ផលិតផលសម្គាល់ភូមិសាស្ត្រ ២មុខរបស់កម្ពុជា ដែលទទួលស្គាល់ និងល្បីទូទាំងសកលលោក
- 2022-08-09 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលិតផលសម្គាល់ភូមិសាស្ត្រ ២មុខរបស់កម្ពុជា ដែលទទួលស្គាល់ និងល្បីទូទាំងសកលលោក
ចន្លោះមិនឃើញ
កាលណានិយាយពីប្រាសាទអង្គរវត្ត ប្រជាជនពិភពលោកដឹងច្បាស់ថា មហាសំណង់បុរាណនេះ ឋិតនៅខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។ មិនខុសគ្នាទេ បើកាលណាគេនិយាយពីផលិតផលម្រេច គេគិតដល់ម្រេចកំពត ហើយបើនិយាយពីស្ករត្នោត គឺស្ករត្នោតកំពង់ស្ពឺ។ ផលិតផលចំណីអាហារទាំងពីរមុខនេះ ត្រូវបានពិភពលោកទទួលស្គាល់ជា ផលិតផលសម្គាល់ភូមិសាស្ត្រ នៅឆ្នាំ ២០១៦ និង ២០១៩ បន្ទាប់ពីឆ្លងកាត់ការវិនិច្ឆ័យយ៉ាងយកចិត្តទុកដាក់ទៅលើរសជាតិ គុណភាព អត្ថប្រយោជន៍សុខភាព និងលក្ខខណ្ឌចាំបាច់មួយចំនួនទៀត។
ដើម្បីបង្កើតឲ្យមានផលិតផលកាន់តែសម្បូរបែប មានក្រុមហ៊ុនខ្មែរមួយ បានកែច្នៃស្ករត្នោតកំពង់ស្ពឺ និងម្រេចកំពត ឲ្យទៅជាផលិតផលផ្សេងៗ បានប្រមាណជាង ១០០ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងជាពិសេសលើទីផ្សារអន្តជាតិ។ នេះជាខ្លឹមសារខ្លីនៃវីដេអូបែបឯកសារទី២ នៃគម្រោង «MADE IN CAMBODIA» ដែល sabay បានផលិតនៅក្នុងឆ្នាំនេះ។
**«MADE IN CAMBODIA»** ឬ **«ផលិតផលកម្ពុជា»** គឺជាកម្រងវីដេអូឯកសារដែលបង្ហាញពី សាវតា សង្វាក់ផលិតកម្ម ទីផ្សារ ផលលំបាក និងគោលដៅអនាគត របស់ផលិតផល និងម្ចាស់សហគ្រាសដែលបានផលិតក្នុងប្រទេសកម្ពុជា។ ផលិតផលដែល **«MADE IN CAMBODIA»** ជ្រើសរើសមកផលិតជាវីដេអូឯកសារនេះគឺត្រូវបានជ្រើសរើសដោយឈរគោលការណ៍ច្បាស់លាស់ ជាផលិតផលដែលមានទីផ្សារ និងគុណភាពថ្នាក់ជាតិ និងអន្តរជាតិ តែផលិតផលទាំងនោះហាក់ប្រជាជនកម្ពុជាភាគច្រើនមិនទាន់បានស្គាល់ច្បាស់ថាជាផលិតផលកម្ពុជានោះទេ។ វីដេអូនេះនឹងបង្ហាញពីគុណតម្លៃនៃផលិតផលកម្ពុជាដែលមានគុណភាពទទួលស្គាល់ថ្នាក់ជាតិ និងអន្តរជាតិ ហើយនាំចិត្តប្រជាជនកម្ពុជាឲ្យចូលរួមគាំទ្រ និងមានមោតកភាពជាមួយផលិតផលរបស់ខ្លួនកាន់តែច្រើន។
កុំភ្លេចទស្សនាវីដេអូឯកសារនៃគម្រោង «MADE IN CAMBODIA» ឬ «ផលិតផលកម្ពុជា» ដែលវីដេអូទី២គឺ «ផលិតផលសម្គាល់ភូមិសាស្ត្រ ២មុខរបស់កម្ពុជា ដែលទទួលស្គាល់ និងល្បីទូទាំងសកលលោក» ដែលផុសផ្សាយនៅក្នុងបណ្តាញសង្គមរបស់ sabay រួមមាន៖ វេប និងផេកហ្វេសបុក Sabay News Social ,ផេក Sabay News Business និងឆាណែល YouTube Sabay TV នៅថ្ងៃទី ១១ សីហា ឆ្នាំ ២០២២ ខាងមុខនេះ៕
ចូលទស្សនាវីដេអូទី១ «បុរសខ្មែរធ្វើឈីសដំបូងគេនៅកម្ពុជា»