មូលនិធិអភិវឌ្ឍន៍ជំនាញ៖​ សម្ពោធ​ជា​ផ្លូវការ​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ(SDF)ក្រោម​ប្រធានបទ​ “អភិវឌ្ឍ​ជំនាញ​, អភិវឌ្ឍ​អាជីវកម្ម,​ អភិវឌ្ឍ​ខ្លួន​យើង​ទាំង​អស់​គ្នា”​

  • 2024-01-30 08:53:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មូលនិធិអភិវឌ្ឍន៍ជំនាញ ត្រូវបានបង្កើតឡើង ដំបូង ជាគម្រោងសាកល្បង ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីខែមីនា ឆ្នាំ២០១៨ ក្នុងគោលបំណងធ្វើតេស្ដសាកល្បង យន្ដការថ្មី និងមានលក្ខណៈនវានុវត្តន៍ ដើម្បី  ប្រមូល, គ្រប់គ្រង និងបែងចែក ធនធានទាំងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ សំដៅចូលរួមដោះស្រាយបញ្ហាកង្វះហិរញ្ញប្បទាន(Funding Gap) និងបញ្ហាកង្វះជំនាញ (Skills Gap) ក្នុងគោលដៅពង្រឹងគុណភាព និងពង្រីកវិសាលភាពនៃការអភិវឌ្ឍជំនាញឱ្យត្រូវនឹងតម្រូវការវិស័យឯកជន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ តាមរយៈយន្តការចែករំលែកថ្លៃ និងការចូលរួមបណ្តុះបណ្តាលដោយផ្ទាល់ ពីសំណាក់វិស័យឯកជន ។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

បន្ទាប់ពីអនុវត្តអស់រយៈពេល ៥ ឆ្នាំកន្លងមក ដោយទទួលបានទំនុកចិត្តខ្ពស់ពីក្រសួងស្ថាប័នពាក់ព័ន្ធ,​ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ រាជរដ្ឋាភិបាលបានប្រែក្លាយគម្រោងនេះ ទៅស្ថាប័នអចិន្ត្រៃយ៍ តាមរយៈអនុក្រឹត្យលេខ ៩៧ អនក្រ.បក ចុះថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២៣ ដែលក្រុមប្រឹក្សាបរធនបាលមានតំណាងមកពី ក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន។

ឯកឧត្ដមបណ្ឌិត ផាន់ ផល្លា

មូលនិធិអភិវឌ្ឍន៍ជំនាញមានបេសកកម្ម ជម្រុញ និងលើកទឹកចិត្ត ដល់ វិស័យឯកជន ដែលមានតម្រូវការជំនាញ និងគ្រឹះស្ថានបណ្តុះបណ្តាលដែលមានគុណភាព អោយសហការគ្នារៀបចំកម្មវីធីបណ្តុះបណ្តាល ដែលត្រូវនឹងតម្រូវការ ទីផ្សារការងារជាក់ស្តែង ទាំងបរិមាណ និងគុណភាព។

ទិដ្ឋភាពព្រឹកមិញ

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាន គូសបញ្ជាក់បន្ថែមថា “មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) គឺជាយន្តការបំពេញបន្ថែមលើកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដោយ SDF ដើរតួនាទីជាថ្នាលក្នុងការទាក់ទាញឱ្យផ្នែកដែលមានតម្រូវការជំនាញ (វិស័យឯកជន) ចាប់ដៃគ្នា និងបង្កើតកិច្ចសហការជាមួយផ្នែកផ្គត់ផ្គង់ (គ្រឹះ​ស្ថាន​បណ្តុះបណ្តាល) ដែលមានគុណភាព ក្នុងគោលដៅចុងក្រោយ ដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មជំនាញ ទាំងបរិមាណ និងគុណភាព ដើម្បីឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងពេលបច្ចុប្បន្ន និងអនាគត ។”

ទិដ្ឋភាពព្រឹកមិញ

ជាលទ្ធផល គិតត្រឹមឆ្នាំ២០២៣ សមិទ្ធផលសំខាន់ៗ ដែលមូលនិធិអភិវឌ្ឍន៍ជំនាញសម្រេចបានរួមមាន៖ ទី​១៖ បានផ្សារភ្ជាប់ទំនាក់ទំនង និងបង្កើតកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជនចំនួន ២៩៧ រោងចក្រ សហគ្រាស ទៅនឹងគ្រឹះស្ថានបណ្តុះបណ្តាលទាំងរដ្ឋ ឯកជន និងអង្គការចំនួន ៤៤។   ទី២៖ បានផ្ដល់ថវិកាបដិភាគទៅដល់គម្រោងបណ្ដុះបណ្ដាលចំនួន ១២១ ដែលរៀបចំឡើងដោយវិស័យឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាលដៃគូ ដែលគិតជាទឹកប្រាក់ប្រមាណ ៨,៣ លានដុល្លារ ឬ ៤៨% នៃថ្លៃបណ្តុះបណ្តាលសរុបប្រមាណ ១៧,២ លានដុល្លារ ក្នុងនោះ មានសិក្ខាកាមសរុបប្រមាណ ១៦ 0៧៥ នាក់ (ក្នុងនោះ ស្ត្រី ៣៥%)។    ទី៣៖ បន្ទាប់ពីបណ្តុះបណ្តាលចប់ អត្រាបោះបង់ការសិក្សា មានកម្រិតទាប ត្រឹម ៤%, រីឯអត្រាមានការងារធ្វើ ខ្ពស់ រហូតដល់ ៨៨%, ប្រាក់បៀវត្សមូលដ្ឋានជាមធ្យម ២៤៦ ដុល្លារ និង អត្រាពេញចិត្តរបស់និយោជក ខ្ពស់ រហូតដល់ ៨៥%។

ទិដ្ឋភាពព្រឹកមិញ

បញ្ជាក់​ដែរ​ថា​ កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ (SDF) ក្រោម​ប្រធានបទ​ “អភិវឌ្ឍ​ជំនាញ​, អភិវឌ្ឍ​អាជីវកម្ម,​ អភិវឌ្ឍ​ខ្លួន​យើង​ទាំង​អស់​គ្នា​ ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី៣០​ ខែ​មករា​ ឆ្នាំ​២០២៤​ នៅ​សណ្ឋាគារ​សូហ្វីតែល​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្ដម​អគ្គបណ្ឌិត​សភាចារ្យ​ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ ឯកឧត្ដម​ លោក​ជំទាវ​ អ្នកឧកញ៉ា លោក​ឧកញ៉ា​ តំណាង​ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន គ្រឹះស្ថាន​បណ្ដុះបណ្ដាល ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ជា​ច្រើន៕​

ទិដ្ឋភាពព្រឹកមិញ

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម