រឿងរ៉ាវដែលនៅពីក្រោយ ក្រដាស​១០០០​រូពីរបស់​នេប៉ាល់ ប្ដូរ​ពី​ដំរី​១ក្បាល​ទៅ​ដំរីភ្លោះ​វិញ ​

  • 2022-08-24 06:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​យូរ​ណាស់​មក​ហើយ​ដែល​មាន​ការ​រិះគន់​ជា​បន្តបន្ទាប់​ពី​រូប​ដំរី​នៅ​លើ​ក្រដាស​ប្រាក់​១០០០​រូពី​របស់​ប្រទេស​នេប៉ាល់ ដែល​ផលិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៨២​មក​ម៉្លេះ។ មូលហេតុ​ព្រោះ​នៅ​លើ​ក្រដាស​ប្រាក់​នេះ​បែរ​ជា​ដាក់​តាំង​បង្ហាញ​​ពី​រូប​ដំរី​ដែល​មិន​មែន​មាន​ដើម​កំណើត​នៅ​លើ​ទឹក​ដី​នេប៉ាល់​នោះ​ឡើយ។

បើ​តាម​ពិត​ទៅ រូប​ដំរី​១​ក្បាល​នៅ​លើ​ក្រដាស​ប្រាក់​១០០០​រូពី​របស់​​នេប៉ាល់​​គឺ​ជា​ដំរី​អាហ្វ្រិក នេះ​​បើ​តាម​ការ​ពិនិត្យ​ឲ្យ​​ជាក់លាក់​ពី​អ្នក​ជំនាញ​ផ្នែក​សត្វ​ព្រៃ។ ផ្អែក​លើ​មូលហេតុ​នេះហើយ​​ទើប​នៅ​ចន្លោះ​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១២ នេប៉ាល់​បាន​សម្រេច​​បង្កើត​គណៈកម្មាធិការ​កំណត់​សម្គាល់ និង​រចនា​កាក់​ប្រាក់ នៃ​ធនាគារ​កណ្ដាល​​នេប៉ាល់ Rastra ដើម្បី​​​ពិចារណា​លើ​ការ​​ផ្លាស់ប្ដូរ​រូប​ថ្មី​​សម្រាប់​ក្រដាស​ប្រាក់​១០០០​រូពី។

លោក Megh Bahadur Pandey តំណាង​​ឲ្យ​នាយកដ្ឋាន​ឧទ្យានជាតិ​និង​អភិរក្ស​សត្វ​ព្រៃ​នេប៉ាល់ បាន​ធ្វើ​ការ​ជំទាស់​ដាច់​ខាត​ចំពោះ​ការ​ប្រើប្រាស់​រូបភាព​សត្វ​ព្រៃ​បរទេស​នៅ​លើ​ក្រដាស​ប្រាក់​ជាតិ​របស់​ខ្លួន។ សមាជិក​​នៃ​គណៈកម្មាធិការ​ថ្មី​ខាង​លើ​ក៏​យល់​ស្រប​​ជាមួយ​មតិ​លោក Pandey ហើយ​​ក៏​បោះឆ្នោត​សម្រេច​ប្រើប្រាស់​រូបភាព​ថ្មី។

លោក Pandey បាន​ជួល​អ្នក​ថត​រូប​​ម្នាក់​ក្នុង​ការ​ផ្ដិត​យក​រូប​​សត្វ​ដំរី​ថ្មី។ ជា​ចុង​ក្រោយ ពួក​គេ​បាន​ជ្រើស​យក​រូប​ដំរី​ភ្លោះ​២​ក្បាល​ឈ្មោះ Ram និង Lakshman ដែល​​កើត​នៅ​​​តំបន់​ឧទ្យានជាតិ Chitwan នា​ឆ្នាំ​២០០៩ មក​ធ្វើ​ជា​រូប​តាំង​បង្ហាញ​​លើ​ក្រដាស​ប្រាក់​១០០០​រូពី។ ដំណើរ​ការ​ផ្លាស់ប្ដូរ​នេះ​ទម្រាំ​បាន​ចេញ​ជា​ផ្លែផ្កា​គឺ​ចំណាយ​ពេល​អស់​៨​ឆ្នាំ​ឯណោះ ពោល​គឺ​ក្រដាស​ប្រាក់​១០០០​រូពី​ថ្មី​ទើប​​ផលិត​​ហើយ​ចរាចរ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០២០​នេះ​ទេ៕

ប្រភព៖ Coin World   ប្រែសម្រួល៖ សៀនហួរ

អត្ថបទថ្មី