Fernandinho អះអាង​ថា Man City ទិញ Ronaldo មិន​បាន​ដោយ​សារ​តែ​មូលហេតុ​នេះ

  • 2021-09-15 11:03:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រេស៊ីល Fernandinho បាន​អះអាង​ថា ក្លឹប Manchester City បរាជ័យ​ក្នុង​ការ​នាំ​ចូល​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ​ Cristiano Ronaldo កាល​ពី​ពេល​កន្លង​ទៅ ក៏​ព្រោះ​តែ​ខាង​សារព័ត៌មាន​ទម្លាយ​រឿង​ចរចា​រវាង​ក្លឹប នឹង​ភ្នាក់ងារ​របស់​ Ronaldo លោក Jorge Mendes។

កីឡាករ​រូប​នេះ​ប្រាប់ ESPN ថា៖ "ខ្ញុំ​គិត​ថា Man City មាន​ឱកាស​មួយ​ដ៏​ល្អ និង​គួរ​ឱ្យ​កត់​សម្គាល់​ណាស់​ក្នុង​ការ​ទិញ Ronaldo។ ខ្ញុំ​គិត​ថា ភ្នាក់ងារ​របស់​គេ [Ronaldo] មក​ក្លឹប​របស់​យើង ហើយ​បន្ត​កុងត្រា​ថ្មី​ឱ្យ Ederson (អ្នក​ចាំទី​ប្រេស៊ីល) Ruben Dias (ខ្សែ​ការពារ​ព័រទុយហ្គាល់) Bernardo Silva (ខ្សែ​បម្រើ​ព័រទុយហ្គាល់) និង Joao Cancelo (ខ្សែ​ការពារ​ព័រទុយហ្គាល់) ''។

Fernandinho យល់​ឃើញ​ថា​ លោក Mendes ច្បាស់​ជា​និយាយ​ជាមួយ​ខាង Manchester City អំពី​ខ្សែ​ប្រយុទ្ធ Ronaldo។ យ៉ាងណាមិញ ក្រោយ​មក​ក៏​លេចឮ​ពាក្យ​ចចាមអារ៉ាម​ថា Man City មាន​បំណង​នាំ​ចូល Ronaldo។ រឿង​នេះ​ហើយ​បង្ក​ឱ្យ​ការ​ចរចា​បរាជ័យ។

ខ្សែ​បម្រើ​ប្រេស៊ីល​រូប​នេះ​បាន​បន្ថែម​ថា បរាជ័យ​ក្នុង​ការ​ទិញ Ronaldo មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​អ្នក​គាំទ្រ​ទេ តែ​អ្នក​នៅ​ក្នុង​ក្លឹប​ក៏​ឈឺ​ដែរ។

មុន​ពេល​ Ronaldo មក Manchester United ជា​ផ្លូវការ​ សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ Manchester City ជា​បេក្ខភាព​នាំ​មុខ​មួយ​ក្នុង​ការ​នាំ​ចូល​កីឡាករ​រូប​នេះ​ តែ​ចុង​ក្រោយ Ronaldo មក​បិសាច​ក្រហម​វិញ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម