំទ្រដល់ការអប់រំស្ទែមយ៉ាងពេញទំហឹងនិងធានាបានថាសិស្សានុសិស្សនៅតាមបណ្ដាខេត្តនានា បានចូលរួមទស្សនាព្រឹត្តិការណ៍នេះនៅក្នុងម៉ោងសិក្សានៅតាមសាលារៀនផងដែរ។យើងបានជ្រើសរើសយកប្រធានបទគោលផ្សេងៗសម្រាប់ថ្ងៃពិព័រណ៍នីមួយៗដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមនានាដែលពិភពលោកកំពុងជួបប្រទះ។
ទន្ទឹមពេលដែលសាលានៅទូទាំងប្រទេសត្រូវផ្អាកដំណើរការដោយសារវិបត្តិកូវីដ-១៩ វាជាពេលវេលាមួយដែលធនធានអប់រំតាមរយៈបណ្ដាញអនឡាញមានលក្ខណៈចាំបាច់បំផុត។ កម្មវិធីផ្សេងៗដែលមាននៅក្នុងមហោស្រពពិព័រណ៍នេះមានដូចជាបទសម្ភាសតារាងស្ទែម ឯកសារអប់រំ សិក្ខាសាលាផ្សាយផ្ទាល់អំពីអាជីពការងារ និងការបង្ហាញសកម្មភាពស្ទែមផ្ទាល់ គឺត្រូវបានរៀបចំឡើង ដើម្បីលើកកម្ពស់ចំណេះដឹង និងការយល់ដឹងអំពីអាជីពការងារ និងសកម្មភាពស្ទែមផ្សេងៗដែលមាននៅក្នុងប្រទេសកម្ពុជា។
ថ្លែងក្នុងឱកាសនេះអ្នកស្រីបណ្ឌិត Una McCarthy-Fakhryនាយិកាអង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា មានចំណាប់ថា៖ «យើងបានឃើញនូវឱកាសក្នុងការលើកកម្ពស់ទំនុកចិត្តនិងយល់ដឹងអំពីវិស័យស្ទែមដែលចាំបាច់បំផុតនៅពេលនេះស្របពេលដែលវិទ្យាសាស្រ្តមានសមត្ថភាពអាចដឹកនាំមធ្យោបាយដោះស្រាយបញ្ហាវីរុសរាលដាលនេះបាន។»
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការអប់រំស្ទែមលើគ្រប់វិស័យ ដោយសារបច្ចេកវិទ្យាបានរីកចម្រើនយ៉ាងឆាប់រហ័សនៅជុំវិញពិភពលោក ៖ «នៅក្នុងប្រទេសកម្ពុជា វិសាលភាពនៃការអភិវឌ្ឍដើម្បីត្រៀមខ្លួនសម្រាប់ពេលអនាគត គឺពឹងផ្អែកទៅលើកម្លាំងចលករការងាររបស់ប្រទេសកម្ពុជានេះតែម្ដង ដើម្បីស្រូបយកជំនាញដែលចាំបាច់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍ និងកំនើនសេដ្ឋកិច្ច។ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងបន្តពឹងផ្អែកទៅលើចំណេះដឹងកាន់តែខ្លាំងឡើងៗ។»
ដោយឡែក ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងពីការចូលរួមចំណែករបស់មហោស្រពិព័រណ៍នៅក្នុងឆ្នាំនេះ ក្នុងការបណ្ដុះស្មារតី និងលើកទឹកចិត្តឱ្យយុវជនយើងសិក្សាមុខវិជ្ជាស្ទែម ដើម្បីស្វែងរកដំណោះសា្រយបែបនវានុវត្តន៍ និងអាស្រ័យលើវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ក្នុងការជួយឱ្យប្រទេសកម្ពុជាអាចត្រៀមលក្ខណៈសម្រាប់ពេលអនាគត៖ «ការវិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាបាននឹងកំពុងផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាងរាប់បញ្ចូលទាំងរបៀបគិត ការប្រាស្រ័យទាក់ទងគ្នា ការងារ និងការរស់នៅរបស់យើង។»
ជាមួយនឹងការគាំទ្រពីក្រុមហ៊ុន ស្មាត អាស្យាតា នៅឆ្នាំនេះយើងបានដាក់បញ្ចូលការប្រកួតប្រជែងស្ទែម by Smart ដែលការប្រកួតប្រជែងគម្រោងរបស់សិស្សកម្រិតមធ្យមសិក្សា នៅក្នុងប្រទេសកម្ពុជា ក្នុងការបង្កើតគម្រោងថ្មីបង្អស់និងមានភាពច្នៃប្រឌិត ដើម្បីជំរុញឱ្យមានវិធីដោះស្រាយបញ្ហាពិភពលោកយ៉ាងពិតប្រាកដ។ ការប្រកួតប្រជែងនេះទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង និងមានការចូលរួមពីសំណាកបេក្ខជននៅទូទាំងប្រទេស។
ជាក់ស្ដែង ជ័យលាភីលើវិញ្ញាសាសិស្សច្បង សម្រាប់ប្រធានបទនីមួយៗ គឺសុទ្ធតែជាបេក្ខជនដែលមកពីខេត្តចំនួន៥ខុសៗគ្នា។ ចំណែកឯម្ចាស់ជ័យលាភីលើវិញ្ញាសាសិស្សច្បង សម្រាប់គ្រប់ប្រធានបទប្រកួតវិញ គឺបានទៅលើគម្រោង “កង្វក់ទឺក និងកត្ដាដែលធ្វើឱ្យប៉ូពុលឡាស្យុងចកលូតលាស់ច្រើនលើបឹងកន្សែងក្នុងខេត្តរតនគិរី” របស់បេក្ខជនឈ្មោះ Leang Mouysing និង Kheav Chantharina ដែលមកពីសាលាគ្រូយើងនៅខេត្តរតនគិរី។ រីឯម្ចាស់ជ័យលាភីលើវិញ្ញាសាសិស្សប្អូនសម្រាប់គ្រប់ប្រធានបទប្រកួតគឺបានទៅលើគម្រោង“ការចម្រោះទឹកស្អាតនៅតាមជនបទ”របស់បេក្ខជនឈ្មោះAdriano Condorelli និង Kimgelina Tangដែលមកពីសាលា Harrods International School។
ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះអាចប្រព្រឹត្តទៅបាន តាមរយៈការឧបត្ថម្ភរបស់ក្រុមហ៊ុនផារ៉ាហ្គន អេឌ្យូខេសិន ឯ.ក និងក្រុមហ៊ុន ស្មាត អាស្យាតា ដែលជួយឱ្យសិស្សានុសិស្សកម្ពុជាយើងអាចចូលរួមទស្សនាបានដោយឥតគិតថ្លៃ។
មហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា បានក្លាយជាព្រឹត្តិការណ៍ស្ទែមមួយដែលឈានមុខគេ នៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងជំរុញនូវការស្រឡាញ់វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា របស់យុវជនកម្ពុជាយើង។
ព្រឹត្តិការណ៍កាលពីឆ្នាំមុន យើងខ្ញុំបានសង្កេតឃើញភាពជោគជ័យយ៉ាងធំធេង ដោយយើងទទួលបានអ្នកទស្សនាជាង១៣០០០នាក់ ហើយគម្រោងស្ទែមជាង ២០០ ត្រូវបានដាក់បង្ហាញ និងមានការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកជាង ៥៨៧៥០ មុខតាមរយៈការអនុវត្តគោលការណ៍ការពារបរិស្ថាន។
តាមរយៈការៀបចំព្រឹត្តិការណ៍នេះឡើងនៅលើបណ្ដាញអនឡាញ យើងបានបើកឱកាសថ្មីសម្រាប់ថ្ងៃអនាគត និងអាចមានឥទ្ធិពលល្អយូរអង្វែងចំពោះព្រឹត្តិការណ៍ស្ទែមដ៏មានសារៈសំខាន់នេះ។
លើសពីនេះការប្រកួតប្រជែងស្ទែម by Smart ការប្រកួតសិល្បៈគំនូររបស់សិស្សកម្រិតបឋមសិក្សា និងការសំដែងសិល្បៈរបស់យើង នឹងនៅតែអាចចូលទៅទស្សនាបាន សម្រាប់រយៈពេលមួយឆ្នាំពេញ រហូតដល់ព្រឹត្តិការណ៍មហោស្រពនៅឆ្នាំបន្ទាប់ ពិសេសវាអាចដើរតួនាទីជាធនធានសិក្សាដ៏យូរអង្វែងបានថែមទៀតផងដែរ។ ដើម្បីពិនិត្យធនធានទាំងនេះសូមចូលទៅកាន់ ៖ stemcambodiavirtual.com
តោះ!ត្រៀមខ្លួនដើម្បីអនាគតជាមួយគ្នា!
អង្គការមហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា បានចុះបញ្ជីក្នុងស្រុកជា អង្គការក្រៅរដ្ឋាភិបាល តាំងពីឆ្នាំ២០១៦ និងមានមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញ។ តាមរយៈមហោស្រពពិពណ៍ កម្មវិធី និងព្រឹត្តិការណ៍នានា យើងបានបង្កើតសហគមន៍ស្ទែមមួយ ដែលជួយជំរុញយុវជនកម្ពុជា នៅក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។
គម្រោងយើងទាំងអស់ប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូល នៃការសិក្សាតាមរយៈការចូលរួម ការលើកកម្ពស់ការយល់ដឹងពីបរិស្ថាន និងសមភាពយេនឌ័រ។ ការសិក្សាមុខវិជ្ជាស្ទែមត្រូវបានគេទទួលស្គាល់ជាសកល ថាជាការលើកកម្ពស់ភាពច្នៃប្រឌិត ការគិតបែបត្រិះរិះពិចារណា និងការអភិវឌ្ឍជំនាញដោះស្រាយបញ្ហាកម្រិតខ្ពស់។ ជំនាញទាំងនេះមានតម្រូវការនៅទូទាំងពិភពលោក និងមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
អង្គការមហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា មានមោទនភាពក្រៃលែង ដែលបានទទួលការគាំទ្រខ្ពង់ខ្ពស់ ពីក្រសួងអប់រំយុវជន និងកីឡា និងក្រសួងបរិស្ថាន ដើម្បីចែករំលែកនូវគោលបំណងរួមពាក់ព័ន្ធនឹងការងារស្ទែម និងដើម្បីកសាងអនាគតប្រទេសកម្ពុជាយើងឱ្យកាន់តែត្រចះត្រចង់។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់អ៊ីមែល info@stemcambodia.ngo ។