កម្មវិធី Metfone STARS រដូវកាលទី ២ វគ្គផ្តាច់ព្រ័ត្រ៖ ជោគជ័យដ៏អស្ចារ្យ
- 2025-10-13 10:20:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធី Metfone STARS រដូវកាលទី ២ វគ្គផ្តាច់ព្រ័ត្រ៖ ជោគជ័យដ៏អស្ចារ្យ
ចន្លោះមិនឃើញ
នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុនមិត្តហ្វូន ជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខនៅកម្ពុជា បានរៀបចំវគ្គផ្តាច់ព្រ័ត្រដ៏រំភើបនៃកម្មវិធី Metfone STARS រដូវកាលទី ២ នៅផ្សារទំនើបអ៊ីអន ម៉ល សែនសុខ ស៊ីធី រាជធានីភ្នំពេញ ដោយមានការផ្សាយផ្ទាល់តាមផេកផ្លូវការមិត្តហ្វូន និង MeOne។ ព្រឹត្តិការណ៍នេះបានទាក់ទាញហ្វូងមនុស្ស រួមមានអ្នកផលិតមាតិកា អ្នកគាំទ្រ យុវវ័យ សិល្បករ និងភ្ញៀវកិត្តិយសជាច្រើនរូប។
បេក្ខជនឆ្នើមទាំង ៣ គឺ មុំ វណ្ណដាវីន (ទេវតាក្ងេងក្ងង់), Ricky អគ្គិសនី, និង រិទ្ធ ដារ៉ូ (ព្រះនាងតូច) បានបញ្ចេញទេពកោសល្យក្នុងការផលិតវីដេអូ ដោយឆ្លងកាត់វិញ្ញាសាពីរ៖ «កិត្យានុភាពកម្ពុជាទៅកាន់ពិភពលោក» និង «ការផ្សព្វផ្សាយដ៏ល្អឥតខ្ចោះ»។ គណៈកម្មការដែលមាន ឌី សូនិត្តា, រចនា រ៉ាវឌី, និង ផន ស្រីពី បានវាយតម្លៃប្រកបដោយយុត្តិធម៌។
Ricky អគ្គិសនី អាយុ ២១ ឆ្នាំ មកពីខេត្តកោះកុង បានឈ្នះជ័យលាភីលេខ ១ ទទួលបានពានរង្វាន់ ទឹកប្រាក់ ២០ លានរៀល ស៊ីមលេខពិសេសតម្លៃ ១០០០ ដុល្លារ និងអ៊ីនធឺណិតមិត្តហ្វូនឥតគិតថ្លៃមួយឆ្នាំ។ មុំ វណ្ណដាវីន និង រិទ្ធ ដារ៉ូ ទទួលបានជ័យលាភីលេខ ២ និង ៣ ជាមួយរង្វាន់ ១២ លាន និង ៦ លានរៀល ព្រមទាំងស៊ីមលេខពិសេស និងអ៊ីនធឺណិតឥតគិតថ្លៃ។ វន ឆវី ឈ្នះពាន «Star of the Crowd» ជាមួយរង្វាន់ ២ លានរៀល។
កម្មវិធីនេះទទួលបាន ៥៧៧ លាន Views មុនវគ្គផ្តាច់ព្រ័ត្រ និង ៣.៦ លាន Views ក្នុងអំឡុងផ្សាយផ្ទាល់ លើសរដូវកាលទី ១ ដែលមាន ៤៥០ លាន Views។ Metfone STARS ដែលចាប់ផ្តើមនៅឆ្នាំ ២០២៤ ជាវេទិកាប្រកួតផលិតមាតិកាដំបូងគេនៅកម្ពុជា ជួយអភិវឌ្ឍជំនាញយុវជន និងលើកកម្ពស់វិស័យឌីជីថលសម្រាប់សង្គមជាតិ៕