ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ ពិចារណា​ហាម​ឃាត់​ បរិភោគ​សាច់​សត្វ​សុនខ​

  • 2021-09-28 11:18:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Moon Jae-in ប្រធានាធិបតី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ កំពុង​ធ្វើ​ការ​ពិចារណា​ ហាម​ឃាត់​បរិភោគ​សាច់​សត្ត​សុនខ​ នៅ​ក្នុង​ប្រទេស​របស់​លោក​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ BBC ក្នុង​ថ្ងៃ​នេះ​។

ប្រធានាធិបតី​រូប​នេះ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​ស្រលាញ់​សត្វ​សុនខ​​ បាន​លើក​ឡើង​ នៅ​ក្នុង​ជំនួប​ប្រចាំ​សប្ដាហ៍​ជា​មួយ​​លោក​នាយក​រដ្ឋមន្ត្រី​  Kim Boo-kyum កាល​ពី​ថ្ងៃ​ច័ន្ទ​ ម្សិលមិញ​នេះ​ថា​ វា​គួរ​តែ​ដល់​ពេល​ ដែល​គិត​គូរ​ដល់​ការ​ហាម​ឃាត់​បរិភោគ​សាច់​សត្វ​សុនខ​ហើយ​។

តាម​ពិត​ទៅ​សាច់​សត្វ​សុនខ​ជា​ប្រភេទ​សាច់​សត្វ​មួយ​ប្រភេទ​ ដែល​ទំនៀមទម្លាប់​របស់​កូរ៉េ​តែង​តែ​បរិភោគ​រហូត​មក​ ប៉ុន្តែ​នៅ​ក្នុង​ពេល​ថ្មី​ៗ​នេះ​ចំនួន​ការ​បរិភោគ​សាច់​សត្វ​ប្រភេទ​នេះ​ត្រូវ​បាន​គេ​សង្កេត​ថា​មាន​ការ​ធ្លាក់​ចុះ​ជា​ខ្លាំង​ ដោយ​សារ​តែ​ក្មេង​ៗ​មិន​និយម​ ក៏​ដូច​ជា​សម្ពាធ​ពី​អ្នក​ស្រលាញ់​សត្វ​ប្រភេទ​នេះ​។ យ៉ាង​ណា​ក្ដី​សត្វ​សុនខ​ជាង​ ១លាន​ក្បាល​នៅតែត្រូវ​បាន​គេ​សម្លាប់​ដើម្បី​ធ្វើ​ជា​អាហារ​ជា​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​កូរ៉េ​ខាង​ត្បូង​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​នេះ​មាន​ច្បាប់​ហាម​ឃាត់​សម្លាប់​សត្វ​សុនខ និង​សត្វ​ឆ្មា​តាម​រូប​ភាព​ព្រៃផ្សៃ​រួចទៅ​ហើយ​ ប៉ុន្តែ​ច្បាប់​ហាម​ឃាត់​បរិភោគ​សាច់​សត្វ​ទាំង​នេះ​ មិន​ទាន់​មាន​នៅ​ឡើយ​ទេ​នៅ​ក្នុង​ប្រទេស​នេះ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី