៧ ក្បាច់សុវត្ថិភាព តែបើ Hacker ហេគបាន មិនមែនកំហុសអ្នកទេ គឺមកពីទូរសព្ទ

  • 2022-03-11 03:07:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រោះតែអ៊ីនធឺណិតផ្ដល់ភាពងាយស្រួលដល់មនុស្សទូទៅ វាក៏ជាប្រភពមេរោគ ក៏ដូចជាឧក្រិដ្ឋកម្មផ្សេងៗដែលបង្កដោយ Hacker ផងដែរ។ ខាងក្រោមនេះ យើងសូមចែករំលែកគន្លឹះ​សំខាន់ៗមួយចំនួន ដើម្បីឱ្យអ្នកប្រើប្រាស់ស្មាតហ្វូន គេចផុតពី Hacker លើអ៊ីនធឺណិត។

១. កុំចូលអន្ទាក់របស់ Hacker ពួកគេអាចបន្លំជាជនគួរឱ្យទុកចិត្តនៅស្ថាប័នណាមួយ ដោយហៅទូរសព្ទមកអ្នកដើម្បីដោះស្រាយបញ្ហាផ្សេងៗ និងទាមទារគណនីលេខសម្ងាត់ ឬលេខសម្ងាត់ PIN Code ដើម្បីលួចយកគណនីរបស់អ្នកប្រើប្រាស់ផ្សេងៗ ដូចជាគណនី Facebook, iCloud, Gmail ឬគណនីធនាគារផងដែរ។

២. កុំចុចលើតំណលីងមិនស្គាល់ នៅលើអ៊ីនធឺណិត ឬនៅក្នុងអ៊ីមែលដែលអ្នកបានទទួល អាចនឹងមានតំណលីងស្រដៀងនឹងក្រុមហ៊ុនផ្លូវការណាមួយ ដែល Hacker បង្កើនដើម្បីឱ្យអ្នកទុកចិត្ត ហើយក្នុងនោះអាចមានការបញ្ឆោតឱ្យអ្នកចុចតំណលីង ឬ log in ចូលទៅគេហទំព័រផ្សេងទៀត និងទាញយកមេរោគដែលពួកគេបានភ្ជាប់មកដោយមិនដឹងខ្លួនផងដែរ។

៣. តម្លើងកម្មវិធី កុំតម្លើងកម្មវិធីមិនស្គាល់ប្រភព ព្រោះវាគ្រោះថ្នាក់ខ្លាំងណាស់ វាប្រៀបដូចជាអ្នកបានបើកដៃដល់ Hacker ឱ្យចូលដល់មាត់ផ្ទះរបស់អ្នកដូចច្នោះដែរ។

៤. កុំប្រើ Wi-Fi តាមទីសាធារណៈ ឬ Wi-Fi ដែលបើកឱ្យប្រើដោយមិនគិតថ្លៃ អាចជាប្រភពគ្រោះថ្នាក់មួយ ត្បិតអ្នកប្រើក្នុងបណ្ដាញតែមួយជាមួយយើងនោះ អាចជា Hacker កំពុងសំងំតាមដានអ្នកប្រើប្រាស់ផ្សេងៗ និងរៀបជាអន្ទាក់លួចយកទិន្នន័យសំខាន់ផ្សេងៗរបស់អ្នកផងដែរ។

៥. បង្កើនប្រសិទ្ធភាពលេខសម្ងាត់ ដើម្បីកុំឱ្យ Hacker ងាយស្មានត្រូវលេខសម្ងាត់ អ្នកគប្បីប្រើលេខសម្ងាត់មានលក្ខណៈពិសេស ដូចអ្នកជំនាញបានណែនាំនៅខាងក្រោមនេះ៖

  • ប្រើលេខសម្ងាត់យ៉ាងហោចណាស់ ៨ខ្ទង់
  • ប្រើអក្សរ តួរលេខ និងនិមិត្តសញ្ញាបញ្ចូលគ្នា
  • ប្រើអក្សរតូច និងអក្សរធំ
  • ដើម្បីបង្កើនប្រសិទ្ធិភាពបន្ថែម អ្នកគប្បីប្រើមុខងារបន្ថែម Two-Factor Authentication ដើម្បីជាសុវត្ថិភាពមួយជាន់ទៀត បន្ថែមពីលេខសម្ងាត់។

៦. ប្រើកម្មវិធីចាប់មេរោគ ដើម្បីជៀសវាងមេរោគចូលក្មុងស្មាតហ្វូនដោយទង្វើធ្វេសប្រហែសណាមួយ អ្នកអាចប្រើកម្មវិធីចាប់មេរោគលើស្មាតហ្វូន ដែលមានការទទួលស្គាល់ និងមានអាជ្ញាបណ្ណ (license) ត្រឹមត្រូវពីក្រុមហ៊ុនណាមួយ។

៧. អាប់ឌែតប្រព័ន្ធប្រតិបត្តិការ ដើម្បីគេចពីការតាមវាយប្រហាររបស់ Hacker មកលើប្រព័ន្ធប្រតិបត្តិការ ក្រុមហ៊ុនស្មាតហ្វូនតែងបញ្ចេញកំណែអាប់ឌែតថ្មីៗ ដើម្បីជួសជុលនិងកែប្រែកំហុសផ្សេងដែលអាចកើតមានជាប្រចាំ។ ដូចនេះ អាប់ឌែតទៅប្រព័ន្ធប្រតិបត្តិការចុងក្រោយបំផុត ក៏ជាសុវត្ថិភាពបន្ថែមមួយទៀត លើស្មាតហ្វូនរបស់អ្នកទាំងអស់គ្នា៕

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម