ឯកឧត្ដម​ ខៀវ​ កាញារីទ្ធ៖​ បំផុស​គំនិត​សហព័ន្ធ​រាំ​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​កាន់​តែ​ខ្លាំង​ដល់​ស្រទាប់​មហាជន​

  • 2022-11-10 03:56:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ ខៀវ​ កាញារីទ្ធ​ បាន​បំផុស​គំនិត​មួយ​ចំនួន​ដល់​សហព័ន្ធ​កីឡា​រាំ​ឲ្យ​ពង្រីក​ការ​ផ្សព្វផ្សាយ​ដូច​ជា​សកម្មភាព​ទូទៅ​ ឬ​ការ​ការ​ហ្វឹកហាត់​ប្រចាំ​ថ្ងៃ​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត​ដើម្បី​ជ្រួតជ្រាប​ដល់​គ្រប់​ស្រទាប់​មហាជន។​

រូបភាពលើផេកសហព័ន្ធ

ឯកឧត្ដម​ ខៀវ​ កាញារីទ្ធ​ ដែល​ជា​ប្រធាន​កិត្តិយស​របស់​សហព័ន្ធ​បាន​លើក​ឡើង​ថា​ មែនទែន​ទៅ​តាម​រយៈ​ជ័យជម្នះ​ ការ​ទទួល​មេដាយ​នា​ពេល​កន្លង​មក​គឺ​សហព័ន្ធ​មាន​ភាព​ខ្លាំងក្លា​ និង​គុណភាព​ទៅ​ហើយ។​ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ផ្សព្វផ្សាយ​ឲ្យ​ទូលំទូលាយ​ជាង​នេះ​ប៉ុណ្ណោះ។​

ឯកឧត្ដម​ ខៀវ​ កាញារីទ្ធ​ បំពាក់មេដាយ

ប្រធាន​កិត្តិយស​​ខាង​លើ​បន្ថែម​ទៀត​ថា​ សហព័ន្ធ​ត្រូវ​សហការ​ ឬ​បង្កើត​ជា​ក្រុម​ព័ត៌មាន​ណា​មួយ​បន្ថែម​ដើម្បី​ធ្វើ​ការ​ថត​ឲ្យ​បាន​ច្រើន​ពិសេស​សកម្មភាព​ហ្វឹកហាត់​ សកម្មភាព​ផ្សេងៗ​របស់​កីឡាករ​ កីឡា​ការិនី​ និង​ការ​ប្រកួត​តូច​ធំ​ជា​ដើម។​ វិធី​សាស្ត្រ​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​សហព័ន្ធ​ទទួល​បាន​ការ​ដឹង​លឺ​ច្រើន​ដល់​មហាជន​ និង​ជា​ផ្នែក​មួយ​អាច​មាន​ការ​គាំទ្រ​ថវិកា​ ឬអ្វី​ផ្សេង​ៗផង​ដែរ។​

ទិដ្ឋភាពបិទបញ្ចប់

ជា​មួយ​គ្នា​នេះ​ឯកឧត្ដម​នឹង​ប្រឹងប្រែង​ជួយ​ដល់​សហព័ន្ធ​ឲ្យ​មាន​ដំណើរការ​ល្អ​ជាង​នេះ​ទៅ​ទៀត​ ដូច​ជា​ស្វែង​រក​ការ​គាំទ្រ​ផ្នែក​ថវិកា​ ការ​ជួយ​បង្កើត​ឲ្យ​មាន​ជា​ការ​ប្រកួត​តូច​ធំ​នានា​ និង​ការ​ជួយ​ផ្សព្វផ្សាយ​អំពី​ប្រភេទ​កីឡា​រាំ​នេះ​តាម​រយៈ​ក្រសួង​ព័ត៌មាន​ជា​ដើម។​

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​រាំ​បាន​បិទ​បញ្ចប់​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​ហើយ​កាល​ពី​ថ្ងៃ​ទី៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ ជា​មួយ​គ្នា​នោះ​ដែរ​ឯកឧត្ដម​ ខៀវ​ កាញារីទ្ធ​ ប្រធាន​កិត្តិយស​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ក៏​បាន​អញ្ជើញ​ចូលរួម​បំពាក់​មេដាយ​ដល់​កីឡាករ​ កីឡា​ការិនី​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម