មែនទែនទៅរឿង​ចាយ​លុយ​​ទិញ Twitter លោក Elon Musk មិន​មែន​ជា​មនុស្ស​​ដំបូង​​គេ​​នោះ​​ទេ​

  • 2022-04-21 04:18:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពេល​​លោក Elon Musk ដាក់សំណើរទិញយក Twitter ​​ក្នុងតម្លៃ​ខ្ទង់​រាប់​ពាន់លានដុល្លារ (៤៣ ប៊ីលានដុល្លារអាមេរិក) កាលពី​ថ្ងៃ​ទី ១៤ ខែមេសា​ឆ្នាំ ២០២២ កន្លងទៅ​ បាន​ធ្វើ​ឲ្យ​រំជើបរំជួល​ដល់​បណ្ដា​អ្នក​សារព័ត៌មាន​នានា​ទាំង​ក្នុង​ស្រុក និង​អន្តរជាតិចុះផ្សាយ​ថា «​មហាសេដ្ឋីអាមេរិក​​លំដាប់​កំពូល​រូប​នេះ នឹង​ក្លាយ​ទៅ​ជា​ CEO Twitter នាពេលអនាគត​ឆាប់ៗនេះ»។

យោង​តាមប្រភព​ពី​សារព័ត៌មាន WSJ-Wall Street Journal បាន​លើក​ឡើង​ថា ការ​ដាក់​លក់​ក្រុមហ៊ុន​បណ្ដាញសង្គម​ដ៏​មាន​ឥទ្ធិពល​មួយ​នេះ​ត្រូវ​បាន​លោក Jack Dorsey-ជេក ដូស៊ី ​អតីត​នាយក​ប្រតិបត្តិ និង​​ជា​ស្ថាបនិក Twitter បង្ហើប​ថា កន្លង​ទៅ​សហគមន៍ក្រុមហ៊ុន​បច្ចេកវិទ្យា​​ធំៗធ្លាប់​ដាក់​សំណើរ​រាប់ពាន់ដុល្លារដើម្បី​ទិញ​​យក​។ ​សហគមន៍ក្រុមហ៊ុន​​បច្ចេកវិទ្យា​​​ធំៗ​ទាំង​​នោះ​​មានក្រុមហ៊ុន​ដូចជា Google, Microsoft, Disney និង​ Salesforce ជាក្រុមហ៊ុនឯកទេសខាង​ cloud-based software លំដាប់ជួរ​មុខ​មួយក្នុង​ចំណោម​ក្រុមហ៊ុន Software ធំៗ​​នៅ​អាមេរិក។

ចំពោះ​លោក​ផ្ទាល់​និង​គណៈគ្រប់គ្រង​ មាន​ចេតនា​ចង់​លក់​​តាំងពីឆ្នាំ ២០១៦ មកម្ល៉េះ​តែ​មិន​បាន​សម្រេច​។​ ​អតីត CEO រូប​នោះ​ ​ចង់​ទៅ​បង្កើត​ក្រុមហ៊ុន​ថ្មី​តាំងពីឆ្នាំ ២០១៦ ទើប​តែ​សម្រេច​ចិត្ត​​ចាកចេញពី​ក្រុមហ៊ុន​ជា​ផ្លូវការ​ កាល​ពី​​ខែវិច្ឆិការ​ឆ្នាំ ២០២១​។ ក្រោយ​ការចាកចេញ​របស់​លោក Jack ម្ចាស់​ភាគ​ហ៊ុនចាស់​ៗ​ក៏​ចាក​ចេញជា​ហេតុ​ធ្វើ​ឲ្យ Twitter ត្រូវការ​ភាព​រឹង​មាំ​ក្នុង​ការគ្រប់គ្រង​ទៅ​​លើបណ្ដាញ​សង្គម​នេះ​។​ អ្នក​ជំនួស​តំណែង​លោក​ Jack ត្រូវ​បាន​ជ្រើស​រើស​ចេញពី​ផ្ទៃក្នុង និង​ជា​បុគ្គលបច្ចេកវិទ្យា​ជនជាតិ​ឥណ្ឌា​ម្នាក់​​ ​ធ្លាប់​សម្រេច​បាន​ស្នាដៃ​គួរ​ឲ្យ​កត់​សម្គាល់។​

ក្រឡេក​មក​តាមដានកំពូលមនុស្ស Elon Musk ក្រោយ​ពេល​លោក​ចាប់អារម្មណ៍​ចង់​ទិញ​យក Twitter លោក​ត្រូវ​បាន​​គេ​កត់​សម្គាល់​​ឃើញ​ថា ជាមនុស្ស​ម្នាក់​ដែល​មើលឃើញនូវ​ចំណុចខ្សោយលើ​ Twitter ជា​ច្រើន​ទាំង​ការ​គ្រប់គ្រងក្រុមហ៊ុនជារួម ព្រមទាំង​រឿងរ៉ាវ​ផ្ទៃក្នុង​ជាច្រើន​ទៀត​ដែល Twitter កំពុង​ខ្វះខាត។

បច្ចុប្បន្ន​លោក​មាន​ចំណែក​ភាគហ៊ុន​ ៩% នៅ​ក្នុង​ Twitter បាន​ធ្វើ​ឲ្យ​លោក​ក្លាយ​ជាម្ចាស់ភាគហ៊ុនធំ និងជា​សមាជិក​ក្រុមប្រឹក្សាភិបាល ហើយក៏​អាច​នឹង​​ក្លាយជា ​នាយកប្រតិបត្តិថ្មី​គ្រប់គ្រង Twitter ខណៈដែល​សាមី​ខ្លួនចង់​ប្រែក្លាយ​វា​​ទៅ​ជា​ «​វេទិកា​សាធារណ​ក្នុង​ការ​បញ្ចេញ​មតិ​ដោយ​សេរី»​ ដែល​ជារសជាតិ​ថ្មី​នៅ​លើ​បណ្ដាញ​សង្គម​នេះ​ផង​ដែរ។ លោក​ក៏​មានមតិយោបល់ប្លែកៗ​លើ​ចំណុច​ខ្វះខាត​របស់​ Twitter ដែល​គេ​កម្រ​បាន​ឮ​​ពីមុន​ដូចជា ការ​​បង្កើត Edit Button-ប៊ូតុង​ពាក្យ Edit លើ Comment និង​បន្ថែម​កូដ​ការពារមេរោគប្រភេទ Spambots ឬ Scam bots-ពពួក​ bots ស្វ័យប្រវត្តិ​រំខាន news feed ។

លើសពីនេះ​ប្រសិនបើលោកគ្រប់គ្រង Twitter លោកនឹង​ប្រែក្លាយ Ads ទៅជា​របស់​ដែល​លែង​រំខាន​លើ news feed របស់​អ្នក​ប្រើ ឬ​ អាច​នឹង​ធ្វើ​ឲ្យ​មាន​តិច​បំផុត​​។ គេ​មើល​ឃើញថាប្រសិន​បើ​លោក​ Elon Musk ត្រូវ​បាន​ជ្រើសរើសជា​ CEO ថ្មីនោះ​លោក​នឹង​ក្លាយ​ជា មហាសេដ្ឋី​​ដែល​មាន​ក្រុមហ៊ុន Media ក្នុង​ដៃ​ដ៏​រឹង​មាំ​ក្នុង​ឱកាស​បង្កើន​ឥទ្ធិពល​បុគ្គល​​របស់​លោក​ផង​ដែរ​៕​

ប្រែសម្រួលដោយ៖ រក្សា | ប្រភព៖ WSJ