​មេ​ Suzuki ថា បើចង់ឱ្យកូនឡានអគ្គិសនីលក់ដាច់ ទាល់តែវាមានតម្លៃត្រឹមពាន់ដុល្លារ

  • 2021-11-29 09:25:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Suzuki គ្រោង​នឹង​ផ្តោតការ​ផលិត និង​លក់​រថយន្ត​អគ្គិសនី​តូចៗ ក្នុងទីផ្សារ​ប្រទេស​ជប៉ុន នៅឆ្នាំ​២០២៥ ដោយដាក់លក់​ខ្ទង់តម្លៃ ១លានយ៉េន ឬ ៨៧០០ដុល្លារ ដើម្បី​ប្រកួត​ប្រជែង​លើរថយន្ត​ប្រភេទនេះ។

ប្រធាន​ក្រុមហ៊ុន លោក Toshihiro Suzuki បាន​ប្រាប់​អ្នកកាសែត​ក្នុងព្រឹត្តិការណ៍ Japan EV កាលពីសប្តាហ៍មុនថា៖ «ប្រសិនបើអ្នកចង់​លក់​កូន​រថយន្តតូចៗ ឱ្យអតិថិជន​គោលដៅ គឺ​សំខាន់​បំផុត​វា​ត្រូវតែមានតម្លៃខ្ទង់ ១លានយ៉េន។ យើង​ចង់បញ្ចេញលក់​វា​នៅត្រឹមឆ្នាំ​២០២៥។»

យ៉ាងណាមិញ លោកទទួលស្គាល់​ថា ការបញ្ចេញ​រថយន្ត​អគ្គិសនី​នៅឆ្នាំ២០២៥ គឺយឺតជាងក្រុមហ៊ុនជប៉ុនដទៃទៀតដូចជា Nissan និង Mitsubishi ដែល​គ្រោង​បញ្ចេញ​នៅឆ្នាំ២០២២ ប៉ុន្តែលោក​ថា ការគិត​គូរពីគុណភាពដែល​អតិថិជន​ទទួលយកបាន និង​ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​ គឺជាការចាំបាច់។

បច្ចុប្បន្ននេះ គេសង្កេត​ឃើញថា ក្រុមហ៊ុនចិន កំពុងវាយលុកទីផ្សារ​រថយន្តអគ្គិសនី​យ៉ាងខ្លាំងក្លា ពិសេស​គឺប្រភេទរថយន្ត​ដែល​លក់​ក្នុងតម្លៃពាន់ដុល្លារ។ តែ​បើតាម​លោក Toshihiro Suzuki មិនទាន់​យល់ស្រប​ទេចំពោះការលើកឡើងនេះ ព្រោះតែកត្តា​ភាព​ជឿជាក់​លើផលិតផលចិន ដូចជា អាគុយ និង​កត្តា​ផ្សេងៗទៀត។

លោក​បន្ថែមទៀត​ថា ក្រុមហ៊ុនលោក នឹង​អាចប្រជែង​លើគុណភាព​ផលិតផល ទោះជាមានតម្លៃទាប​ជាង​ក៏ដោយ៕

ប្រភព៖ themalaymailonline   ប្រែ​សម្រួល៖ សំភី