គម្រោង​ «ព្រែកជីក​ហ្វូណនតេជោ» បោះជំហាន​ដល់ណាហើយ?

  • 2023-10-12 02:06:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេចក្ដីព្រាង​កិច្ចព្រមព្រៀង​ក្របខណ្ឌ (FA) នៃ​គម្រោង «ព្រែកជីក​ហ្វូណន​តេជោ» ត្រូវបាន​លើកយក​មកពិនិត្យ​ពិភាក្សាហើយ​រវាងគណៈកម្មការអន្តរក្រសួង និងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន(CRBC) កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ​២០២៣។ នេះ​បើតាម​ការចុះ​ផ្សាយ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា។

កិច្ចប្រជុំ​នេះ មានការអញ្ជើញចូលរួមពី​ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន(CRBC) ដឹកនាំដោយលោក Zhou Yong។ ក្នុងអង្គពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំស្ថាប័ន នៃគណៈកម្មការអន្តរក្រសួង និងមន្ត្រីបច្ចេកទេសពីក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន(CRBC) មួយចំនួនផងដែរ។

សេចក្ដីព្រាងកិច្ចព្រមព្រៀងក្របខណ្ឌ (FA) ដែលកំពុងស្ថិតក្នុងការពិនិត្យកែសម្រួលនេះ បន្ទាប់ពីបញ្ចប់ការពិនិត្យនិងចុះហត្ថលេខារួចរាល់ នឹងកំណត់បានកាន់តែច្បាស់ពីសក្ដានុពលនៃគម្រោងព្រែកជីកហ្វូណនតេជោ តាមរយៈការសិក្សាឱ្យកាន់តែស៊ីជម្រៅលើគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ទាំងផលចំណេញផ្នែកសេដ្ឋកិច្ច និងសង្គម។

សូមជម្រាបថា៖ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ត្រូវបានប្រសិទ្ធនាមថាគម្រោង «ព្រែកជីកហ្វូណនតេជោ» នាសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនីតិកាលទី៦ នៃរដ្ឋសភា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ និងបន្តមកនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីដំណើរការអនុវត្តគម្រោងនេះផងដែរ។

គម្រោង​នេះ មាន​ប្រវែង​ប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើម​ពីចំណុចព្រែកតាកែវ​ទន្លេមេគង្គ ឆ្លងកាត់​តាមព្រែក​តាឯក​នៃទន្លេបាសាក់ រួច​ចូល​តាម​ព្រែក​តាហ៊ីង​នៃ​ទន្លេបាសាក់​ស្រុកកោះធំ និង​បន្តរហូតដល់​សមុទ្រខេត្តកែប ពោលគឺ​ត្រូវ​ឆ្លងកាត់​ខេត្ត​ចំនួន៤ រួមមាន ខេត្តកណ្តាល តាកែវ កំពត និងកែប ដែល​មាន​ប្រជាជន​សរុប​ប្រមាណ ១,៦លាននាក់ រស់នៅ​អមសងខាង​ផ្លូវទឹកនេះ។

គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងត្រូវចំណាយទុនវិនិយោគប្រមាណ ១៧០០លានដុល្លារអាមេរិក និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ គម្រោងនេះ នឹងជួយកាត់បន្ថយរយៈពេល និងចម្ងាយនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ដែលត្រូវឆ្លងកាត់តាមកំពង់ផែកៃមែបរបស់វៀតណាមប្រមាណ ៦៩គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែក្រុងព្រះសីហនុ និងប្រមាណ ១៣៥គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែខេត្តកំពត។ គម្រោងនេះ នឹងផ្ដល់ផលចំណេញលើតម្លៃដឹកជញ្ជូនប្រមាណ ១៧០លានដុល្លារអាមេរិក សម្រាប់ទំនិញប្រភេទកុងតឺន័រ ២០ហ្វីត ស្មើនឹង (១TEUs) និងចំណេញប្រមាណ ២២៣លានដុល្លារអាមេរិក សម្រាប់ទំនិញប្រភេទកុងតឺន័រ ៤០ហ្វីត (២TEUs) ដែលតម្លៃនេះ គឺទាបជាងតម្លៃដឹកជញ្ជូននាពេលបច្ចុប្បន្នប្រមាណ ១៦%។

គម្រោង «ព្រែកជីក​ហ្វូណន​តេជោ» នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀតរួមមានដូចជា៖ ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្ដុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តក្រុងភ្នំពេញ និងកំពង់ផែផ្សេងទៀត ការជំរុញការអភិវឌ្ឍទីក្រុង និងនគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕