មេដឹកនាំ ៣ប្រទេសអវត្តមានពីកិច្ចប្រជុំអាស៊ានក្រៅផ្លូវការថ្ងៃស្អែកនេះ
- 2021-04-23 13:11:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេដឹកនាំ ៣ប្រទេសអវត្តមានពីកិច្ចប្រជុំអាស៊ានក្រៅផ្លូវការថ្ងៃស្អែកនេះ
ចន្លោះមិនឃើញ
មេដឹកនាំប្រទេសអាស៊ានចំនួន ៣ បានអវត្តមានពីកិច្ចប្រជុំអាស៊ានក្រៅផ្លូវការ ដែលធ្វើឡើងដោយផ្ទាល់នៅលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។ មេដឹកនាំទាំង ៣ប្រទេសនោះគឺ ប្រទេសថៃ ហ្វីលីពីន និងប្រទេសឡាវ។
នាយករដ្ឋមន្ត្រីថៃ លោកឧត្ដមសេនីយ៍ ប្រៈយុទ្ធ ច័ន្ទអូឆា បានលើកឡើងកាលពីថ្ងៃអង្គារថា លោកនឹងមិនប្រជុំដោយផ្ទាល់នៅរដ្ឋធានីហ្សាការតាទេ តែចាត់តាំងឲ្យរដ្ឋមន្ត្រីការបរទេសរបស់លោកទៅជំនួសវិញ។
ហ្វីលីពីនវិញបានចេញសេចក្ដីថ្លែងការណ៍តាមរយៈក្រសួងការបរទេសរបស់ខ្លួនថា លោកប្រធានាធិបតី រ៉ូឌ្រីហ្គូ ឌុយទែរតេ នឹងមិនមានវត្តមាននៅកិច្ចប្រជុំអាស៊ាននោះទេ ដោយសារតែជាប់ដៃដោះស្រាយបញ្ហាកូវីដ-១៩នៅក្នុងស្រុក។
ចំណែកឯនៅល្ងាចនេះវិញ លោកស្រីរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី រ៉េតណូ ម៉ារស៊ូឌី បានថ្លែងឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីឡាវ ផ័នខាំ វិផាវ័ន នឹងមិនចូលរួមក្នុងកិច្ចប្រជុំនេះដោយផ្ទាល់នោះទេ។ ប៉ុន្តែលោកស្រីរដ្ឋមន្ត្រីមិនបានបញ្ជាក់ពីមូលហេតុនៃការអវត្តមានរបស់លោកទេ។
ក្រៅពីមេដឹកនាំទាំង ៣រូបនេះ ថ្នាក់ដឹកនាំអាស៊ានទាំងអស់ និងលោកឧត្ដមសេនីយ៍ជាន់ខ្ពស់ មីង អោងហ្លាំងតំណាងយោធាមីយ៉ាន់ម៉ាបានអញ្ជើញទៅដល់រដ្ឋធានីហ្សាការតាហើយនៅល្ងាចថ្ងៃសុក្រនេះ។
សូមជម្រាបផងដែរថា នៅក្នុងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ អាស៊ានបានរៀបចំកិច្ចប្រជុំថ្នាក់មេដឹកនាំក្រៅផ្លូវការ ដោយពិភាក្សាលើបញ្ហាសំខាន់ៗមួយចំនួន ខណៈរឿងនៅមីយ៉ាន់ម៉ាជារឿងរសើបមួយ ដែលអាចនឹងលើកមកនិយាយ៕