សម្ដេច​តេជោ ក្ដៅ​ចុង​ច្រមុះ ពេល​នឹក​ឃើញ​ដល់​ផែនការ​បង្កើត​រោងចក្រ​វ៉ាក់សាំង​នៅ​កម្ពុជា

  • 2022-05-17 03:32:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែង​ចំពោះ​មុខ​ក្រុម​គ្រូ​ពេទ្យ​ជួរ​មុខ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ នៅ​ព្រឹក​​ថ្ងៃ​ទី ១៧ ឧសភា​នេះ សម្ដេច​បាន​តេជោ ហ៊ុន សែន លើក​ឡើង​ខ្លាំង​ៗ ពី​ផែន​ការ​បង្កើត​រោងចក្រ​វ៉ាក់សាំង​នៅ​កម្ពុជា ដោយ​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​ទទួល​សិទ្ធិ​អភិវឌ្ឍ​ត្រូវ​តែ​ដុតដៃដុតជើង​ធ្វើ​ឲ្យ​ទាល់​តែ​បាន។

​សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ផែន​ការ​បង្កើត​រោងចក្រផលិត​វ៉ាក់សាំង​ខ្លួន​ឯង​នៅ​កម្ពុជា ត្រូវ​បានកាល​ថ្ងៃ​ទី ៧ កុម្ភៈ ក្នុង​ពេល​ដែល​សម្ដេច​បាន​​អញ្ជើញ​ចូល​រួម​សម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ ប្រវែងជិត១០០គីឡូម៉ែត្រ ក្នុងខេត្តក្រចេះ។ គ្រា​នោះ សម្ដេច​បាន​ជំរុញឲ្យភាគីពាក់​ព័ន្ធ​ទាំងកម្ពុជា និងចិន ពន្លឿនការបង្កើតរោងចក្រផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅកម្ពុជា​ឲ្យ​បាន​ឆាប់។

ផែន​ការ​នេះ ក្រោយ​ពី​សម្ដេច​បាន​មើល​ឃើញ​ពី​ភាព​ចាំ​បាច់​នៃ​ការ​ប្រើប្រាស់​វ៉ាក់សាំង​ដើម្បី​បង្កើត​ប្រព័ន្ធ​ភាព​សុំា​សហគមន៍​ទប់​ទល់​ជំងឺ​កូវីដ១៩​តាំង​ពី​ពេល​នោះ មក​ដល់​បច្ចុប្បន្ន និងអាច​ឈាន​ដល់​អនាគត​ថែម​ទៀត ស្រប​ពេល​ដែល​បច្ចុប្បន្ន កម្ពុជា​បាន​ចំណាយ​ធនធាន​ផ្ទាល់​ខ្លួន​ទិញ​វ៉ាក់សាំង​ពី​បរទេស​ចំនួនជា ២៨លាន​ដូស​រួច​មក​ហើយ។

មួយ​ផ្នែក​ទៀត ដែល​បម្រើ​ឲ្យ​នយោបាយ​ស្រោច​វ៉ាក់សាំង​ក្នុង​សហគមន៍​របស់​កម្ពុជា ពឹង​ផ្អែក​លើ​ជំនួយ​ពី​អន្តរជាតិ​មាន​ចិន អាមេរិក និង​អឺរ៉ុប​ដែល​មាន​ចំនួន​ប្រមាណ​ជិត ៥០% សម្រាប់​វ៉ាក់សាំង​ដែល​កម្ពុជា​មាន​ក្នុង​ដៃ និង​បាន​ប្រើប្រាស់​រួច។ ស្ថានភាព​បែប​នេះ សម្ដេច បញ្ជាក់​ថា កម្ពុជា​ចាំ​បាច់​ត្រូវ​មាន​រោងចក្រវ៉ាក់សាំង​ខ្លួន​ឯង។

ក្រោយ​ពី​ការ​ប្រកាស​ពី​ផែន​ការ​ខាង​លើ មាន​ក្រុមហ៊ុន​ឯកជន​មួយ​បាន​ទទួល​អាជ្ញាប័ណ្ណ​ក្នុង​ការ​អភិវឌ្ឍន៍។ ប៉ុន្តែ​បច្ចុប្បន្ន សម្ដេច​មិន​ទាន់​ឃើញ​មាន​វឌ្ឍនភាព​ពី​ផែន​ការ​នោះ​នៅ​ឡើយ។ ដូច្នេះ​ហើយ សម្ដេច​ស្នើ​ឲ្យ​ក្រសួង​សើរើ និង​ពិនិត្យ​មើល​សកម្មភាព​ក្រុម​ហ៊ុន​ឯកជន​មួយ​នោះ។ សម្ដេច​ថា បាន​ទទួល​ដំណឹង​ពី​ករណី​នេះ​ពី​ភាគី​ចិន​មក​ ថា​ពួក​គេ(ចិន)​រង់ចាំ​ការ​ឆ្លើយ​តប​ពី​ភាគី​កម្ពុជា​វិញ។

“ឥឡូវ​មើល​វិស័យ​ឯកជន​របស់​កម្ពុជា​ដែល​បាន​ទទួល​សិទ្ធិ​នៀក ថា​ធ្វើ​ឬ​មិន​ធ្វើ បើ​មិន​ធ្វើ ត្រូវ​ប្រគល់​ឲ្យ​អ្នក​ផ្សេង​ធ្វើ អត់​មាន​ត្រូវ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​មក​វ៉ាង​ទី​ទេ ខ្ញុំ​ត្រូវ​ការ​មាន​រោងចក្រ​មួយ​ផលិត​វ៉ាក់សាំង​មួយ អត់​មាន​លេង​សើច​ទេ ត្រូវ​ធ្វើ​ឲ្យ​បាន បើ​មិន​ធ្វើ​ដក​យក Licence មក​វិញ​!”។ សម្ដេច​ថ្លែង។

សម្ដេច​បាន​សង្កត់​ធ្ងន់ ដោយ​ស្នើ​ឲ្យ​ក្រសួង​សុខាភិបាល ឲ្យ​ពិនិត្យ​មើល​ករណី​នេះ ករណី​ចាំ​បាច់​ត្រូវ​ដក​យក​អាជ្ញាប័ណ្ណ​របស់​ក្រុម​ហ៊ុន​មួយ​នោះ ហើយ​ស្វែង​រក​អ្នក​ថ្មី​ដែល​អាច​ធ្វើ​បាន។ ជាមួយ​គ្នា សម្ដេចតេជោ បាន​លើក​ឡើង​ដែរ​ពី​លទ្ធភាព រដ្ឋ​កាន់​គម្រោង​នេះ​ខ្លួន​ឯង​តាម​រយៈ​ក្រសួង​សុខាភិបាល ដោយ​សម្ដេច​សង្កត់​ធ្ងន់​ថា ត្រូវ​ធ្វើ​ឲ្យ​មាន​វត្តមាន​រោងចក្រ​ផលិត​វ៉ាក់សាំង​​នៅ​កម្ពុជា ព្រោះ​កម្ពុជា​មាន​លទ្ធភាព​អាច​ធ្វើ​បាន។

សម្ដេច​តេជោ ហ៊ុន សែន លើក​ឡើង​ថា សម្តេច​ត្រូវ​ការ​មាន​អ្វី​(សមត្ថភាព​ផលិតវ៉ាក់សាំង​ផ្ទាល់​ខ្លួន)​ជា​របស់​ខ្លួន​ឯង ព្រោះ​គេ​មិន​ដឹង​ថា និន្នាការ​ប្រើ​ប្រាស់​វ៉ាក់សាំង​ប្រឆាំង​កូវីដ១៩​នឹង​បញ្ចប់​នៅ​ពេល​ណា​នោះ​ទេ។ មួយ​វិញ​ទៀត កម្ពុជា​អាច​នឹង​ប្រើ​ប្រាស់​រោងចក្រ​នោះ ផលិត​វ៉ាក់សាំង​ប្រឆាំង​មេរោគ​ផ្សេង​ៗ​ទៀត​ដោយ​ខ្លួន​ឯង​ទៀត​នា​ពេល​អនាគត៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម