អាមេរិកបំពាក់អាវុធក្នុងគន្លងតារាវិថីផែនដី អ្នកជំនាញបារម្ភការប្រកួតប្រជែងផ្នែកយោធានៅទីអវកាសជាមួយចិន និងរុស្ស៊ី
- 2026-09-16 02:32:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិកបំពាក់អាវុធក្នុងគន្លងតារាវិថីផែនដី អ្នកជំនាញបារម្ភការប្រកួតប្រជែងផ្នែកយោធានៅទីអវកាសជាមួយចិន និងរុស្ស៊ី
ចន្លោះមិនឃើញ
ការទទួលស្គាល់ជាសាធារណៈរបស់សហរដ្ឋអាមេរិកថា មន្ទីរបញ្ចកោណកំពុងប្រតិបត្តិការអាវុធនៅក្នុងគន្លងតារាវិថីផែនដី ត្រូវបានមន្ត្រី និងអ្នកវិភាគមើលឃើញថា ជាចំណុចសំខាន់មួយក្នុងការកើនឡើងនៃការប្រកួតប្រជែងផ្នែកយោធានៅទីអវកាស ជាពិសេសជាមួយចិន និងរុស្ស៊ី។
មន្ត្រីជាន់ខ្ពស់កងទ័ពអាកាសអាមេរិក លោក Troy Meink បាននិយាយកាលពីថ្ងៃចន្ទថា អាមេរិកមាន «អាវុធគ្រប់គ្រងអវកាសនៅក្នុងគន្លងតារាវិថី» ដែលអាចការពារកងកម្លាំងរួមរបស់អាមេរិកពីសកម្មភាពប្រឆាំងរបស់គូប្រជែង។ នៅថ្ងៃអង្គារ មេបញ្ជាការកងកម្លាំងអវកាសអាមេរិក លោក Douglas Schiess ក៏បានបញ្ជាក់ថា បុគ្គលិករបស់កងកម្លាំងអវកាសកំពុងប្រតិបត្តិការអាវុធនៅក្នុងគន្លងតារាវិថីផងដែរ។
ទោះជាយ៉ាងណា មន្ត្រីអាមេរិកមិនបានបង្ហាញលម្អិតថា អាវុធទាំងនោះជាប្រភេទអ្វី ឬមានសមត្ថភាពប៉ុណ្ណានោះទេ។ លោក Richard Palmer មន្ត្រីជាន់ខ្ពស់របស់បញ្ជាការដ្ឋានអវកាសអាមេរិក បាននិយាយថា ការទទួលស្គាល់សមត្ថភាពទាំងនេះមានសារៈសំខាន់សម្រាប់ការទប់ស្កាត់ការគំរាមកំហែង និងធានាថា អាមេរិក និងសម្ព័ន្ធមិត្តមានការត្រៀមខ្លួន ទប់ស្កាត់ការគំរាមកំហែងនានា។
សហរដ្ឋអាមេរិក ចិន និងរុស្ស៊ី គឺជាមហាអំណាចអវកាសសំខាន់ៗដែលបានប្រកួតប្រជែងគ្នាអស់រយៈពេលជាច្រើនឆ្នាំ ក្នុងការអភិវឌ្ឍផ្កាយរណប និងយានអវកាសដែលអាចធ្វើចលនា និងមានសមត្ថភាពរំខាន ឬវាយប្រហារប្រព័ន្ធអវកាសរបស់គូប្រជែង។ ចិនធ្លាប់បង្ហាញកាលពីឆ្នាំ២០២២ថា ខ្លួនអាចបញ្ជាផ្កាយរណបមួយឱ្យចាប់ភ្ជាប់ និងផ្លាស់ទីយានអវកាសមួយផ្សេងទៀតនៅក្នុងគន្លងតារាវិថី។
ការទទួលស្គាល់របស់អាមេរិកក៏បានបង្កឱ្យមានប្រតិកម្មពីចិន និងរុស្ស៊ី។ ក្រសួងការបរទេសចិនបានបញ្ជាក់ថា ទីក្រុងប៉េកាំងគាំទ្រការប្រើប្រាស់អវកាសដោយសន្តិភាព និងប្រឆាំងការប្រណាំងសព្វាវុធ ឬការប្រែក្លាយអវកាសទៅជាតំបន់សង្គ្រាម។ រុស្ស៊ីវិញបានព្រមានថា ការដាក់អាវុធនៅក្នុងអវកាសអាចបង្កហានិភ័យដល់ស្ថិរភាពរយៈពេលវែង និងមានផលវិបាកធ្ងន់ធ្ងរប្រសិនបើមានជម្លោះនៅក្នុងគន្លងតារាវិថី។
បច្ចុប្បន្ន ផ្កាយរណបមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការទំនាក់ទំនង ការរុករក ការស៊ើបការណ៍ និងប្រតិបត្តិការយោធានៅលើផែនដី។ ដូច្នេះ អ្នកជំនាញព្រមានថា ការបង្ហាញអំពីសមត្ថភាពអាវុធក្នុងអវកាសដោយមិនបញ្ជាក់ព័ត៌មានលម្អិត អាចធ្វើឱ្យប្រទេសគូប្រជែងសន្មតថា ប្រព័ន្ធរបស់ពួកគេកំពុងរងការគំរាមកំហែង និងជំរុញឱ្យពួកគេបង្កើនការអភិវឌ្ឍអាវុធប្រឆាំងអវកាសរបស់ខ្លួន។
ស្របពេលនេះ អាមេរិកក៏បានធ្វើសមយុទ្ធអវកាសដ៏ធំបំផុតមួយរបស់ខ្លួនឈ្មោះ Apollo Maneuvers ដែលមានការចូលរួមពីផ្កាយរណបនៅក្នុងគន្លងជាច្រើន និងដៃគូអន្តរជាតិ ព្រមទាំងវិស័យឯកជន។ ប្រទេសផ្សេងទៀត ដូចជាអាល្លឺម៉ង់ ក៏កំពុងបង្កើនការវិនិយោគលើសមត្ថភាពប្រឆាំងអវកាស ដើម្បីឆ្លើយតបនឹងការគំរាមកំហែងដែលកំពុងកើនឡើង៕
ប្រភព៖ Reuters