យានជំនិះ​យោធា ដែល​ធំ​សម្បើម​បំផុត​ទាំង​៥​នៅ​លើ​ពិភពលោក រយៈពេល​១០០​ឆ្នាំ​ចុង​ក្រោយ

  • 2022-08-12 08:08:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ប្រទេស​ណា​ក៏​ដោយ​សុទ្ធ​តែ​មាន​គ្រឿង​សព្វាវុធ ក៏​ដូចជា​យាន​ជំនិះ​យោធា​សម្រាប់​ការ​ការពារ​ពី​ការ​ឈ្លានពាន​​របស់​​សត្រូវ។ ប៉ុន្តែ​វា​មិន​មែន​មាន​ន័យ​ថា គ្រប់​ប្រទេស​​​ទាំង​អស់​មាន​​ឧបករណ៍​យោធា​ទំនើប​​ៗ​ដូចគ្នា​ឡើយ ពោល​គឺ​​ប្រទេស​ខ្លះ​ជឿនលឿន​ខ្លាំង ហើយ​ខ្លះ​ទៀត​ក៏​​ខ្សត់​ខ្សោយ​ផ្នែក​បច្ចេកវិទ្យា​​យោធា​ផង​ដែរ។

ខាង​ក្រោម​នេះ​គឺ​ជា​យាន​ជំនិះ​យោធា​ដ៏​ធំ​បំផុត​ចំនួន​៥​ ដែល​ធ្លាប់​បង្កើត​ឡើង​ក្នុង​អំឡុង​រយៈពេល​១​សតវត្ស​ចុង​ក្រោយ៖

១. នាវា​​ជ្រមុជ​ទឹក Typhoon (ប្រទេស​រុស្ស៊ី)៖ នាវា​ជ្រមុជ​ទឹក​​ប្រភេទ Typhoon ដ៏​ធំ​មហិមា​នេះ​មាន​ចំនួន ៦​គ្រឿង។ នាវា​នីមួយៗ​មាន​ប្រវែង​១៧៥​ម៉ែត្រ ហើយ​​មាន​សមត្ថភាព​​ផ្ទុក​​មីស៊ីល​នុយក្លេអ៊ែរ​ប៉ាលីស្ទិក​បាន​ចំនួន ២០​គ្រាប់។ រាល់​ការ​ជ្រមុជ​ទឹក​ម្ដងៗ វា​អាច​ស្ថិត​នៅ​ក្រោម​សមុទ្រ​ចំនួន ៣​ខែ​ដោយ​គ្មាន​បញ្ហា។ Typhoon ត្រូវការ​នាវិក​ចំនួន​ ១៦០​នាក់​សម្រាប់​ការ​បញ្ជា​ឲ្យ​ដំណើរការ។ Typhoon បាន​លេច​វត្តមាន​ពេញ​លេញ និង​ត្រូវ​ដាក់​ឲ្យ​ដំណើរការ​នៅ​ក្នុង​ឆ្នាំ​១៩៨០។ ធ្លាប់​មាន​គម្រោង​ធ្វើ​ទំនើបកម្ម​នាវា Typhoon ជំនាន់​ទី​១ ប៉ុន្តែ​​ក្រោយ​មក​ក៏​ត្រូវ​លុប​ចោល​វិញ​នៅ​ក្នុង​ឆ្នាំ​២០១២ ដោយសារ​តែ​តម្លៃ​កែខៃ​​ថ្លៃ​​ខ្លាំង​ពេក។

២. នាវា​​ដឹក​យន្តហោះ​ USS Enterprise (សហរដ្ឋ​អាមេរិក)៖ ចាប់​ដំណើរការ​នៅ​ក្នុង​ឆ្នាំ​១៩៦០ USS Enterprise គឺ​នាវា​​ដឹក​យន្តហោះ​ចម្បាំង​ដ៏​ធំបំផុត​របស់​អាមេរិក ដែល​ធ្លាប់​បង្កើត​ឡើង​ជា​ប្រវត្តិសាស្ត្រ ជាមួយ​ប្រវែង​វែង​ដល់ ៣៤២​ម៉ែត្រ។ ក្នុង​ការ​បញ្ជា​ឲ្យ USS Enterprise ដំណើរការ​គឺ​ត្រូវការ​សមាជិក​នាវិក​ជំនាញ​ចំនួន ៤៦០០​នាក់។ អាមេរិក​ធ្លាប់​មាន​បំណង​បង្កើត​ប្រភេទ​នាវា​នេះ​ឡើង​ឲ្យ​បាន​ចំនួន ៦​គ្រឿង​ដូចៗ​គ្នា តែ​​ព្រោះ​​តម្លៃ​​​ផលិត​ខ្ពស់​ពេក​ទើប​​គម្រោង​នាវា​ចំនួន​៥​គ្រឿង​ទៀត​ត្រូវ​លុប​ចោល​ទៅ​វិញ។ បន្ទាប់​ពី​​បម្រើ​ការ​អស់​រយៈពេល​៥១​ឆ្នាំ​កន្លង​ទៅ នាវា USS Enterprise បាន​បញ្ឈប់​ដំណើរការ​​ជា​ស្ថាពរ​ហើយ​​កាល​ពី​ឆ្នាំ​២០១២។

៣. កាំ​ភ្លើង​យន្ត Schwerer Gustav (ប្រទេស​អាល្លឺម៉ង់)៖ វា​ត្រូវ​បាន​បង្កើត​​ឡើង​ក្នុង​អំឡុង​ទសវត្ស​ឆ្នាំ​១៩៣០ ដោយ​មាន​ទម្ងន់​សរុប​ជិត ១៣៥០​តោន។ Schwerer Gustav ជា​ប្រភេទ​កាំភ្លើង​យន្ត ដែល​រត់​នៅ​លើ​ផ្លូវ​រថភ្លើង ហើយ​​ត្រូវ​បាន​បញ្ជា​ឲ្យ​ដំណើរការ​ដោយ​​អ្នក​ជំនាញ​៥០០​នាក់។ ចំពោះ​រយៈ​ចម្ងាយ​បាញ់​ម្ដងៗ វា​អាច​ផ្លោង​គ្រាប់​បាន ៤៧​គីឡូ​ម៉ែត្រ​ឯណោះ។

៤. រថក្រោះ Char 2C (ប្រទេស​បារាំង)៖ បារាំង​បាន​អភិវឌ្ឍ​រថក្រោះដ៏​ធ្ងន់ និង​ធន់​បំផុត​នេះ​កាល​ពី​កំឡុង​សង្គ្រាម​លោកលើក​ទី​១។ ប្រវែង​របស់​រថក្រោះ​នេះ​គឺ ១០,២៧​ម៉ែត្រ ហើយ​ទម្ងន់​វិញ​គឺ ៦៩​តោន។ វា​​​ត្រូវ​ការ​ការ​បញ្ជា​ពី​មនុស្ស​ចំនួន ១២​នាក់។ Char 2C មាន​ចំនួន​ផលិត​សរុប​​តែ​១០​គ្រឿង​ប៉ុណ្ណោះ​នៅ​លើ​លោក។

៥. ឧទ្ធម្ភាគចក្រ Mil MI-26 (សហភាព​សូវៀត)៖ Mil MI-26 គឺ​​ជា​ប្រភេទ​ឧទ្ធម្ភាគចក្រ​ដឹក​​ជញ្ជូន​ដ៏​ធំ​បំផុត ដែល​ធ្លាប់​បាន​បង្កើត​ឡើង។ វា​បាន​ចាប់​ដំណើរការ​បេសកកម្ម​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​១៩៧៧ ហើយ​មាន​សមត្ថភាព​ដឹក​​​​ទំនិញ​បាន​ដល់​ទម្ងន់ ២០​តោន​ឯណោះ​ក្នុង​១​ជើងៗ។ ប្រភេទ​ឧទ្ធម្ភាគចក្រ​នេះ​ត្រូវ​បាន​ប្រើប្រាស់​មក​ទល់​នឹង​សព្វ​ថ្ងៃ ហើយ​ចំនួន​ផលិត​សរុប​មាន ៣១៦​គ្រឿង បើ​គិត​ត្រឹម​ឆ្នាំ​២០១៥៕

ប្រភព៖ History   កែសម្រួល៖ សៀនហួរ