កក្រើកទៀតហើយ! អ្នកដឹកនាំរឿង "Jailbreak" កំពុងត្រៀមភាពយន្ត Action ខ្នាតអន្តរជាតិជាមួយ M Pictures Cambodia

  • 2022-08-19 06:14:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាដំណឹងដ៏អស្ចារ្យបំផុត បើសិនជា​អ្នកគឺជាអ្នកគាំទ្រស្នាដៃផលិតភាពយន្តរបស់លោក Jimmy Henderson (អ្នកដឹកនាំរឿង « Jailbreak» និង «The Prey») ព្រោះ​ថា​ពេល​នេះ​ក្រុមការងារ​របស់​លោកកំពុង​ធ្វើការយ៉ាងសស្រាក់ក្នុងគម្រោងថ្មីដែលពិសេសមួយទៀតហើយ។

បើតាម​ការ​បញ្ជាក់ពីក្រុមការងារ រឿង​ថ្មី​នេះ​គឺ​ជា​ស៊េរីភាពយន្តខ្នាតធំ បន្តពី Jailbreak ដែល​មាន​ចំណងជើងថា «KTV-Killing Time Violently» ដែលជាប្រភេទ Action Movie

និយាយពីសាច់រឿងវិញ ផ្ដើមពី​ថ្ងៃ​ធ្វើ​ការដំបូងរបស់ Mak ដែលជា​ឪពុកជួបស្ថានភាពតោកយ៉ាកម្នាក់ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ការ​វាយ​ឆ្មក់​របស់​ក្រុម​ក្មេង​ទំនើង​នៅ​ក្លឹប​មួយកន្លែង។ Mak ត្រូវតែប្រើសមត្ថភាពដែលខ្លួន​មាន ជាជើងអ្នកលេងម្នាក់ដែរ ដើម្បីដោះខ្លួន រកផ្លូវចេញ ឲ្យទាន់ពេលធ្វើខួបកំណើតឲ្យកូនប្រុស។

Henderson បាន​វិលមកសហការការងារជាមួយនឹង​តួសម្ដែង​ឆ្នើម និងមានសមត្ថភាពរបស់ រឿង «Jailbreak» និង «The Prey» ជាថ្មីម្ដងទៀត នោះគឺលោក អ៊ូ តារា ដោយក្នុងរឿងនេះ​ដែរ តារាប្រុសរូបនេះ​ នឹង​គ្រងតំណែងជា​តួឯក។

ក្រៅពី តារាសម្ដែង អ៊ូ តារា ក៏នឹងមាន​តារាប្រុសស្រីជាច្រើន​រូបទៀតដែរ មាន ផាង តារា (Dara Phang), រស់ មុន្នី និង សំ ថារ័ត្ន។ អ្វីដែល​សំខាន់ ក្នុងរឿងនេះ ប្រិយមិត្តនឹងភ្ញាក់ផ្អើល នឹងវត្តមាន​របស់ តួ​សម្ដែង​បន្ថែមទៀតដូចជា តារាកំប្លែង នាយ ពែកមី នាយគ្រឿន នាយក្រូច និងតារារ៉េបដ៏មានទេពកោសល្យ DJ Sdey

ងាកមកគ្រោងឆ្អឹងដ៏សំខាន់ដែលជាអ្នកបង្កើតគម្រោងភាពយន្តដ៏អស្ចារ្យមួយនេះមាន Two Rivers International Studio, M Pictures Cambodia និង Hanuman Beverages។ ជាមួយគ្នានោះ Henderson ក៏បានសហការជាមួយនឹងក្រុម Executive Producers មានដូចជាលោក ជី សិលា, Kenneth Ung និង ស៊ី ម៉ៅ។ ក្រៅពីនេះក៏មាន Donfeng Auto Cambodia, E-gets និង Ballantines Whisky ចូលរួមសហការជាពិសេស​ផងដែរ។

ចំពោះភាពយន្តមួយនេះ​ នឹង​ចាប់ដំណើរការថត នៅដើមខែកញ្ញា រហូត​ដល់ ចុងខែតុលា ឆ្នាំ២០២២ និងគ្រោងចាក់ផ្សាយជា​ផ្លូវការនៅដើមឆ្នាំ ២០២៣៕

អត្ថបទ៖ ធារី

អត្ថបទថ្មី