តារាសម្ដែងស៊ីន ឌី សច្ចាបន្ដធ្វើសប្បុរធ័មដល់ភេទទី៣ ដរាបណានៅមានលទ្ធភាព

  • 2022-08-19 08:22:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស៊ីន ឌី ដែលត្រូវបានគេស្គាល់ថា ជាតារាសម្ដែងភេទទី៣ និយមលេងតួភាគច្រើនជាខ្មោច ព្រាយនោះ បានផ្អាកពីអាជីពសិល្បៈជាច្រើនឆ្នាំមកហើយ ហើយបច្ចុប្បន្នបាន និងកំពុងមមាញឹកជាមួយការងារជំនួញ ស្របពេលសាមីខ្លួនអះអាងថា នឹងប្រឹងប្រែងជួយដល់ភេទទី៣ទាំងឡាយ តាមលទ្ធភាពដែលខ្លួនមាន។

ក្រោយពីបានផ្អាកការងារសិល្បៈ បច្ចុប្បន្នតារាភេទទី ៣ ស៊ីន ឌី បាន និងមមាញឹកគ្រប់គ្រងអាជីវកម្មដល់ទៅ ៣ ក្នុងនោះ ហាង Nk សាឡាន ដែលបានដំណើរការជិត២០ឆ្នាំមកហើយ នៅទីតាំងនៅ៤ផ្សេងគ្នា។ អាជីវកម្ម២ផ្សេងទៀតរបស់លោក គឺស៊ីន ឌី សម្អាងការ ដែលមានទីតាំងនៅទួលគោក និងហាងកែសម្ផស្សក្លារា ក្បែរស្ដុបស្ពានអាកាសផ្សារដីហើយ។

និងទី៣ គឺគ្លីនិកកែសម្ផស្ស ដែលលោកអះអាងថា មានផលិកតផលល្អ និងគ្រូពេទ្យជំនាញមានឯកទេសត្រឹមត្រូវ ទើបធ្វើឲ្យចុងក្រោយនេះលោកសង្កេតឃើញថាអ្នកដែលចូលចិត្តកែសម្ផស្សនៅក្រៅស្រុកបានមានទំនុកចិត្តងាកមកធ្វើនៅក្នុងស្រុកវិញម្ដង។ ដោយសារតែបែបនេះ លោកថា ទំនងមិនអាចដកឃ្លាវិលទៅសម្ដែងភាពយន្ដដួចមុនទៀតឡើយ។

ដូច្នេះហើយ ផែនការបន្ទាប់របស់លោក លោកនឹងប្រឹងប្រែងដឹកនាំអាជីវកម្មទាំងអស់ឲ្យដំណើរល្អ ដើម្បីលោកអាចមានលទ្ធភាព សម្រាប់ការងារសប្បុរសធម៌ ដែលក្នុងនោះលោកផ្ដោតទៅភេទទី៣ដូចលោក ជាអ្នកដែលគ្មានទីពឹង។ តាមការងារនេះលោកបានផ្ដើមធ្វើជាយូរមកហើយ ដោយការជួយធ្វើផ្ទះ អណ្ដួងទឹក និងផ្ដល់ដើមទុនរកស៊ីដល់ពួកគេជាហូរហែ គ្រាន់តែលោកមិនសូវដែលបង្ហោះចែកចាយលើបណ្ដាញសង្គមទេ។

អ្នកជំនាញធ្វើសក់ល្បីឈ្មោះរូបនេះអះអាងទៀតថា លោកនឹងបន្តការងារនេះទៀត ដើម្បី ជួយដល់ភេទទី៣ ខ្វះខាត តែជាមួយគ្នាលោកក៏បានជួយជាទូទៅដែរ។ ជាក់ស្ដែង ស៊ិន ឌី ប្រាប់ថា បុគ្គលិកក្នុងហាងរបស់លោក មួយចំនួនធំ សុទ្ធជាកូនអ្នកក្រ មានដូចជាកូនអ្នកអនាម័យ សន្ដិសុខ និងអ្នកលក់ទឹកអំពៅជាដើម ដែលពួកគេស្រលាញ់ផ្នែកសាឡននេះទើបលោកយកមកបណ្ដុះបណ្ដាលយកមកឲ្យធ្វើការ មានប្រាក់ខែ និងខ្លះបានចេញទៅបើកអាជីវកម្មផ្ទាល់ខ្លួនរហូតមកដល់បច្ចុប្បន្នទៀតផង។

សូមបញ្ជាក់ថាលោក ស៊ីន ឌី ជាអតីតសិស្សមហាវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈផ្នែករបាំបុរាណ។ មុនពេលដំណើរការអាជីវកម្ម លោក បានទៅរៀនគន្លឹះធ្វើសក់នៅប្រទេសអង់ភ្លេស បារាំង និងសាំងហ្គាពួរ មុនមកធ្វើ និងអាចឈរជើងបានដូចសព្វថ្ងៃ៕

អត្ថបទ៖ ទារិកា