ទំនប់ដូនទ្រី ដែល​ប្រើបច្ចេកទេស​ជីករូងភ្នំ​មិនធ្លាប់មាន​នៅកម្ពុជា ពេលសង់រួច​នឹងអាច​ស្រោចស្រព​លើផ្ទៃដីកសិកម្ម​ជាង ៣ម៉ឺនហិកតា

  • 2024-04-29 07:57:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង​អភិវឌ្ឍន៍​ទំនប់ដូនទ្រី​ ជាប្រព័ន្ធធារាសាស្រ្តថ្មីមួយ​ជាប្រវត្តិសាស្រ្ត ដែលសាងសង់​ប្រើប្រាស់​វិធីសាស្រ្តថ្មី​មិនធ្លាប់​អនុវត្ត​នៅក្នុងប្រទេសកម្ពុជា​ នាពេលកន្លងមក​ដូចជា ការជីករូងក្នុងភ្នំ ការជីកថ្ម និង​វិធីសាស្រ្ត​ពង្រឹង​កែច្នៃ​បាតគ្រឹះ​ទំនប់ជាដើម។ នេះបើតាមការថ្លែង​របស់​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តី​ក្រសួងធនធានទឹក និងឧតុនិយម ក្នុងអំឡុងពេល​អមដំណើរគណៈប្រតិភូដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ចុះពិនិត្យគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ​២០២៤។

គិតមកដល់ពេលនេះ វឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីសម្រេចបានប្រមាណ៧៩ភាគរយ ហើយ បន្ទាប់ពី​បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ និងគ្រោងបញ្ចប់នាខែតុលា ឆ្នាំ២០២៥ខាងមុខនេះ។ គម្រោងនេះទទួលបានកម្ចីសម្បទានពីសាធារណរដ្ឋកូរ៉េ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រោយពេលសាងសង់រួច គម្រោងនេះនឹងមានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពសម្រាប់បង្កើនផលិតផលកសិកម្មលើផ្ទៃដីប្រមាណ ៣៣ ០០០ ហិកតា នៅរដូវវស្សា និង ៤ ៥០០ ហិកតា នៅរដូវប្រាំង ព្រមទាំងរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម។

ហេដ្ឋារចនាសម្ព័ន្ធការងារសំខាន់រួមមាន៖ ទី១)ទំនប់មេប្រវែង៦៥៤ម៉ែត្រ ទី២)សំណង់បង្ហៀរប្រវែង៤១៤ម៉ែត្រ ទី៣) រូងទូនេលពង្វាងទឹករាងជាក្រចកជើងសេះប្រវែង៤៦២ម៉ែត្រ ទី៤)សំណង់គ្រប់គ្រងទឹកជាប្រភេទសំណង់ប៉មមានទ្វារទឹកច្រើនថ្នាក់ ដែលមានទ្វារទឹកចំនួន៥ និងស្ពានសម្រាប់ឆ្លងទៅប៉មប្រវែង ៥៥ម៉ែត្រ ទី៥)ផ្លូវក្រាលថ្មភ្នំប្រវែង ១៧,៣គីឡូម៉ែត្រ និងទី៦)សំណង់ដោះទឹកចំនួន ៨កន្លែង និងស្ពានបណ្តោះអាសន្នចំនួន ៣កន្លែង។

សម្ដេចក្រឡាហោម ស ខេង ឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងនូវការកោតសរសើរដល់ការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅក្នុងខេត្តបាត់ដំបង និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្មរបស់ក្រសួងធនធានទឹក និងឧតុនិយមក្នុងការដោះស្រាយបញ្ហាទឹក និងធានាដល់ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ការបង្កបង្កើនផលស្រូវ ដំណាំគ្រប់ប្រភេទ និងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ដែលជាផ្នែកមួយជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈវិស័យទឹក៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

អត្ថបទពេញនិយម