ទស្សនាសភាពរបស់ សុវត្ថិឌី ធារិកា និងប្អូនប្រុស សោកសង្រេងក្បែរសពប៉ា និងម៉ាក់

  • 2022-05-18 02:55:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រោងបុណ្យឈាបនកិច្ច របស់ប៉ា និងម៉ាក់តារាចម្រៀង សុវត្ថិឌី ធារិកា ទើបដំឡើងរួចរាល់នៅក្នុងបរិវេណវត្ដសង្ក្រាន្ដស្ទឹងមានជ័យ នាព្រឹកព្រលឹមថ្ងៃទី១៨ ខែឧសភានេះ ខណៈដែលកញ្ញា ធារិកា និងប្អូនប្រុសបន្ដយំខ្សឹបខ្សួលក្បែរសពអ្នកមានគុណទាំងពីរ។

ទឹកភ្នែកដោយពុំមានសំឡេងយំរបស់កញ្ញា ធារិកា និងប្អូនប្រុស បានបន្ដស្រក់ពេលឃើញសាច់ញាតិមកជួយរំលែកទុក្ខ ធ្វើឲ្យអ្នកទាំងពីរនឹកឃើញដល់ហេតុការណ៍ដ៏រន្ធត់កាលពីថ្ងៃម្សិលមិញ។ ធារិកា និងប្អូនប្រុស សុទ្ធតែមានរបួសរលាត់ដៃរលាត់ជើង ហើយព្រឹកនេះគេមិនទាន់ឃើញអ្នកទាំងពីរមិនទាន់ទាំងដោះបង់សម្រាប់បន្ដោកសេរ៉ូមចេញពីដៃផង។

កញ្ញា សុវត្ថិឌី ធារិកា បានប្រាប់Sabay យ៉ាងខ្លីនៅមុននេះបន្ដិចថា កញ្ញានៅរន្ធត់ ហើយមិននឹកស្មានថាប៉ា និងម៉ាក់ជាទីគោរពស្រឡាញ់របស់កញ្ញាទៅចោលកញ្ញា និងប្អូនប្រុសលឿនយ៉ាងនេះសោះ។ កញ្ញាថា ពេលហេតុការណ៍ក្រឡាប់ឡាននោះ គឺកញ្ញា និងប្អូនប្រុសក៏ស្ថិតនៅក្នុងឡានជាមួយគ្នានោះដែរ។

កញ្ញា សុវត្ថិឌី ធារិកា មិនទាន់អាចនិយាយអ្វីពិស្ដារ ឬរៀបរាប់ពេលហេតុការណ៍កើតឡើងបាននៅឡើយទេ ព្រោះពេលនេះកញ្ញានៅញ័រខ្លួន ហើយនឹកសោកស្ដាយចំពោះការស្លាប់របស់ប៉ា និងម៉ាក់របស់កញ្ញាពេក។ ប៉ុន្ដែគេឃើញដៃរបស់កញ្ញាបានដាច់រលាត់ស្បែកជាច្រើនកន្លែង ពេលកញ្ញាលើកដៃសំពះមនុស្សគ្រប់គ្នាដែលបានចូលរួមបុណ្យសពរបស់អ្នកម៉ាក់ និងប៉ារបស់ខ្លួន៕

ជិន សុភ័ក្ដ្រ