វគ្គសិក្សាខ្លី «គ្រូបង្វឹកកម្រិត១» ជួយពង្រឹងសមត្ថភាពគ្រូដើម្បីឆ្ពោះទៅរកភាពជោគជ័យ
- 2021-09-25 03:33:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វគ្គសិក្សាខ្លី «គ្រូបង្វឹកកម្រិត១» ជួយពង្រឹងសមត្ថភាពគ្រូដើម្បីឆ្ពោះទៅរកភាពជោគជ័យ
ចន្លោះមិនឃើញ
សហព័ន្ធកីឡាហុកគីកម្ពុជា ម្សិលមិញនេះបានបើកវគ្គសិក្សាខ្លី «គ្រូបង្វឹកកម្រិត១» ដើម្បីពង្រឹងគុណភាពគ្រូៗឈានទៅរកភាពជោគជ័យនៅថ្ងៃខាងមុខជាពិសេសស៊ីហ្គេម ២០២៣។
លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះដំណើរការបានដោយសារអង្គការសាមគ្គីអូឡាំពិក (OS) ដែលសម្របសម្រួលដោយគណៈកម្មការជាតិអូឡាំពិកកម្ពុជា NOCC។
អគ្គលេខាធិការខាងលើបន្ថែមទៀតថា ក្នុងវគ្គនេះគឺសិក្សាអំពី សេចក្ដីផ្ដើមនៃកីឡាហុកគី តួនាទីគ្រូបង្វឹក ការគ្រប់គ្រងហានិភ័យ ការត្រៀមបម្រុងរបស់គ្រូបង្វឹក ការហាមប្រើសារធាតុញៀន បទបញ្ជាការប្រកួត និងបច្ចេកទេសលេងផ្សេងៗផងដែរ។
ឯកឧត្ដម វ៉ាត់ ចំរើន ប្រធានសហព័ន្ធបានលើកឡើងដែរថា តួនាទីជាគ្រូនេះគឺសំខាន់ណាស់ក្នុងការធ្វើឲ្យកីឡាហុកគីនេះទទួលបានជោគជ័យ ខ្លាំងពូកែ។ ដូច្នេះប្រសិនបើគ្រូខ្លាំងកូនសិស្សក៏ខ្លាំងដែរ មិនអាចសិស្សខ្លាំងគ្រូខ្សោយនោះទេ។ ក្នុងនាមជាគ្រូត្រូវមានគោលដៅច្បាស់លាស់ គិតពីភាពវិជ្ជមាន គិតវាជាការស្រឡាញ់អីចឹងដែរ បើម្នាក់ៗស្រឡាញ់ពេញចិត្តអ្វីហើយគឺត្រូវតែធ្វើវាឲ្យបានល្អនោះលទ្ធផលក៏ទទួលបានល្អ ឬខ្លាំងដូចគ្នា។
រំលឹកដែរថា វគ្គសិក្សាខ្លី «គ្រូបង្វឹកកម្រិត១» ធ្វើឡើងចាប់ពីថ្ងៃទី២៤ ដល់ ៣០ ខែកញ្ញា ឆ្នាំ២០២១ នៅគណៈកម្មការជាតិអូឡាំពិកកម្ពុជា (NOCC) និងតាមប្រព័ន្ធ Online។ ចំពោះសិក្ខាកាមចូលរួមសរុប ២៥នាក់មកពីបណ្ដាក្លឹបនានា៕